ជាតិ
បោះឆ្នោត
សម្ដេចក្រុមព្រះ នឹង​ត្រឡប់មក​កម្ពុជា មុនពេល​បោះឆ្នោត
13, Jul 2018 , 8:59 am        
រូបភាព
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ រូបពីគណនីហ្វេសបុកឈ្មោះ ព័ត៌មានក្រុមព្រះ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ រូបពីគណនីហ្វេសបុកឈ្មោះ ព័ត៌មានក្រុមព្រះ
ដោយ: ថ្មីៗ
​​ភ្នំពេញ​៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​ត្រឡប់មក​កម្ពុជា មុន​ថ្ងៃ​បោះឆ្នោត ខណៈ​ស្ថានភាព​របួស​ព្រះអង្គ បាន​ធូរស្បើយ​ជា​បណ្ដើរៗ​ហើយ​។ នេះ​បើតាម​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ។



​លោក ញ៉េប ប៊ុនជិន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​សម្ដេចក្រុមព្រះ បាន​ធូរស្បើយ​ពីរ​បួស​ច្រើន​ហើយ ដោយ​រង​ចាំតែ​អាការ​ព្រះអង្គ​បាន​រឹងមាំ​ឡើងវិញ​បន្តិច ទ្រង់​នឹង​ត្រឡប់មក​កម្ពុជា​វិញ ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​។

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា​« បច្ចុប្បន្ន​សម្ដេច​បាន​ដោះ​បំពង់​អុកស៊ីសែន​ចេញពី​ច្រមុះ​ហើយ ឯ​របួស​ជើង​និង​ទ្រូង​របស់​ព្រះអង្គ ក៏បាន​ធូរស្បើយ​ច្រើន​ដែរ​។ យ៉ាងណា​ចាំ​ដល់​ទ្រង់​អាច​សម្រួលការ​ដកដង្ហើម ប្រសើរ​ជាង​នេះ​សិន ទ្រង់​នឹង​ត្រឡប់មក​កម្ពុជា​វិញ​»​។​

​មកដល់ពេលនេះ សម្ដេចក្រុមព្រះ មិនទាន់​ដឹង​ពី​មរណៈភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ញ៉េប ប៊ុនជិន ដែល​បាន​បន្ថែមថា ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ខាង​គណបក្ស​មិនទាន់​ទូល​ព្រះអង្គ​ឡើយ ដោយ​អាស្រ័យ​លើ​ខាង​ព្រះបរមរាជវាំង ។

​បើតាម​លោក ញ៉េប ប៊ុនជិន សម្ដេចក្រុមព្រះ​តែងតែ​សួរ​អំពី​ដំណឹង និង​សុខទុក្ខ​របស់​អ្នក​ម្នាង អ៊ុក ផល្លា ជានិច្ច​ដែរ ប៉ុន្តែ​ខាង​គណបក្ស បាន​ត្រឹម​ទូល​ព្រះអង្គ​ថា អ្នក​ម្នាង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​១៧ ខែមិថុនា នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​សម្ដេចក្រុមព្រះ​របួសធ្ងន់ ហើយ​អ្នក​ម្នាង អ៊ុក ផល្លា បាន​បាត់​បង់ជីវិត ៕


Tag:
 បោះឆ្នោត​
 ​សម្ដេចក្រុមព្រះ​
  អ៊ុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com