អន្តរជាតិ
អតីត​រដ្ឋ​យូ​ហ្គោ​ស្លា​វី​«​ម៉ា​សេ​ដ្វា​ន​ខាងជើង​»​ត្រៀម​ចូល​ជា​សមាជិក​ណា​តូ ប៉ុន្តែ​រុស្ស៊ី​ប្រឹង​ទប់ស្កាត់
13, Jul 2018 , 11:08 am        
រូបភាព
​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ប្រកាស​ស្វាគមន៍​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន ឬ ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia) ឲ្យ​ចាប់ផ្តើម​ចរចា​ចូលរួម​ជា​សមាជិក​អង្គការ​សន្តិសុខ​តំបន់​នេះ បន្ទាប់ពី​បញ្ចប់​រាល់​នីតិវិធី​នានា​ពាក់ព័ន្ធ​នឹង​ការប្តូរឈ្មោះ​ខ្លួន​នោះ​។ ប៉ុន្តែ​ខ្លាឃ្មុំ​រុស្ស៊ី​មិន​ចង់​ឲ្យ​អតីត​រដ្ឋ​យោ​ហ្គោ​ស្លា​វី​ដែល​ធ្លាប់​ស្ថិតក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់ខ្លួន​នោះ​ចូលទៅ​រួមរស់​ជាមួយ​ណា​តូ​ឡើយ​។



​បន្ទាប់ពី​កិច្ចប្រជុំ​មេដឹកនាំ​ណា​តូ​បញ្ចប់ទៅ​នៅ​ព្រុ​ច​សែ​ល​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែកក្កដា ប្រធាន​បក្សសម្ព័ន្ធ​យោធា​នេះ​គឺ​លោក Jens Stoltenberg បានប្រកាសថា ទ្វារ​ចំហ​រង់ចាំ​ជានិច្ច​ចំពោះ​សមាជិក​ថ្មី​។ ស្ថាប័ន​លោក​ក៏បាន​អញ្ជើញ​រដ្ឋាភិបាល​ក្រុង​ស្កុប​ជេ​ឲ្យ​ចាប់ផ្តើម​ពិភាក្សា​លើ​សមាជិកភាព​របស់ខ្លួន​ក្នុង​បក្សសម្ព័ន្ធ​យោធា​នេះដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP៖«​ទ្វារ​ណា​តូ​នៅ​បើកចំហ​បច្ចុប្បន្ន និង​ពេលអនាគត​ផង​ក្នុងការ​ស្វាគមន៍​សមាជិក​ថ្មី​។ យើង​ឯកភាពគ្នា​អញ្ជើញ​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន​ខាងជើង​ឲ្យ​ចាប់ផ្តើម​ពិភាក្សាគ្នា​លើ​ការចូលរួម​ជា​សមាជិក​ថ្មី​នេះ​»​។

​លោក​បាន​បន្ត​ដូច្នេះ​៖«​កាលណា​បើ​រាល់​នីតិវិធី​ថ្នាក់ជាតិ​របស់​ម៉ា​សេ​ដ្វា​ន​ខាងជើង​ត្រូវបំពេញ​រួចរាល់​តាម​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះ​នោះ ពេលនោះ​ប្រទេស​នេះ​នឹងចូលរួម​ជាមួយ​ណា​តូ​បាន​ដោយ​ក្លាយជា​សមាជិក​ទី ៣០»​។

​ភ្លាមៗ​នោះ នាយករដ្ឋមន្ត្រី​ម៉ា​សេ​ដ្វា​ន​ខាងជើង​លោក លោក សូ​រាន សា​អេ​វ (Zoran Zaev)​បាន​ថ្លែង​ស្វាគមន៍​គោលជំហរ​របស់​អង្គការ​ណា​តូ និង​អះអាងថា វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​នៃ​អតីត​រដ្ឋ​យូ​ហ្គោ​ស្លា​វី​មួយ​នេះដែរ ។​

«​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​និង​អស្ចារ្យ​ណាស់​សម្រាប់​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​។ ខ្ញុំ​សន្យាថា យើង​នឹង​នាំ​ដំណឹង​ល្អ​កាន់តែច្រើន​នៅពេល​ខាងមុខ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​យើង និង​ប្រទេស​របស់​យើង​។ ទ្វារ​ដែល​ឆ្ពោះទៅ​ក្លាយជា​សមាជិក​ណា​តូ​កំពុងបើក​រង់ចាំ​យើង​ហើយ​»​។ លោក សា​អេ​វ បានប្រកាស​ដូច្នេះ​។

​ការចូល​ជា​សមាជិក​នៃ​គ្រួសារ​ណា​តូ ជា​ក្តី​ស្រមៃ​របស់​ម៉ា​សេ​ដ្វា​ន​ខាងជើង​យូរ​មកហើយ​។ ប៉ុន្តែ​ជម្លោះ​រឿង​ឈ្មោះ​ដ៏​ច​ម្រូ​ចម្រាស​រវាង​ប្រទេស​នេះ និង​ប្រទេសជិតខាង​របស់ខ្លួន​គឺ​ក្រិ​ក​នោះបាន​ក្លាយជា​ឧបសគ្គ​រារាំង​ម៉ា​សេ​ដ្វា​ន​ខាងជើង​រហូតមកដល់​ពេលនេះ​។​

