អន្តរជាតិ
​វេ​ណេ​ស៊ុយ​អេ​ឡា​បូម​ប្រេង​បាន​តិច​បំផុត​មិន​ធ្លាប់មាន​ក្នុងពេល​៣០​ឆ្នាំ​មកនេះ ខណៈ​សេដ្ឋកិច្ច​ជិត​ក្ស័យធន​
13, Jul 2018 , 9:19 am        
រូបភាព
​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ OPEC បាន​វាយតម្លៃថា បរិមាណ​ប្រេង​ឆៅ​ដែល​វេ​ណេ​ស៊ុយ​អេ​ឡា​ផលិត​បាន​រៀងរាល់​ថ្ងៃនេះ​គឺ​ធ្លាក់ចុះ​ទាប​បំផុត​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​នា​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ការធ្លាក់ចុះ​បរិមាណ​ប្រេង​នេះ​កើតឡើង​ស្របពេល​ដែល​រដ្ឋ​អាមេរិក​ឡាទីន​នេះ​បន្ត​ប្រឈម​បញ្ហានយោបាយ និង​រឹតរួត​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​។



​បើតាម​របាយការណ៍រ​បស់​អង្គការ OPEC ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​AFP វេ​ណេ​ស៊ុយ​អេ​ឡា​ផលិត​ប្រេង​បាន​ត្រឹម​ប្រហែល ១,៥​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដែល​វា​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​មួយ​មិន​ធ្លាប់មាន​។

​ក្នុងអំឡុង​ឆ្នាំ ២០០២ និង ២០០៣ បរិមាណ​ប្រេង​ឆៅ​ដែល​រដ្ឋ​សង្គមនិយម​នេះ​ផលិត​បាន​ធ្លាក់ចុះ​ខ្លាំង​ដែរ ប៉ុន្តែ​កាលនោះ​វា​ធ្លាក់ចុះ​តែមួយ​ស្របក់​ប៉ុណ្ណោះ​ដោយសារតែ​វា​មាន​ចលនា​បាតុកម្ម​តវ៉ា​របស់​កម្ម​ករ​រោងចក្រ​ឧស្សាហកម្ម​។

​តាមពិតទៅ ថវិកា​ប្រហែល ៩៦​ភាគរយ​នៃ​ចំណូល​សរុប​ដែល​វេ​ណេ​ស៊ុយ​អេ​ឡា​រកបាន​គឺ​បាន​ពី​ការលក់​ប្រេង​ឆៅ ប៉ុន្តែ​បញ្ហានយោបាយ និង​សម្ពាធ​ពី​បរទេស​លើ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ​ពិបាក​នាំ​ប្រេង​ចេញទៅ​លក់​នៅ​ទីផ្សារ​បរទេស​ផង​។​

​បច្ចុប្បន្ននេះ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ធ្លាប់ជា​ប្រទេស​មាន​ជាងគេ​មួយ​នៅ​អាមេរិក​ឡាទីន កំពុង​បន្ត​ប្រឈម វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ បើតាម​របាយការណ៍ មូលនិធិ​រូបី​យ​អន្តរជាតិ IMF សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​អាច​នឹង​ក្ស័យធន ហើយ​វា​ជា​រឿង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នេះ​។ ទំហំ​សេដ្ឋកិច្ច​រួម​តូច​អស់​ទំហំ​ប្រហែល ៤៥​ភាគរយ​រាប់​ចាប់ពី​ឆ្នាំ ២០០៣ ខណៈដែល​អតិផរណា​កើនឡើង​ដល់​លើស ពី​១៣០០០ ភាគរយ​ឯណោះ​។  ចំណែក​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​វិញ​បន្ត​ប្រឈម​កង្វះខាត​ចំណីអាហារ​បរិភោគ និង​ថ្នាំសង្កូវ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ទៀត​។

​យ៉ាងណាក៏ដោយ កាលពី​ថ្មីៗ​នេះ ក្នុង​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ស្រប​ពេលដែល​តម្លៃ​ប្រេង​ឆៅ​កំពុង​ងើបក្បាលឡើង​វិញ​នោះ លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​នោះបាន​ឆ្លៀត​ប្រាប់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រេង និង​ក្រុមហ៊ុន​ប្រេង​រដ្ឋ PDVSA ឲ្យ​ជំរុញ​ការ​បូម​ប្រេង​ឲ្យ​បាន​ទ្វេដង​ថែមទៀត​។

​អ្នកនយោបាយ​ដែល​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ចាត់ទុកថា​ផ្តាច់ការ​នេះ ចង់​បង្កើន​ការផលិត​ឲ្យ​បាន ១ លាន​បារ៉ែល​បន្ថែមទៀត​ក្នុង​មួយថ្ងៃ​នាពេល​ឆាប់ៗ​នេះ ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​លោក​ស្វែងរក​ជំនួយ​ពី​អង្គការ OPEC និង​ប្រទេស​មហាអំណាច​ដូចជា​រុស្ស៊ី ចិន និង​រដ្ឋ​សេដ្ឋី​ប្រេង​អារ៉ាប់​ផងដែរ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​បូម​ប្រេង​នេះ​ផង​។

​បើទោះបីជា​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ប្រទេស​ដែលមាន​ប្រេង​បម្រុង​ច្រើនជាងគេ​នៅលើ​ពិភពលោក​ក៏ដោយ ក៏​ប្រទេស​នេះ​មិនអាច​បូម​ប្រេង​បាន​ច្រើន​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដែរ​។ ក្រៅពី​ពិបាក​ជួញដូរ​ជាមួយ​ពិភព​ខាងក្រៅ វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​ប្រឈម​នឹង​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សម្រាប់​បង្កើន​ការ​បូ​ប និង​ដឹកជញ្ជូន​ប្រេង​នៅឡើយ​៕


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  ប្រេង​ឆៅ​
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com