កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកនយោបាយក្រូអាស៊ីនាំគ្នាពាក់អាវជម្រើសជាតិទៅធ្វើការ
× បន្ទាប់ពីក្រូអាស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាប្រវត្តិសាស្ត្រក្រោយឈ្នះអង់គ្លេស ២-១ នៅម៉ោងបន្ថែម ក្រុមអ្នកនយោបាយ បាននាំគ្នាពាក់អាវក្រុមជម្រើសជាតិទៅធ្វើការ ដើម្បីបន្តលើកទឹកចិត្តដល់ក្រុមដែលត្រៀមខ្លួនសម្រាប់ជំនួបផ្តាច់ព្រ័ត្រជាមួយបារាំង នាថ្ងៃអាទិត្យ។
រូបភាពក្នុងកិច្ចប្រជុំមួយដែលផ្សាយដោយ Plushng.Com បានបង្ហាញឲ្យឃើញក្រុមអ្នកនយោបាយពាក់ខ្លះពាក់អាវជម្រើសជាតិពីផ្ទះតែម្តង រីឯអ្នកខ្លះទៀតពាក់ពីលើអាវប្រចាំថ្ងៃរបស់ខ្លួន។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ីដែលដឹកនាំដោយគ្រូបង្វឹកលោក Zlatko Dalic ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ បើគិតចាប់តាំងពីពួកគេផ្តាច់ចេញពីអតីតយូហ្គោស្លាវី នៅឆ្នាំ១៩៩១ ។ វាជាកំណត់ត្រាថ្មីផងដែរក្នុងប្រវត្តិសាស្ត្រដែលក្រុមជម្រើសជាតិមានពលរដ្ឋតែក្នុងរង្វង់ជាង៤លាននាក់ បានដល់វគ្គផ្តាច់ព្រ័ត្រ World Cup។
កាលពីឆ្នាំ១៩៩៨ ពួកគេបានបង្ហាញខ្លួនលើកដំបូង ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅទឹកដីបារាំង។ នាថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ខាងមុខ ពួកគេត្រូវប៉ះជាមួយក្រុមមាន់គកបារាំង ដើម្បីដណ្តើមយកជើងឯក៕
ប្រភពរូបភាពទាំងអស់៖ Plushng.Com
© រក្សាសិទ្ធិដោយ thmeythmey.com