​ប៉ុន្តែ​កាលពី​ខែមិថុនា រដ្ឋាភិបាល​ក្រុង​ស្កុប​ជេ បាន​ឯកភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​អា​តែ​ន ក្នុង​ការចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ជិត​បី​ទសវត្សរ៍​រឿង​ឈ្មោះ​ប្រទេស​នេះ​។ តាម​កិច្ចព្រមព្រៀង​នេះ​ប្រទេស​ម៉ា​សេ​ដ្វា​ន (Macedonia) ឯកភាព​ប្តូរ​ឈ្មោះ​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia) ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង​ទឹកដី​មួយ​របស់​ក្រិ​ក​ដែលមាន​ឈ្មោះថា ម៉ា​សេ​ដ្វា​ន​ដែរនោះ​។​

​ជម្លោះ​រឿង​ឈ្មោះ​នេះ​ផ្ទុះឡើង​ខ្លាំង​ក្នុង​ឆ្នាំ ១៩៩៤​។ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​នា​ឆ្នាំ​នោះ រដ្ឋាភិបាល​ក្រុង​អាថែន បានសម្រេច​ដាក់​ការហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​ស្កូ​ប​ជេ និង​ប្រកាសថា គោលនយោបាយ​របស់រ​ដ្ឋ​ស្លា​វ (Slavic State) មួយ​នេះ​កំពុង​បង្កើត​គ្រោះថ្នាក់​ធំ​ដល់​ប្រទេស​ក្រិ​ក​ផង​។ ចាប់ពីពេលនោះ​មក​ប្រទេសជិតខាង​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំឡើយ​ដោយសារតែ​ឈ្មោះ​នេះ ហើយ​ក្រិច​តែង​ជំទាស់​ការចរចា​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​របស់​ម៉ា​សេ​ដ្វា​ន​ជានិច្ច​។​

-​រុស្ស៊ី​ក្រពុលមុខ ខណៈ​ម៉ា​សេ​ដ្វា​ន​ខាងជើង​កាន់តែ​កៀក​នឹង​ទ្វារ​ចូល​ណា​តូ​

​វា​ច្បាស់​ណាស់​ថា ម៉ា​សេ​ដ្វា​ន​ខាងជើង​អាច​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ណា​តូ​នៅពេល​ខាងមុខ ខណៈដែល​ទំនាក់ទំនង​ទេ្វ​ភាគី​ជាមួយ​ក្រិ​ក​ចាប់ផ្តើម​ល្អប្រសើរ​នោះ​តាមរយៈ​ការបញ្ចប់​ជម្លោះ​រៀង​ឈ្មោះ​។ ប៉ុន្តែ​រុស្ស៊ី​ឯណោះ​កំពុង​ក្រពុលមុខ ព្រោះ​មហាអំណាច​អាស៊ី​-​អឺរ៉ុប​នេះ​ចាត់ទុក​ការពង្រីក​ទឹកដី​របស់​ណា​តូ​នៅតាម​ព្រំដែន​ខ្លួន​តាមរយៈ​ការទទួល​សមាជិក​ថ្មី​នោះ​ជា​រឿង​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ខ្លួន​។​

​ឆ្លើយតប​នឹង​ការប្រកាស​ស្វាគមន៍​ម៉ា​សេ​ដ្វា​ន​ខាងជើង​របស់​ណា​តូ​នេះ ក្រសួងការបរទេស​រុស្ស៊ី​បាន​ត្អូញត្អែរ ហើយ​អះអាងថា ជំហរ​ណា​តូ​នឹងធ្វើ​ឲ្យ​មានការ​បែកខ្ញែក​គ្នា និង​បង្កើន​ភាព​តានតឹង​កាន់តែខ្លាំង​នៅ​អឺរ៉ុប​ថែមទៀត​។​

​យ៉ាងណា​ក៏ដោយចុះ ក្រិ​ក និង​ម៉ា​សេ​ដ្វា​ខាងជើង​តាំងពីដើម​សប្តាហ៍​នេះ​បាន​ចោទប្រកាន់​ដោយ​ចំហ​រថា រុស្ស៊ី​បាន​ព្យាយាម​លូកដៃ​ចូល​រារាំង​ការចរចា​ដោះស្រាយ​ជម្លោះ​រឿង​ឈ្មោះ​រវាង​ប្រទេស​ទាំងពីរ​កន្លងមក​។ ដើម្បី​ព្រមាន​រុស្ស៊ី រដ្ឋាភិបាល​ក្រិ​ក​ប្រកាស​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ពីរ​នាក់ និង​ដាក់​បម្រាម​មន្ត្រី​ទូត​រុស្ស៊ី​ពីរ​នាក់​ផ្សេងទៀត​ចូល​ទឹកដី​ខ្លួន​ដែរ​។​

​បើតាម​សារព័ត៌មាន The Guardian កាលពី​ថ្ងៃ ៦ ខែកក្កដា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រិ​កបាន​ទម្លាយ​ថា គេ​រកឃើញ​ភ័ស្តុតាង​ដែល​បង្ហាញថា រុស្ស៊ី​ជំរុញ​ឲ្យ​មា​នន​ចលនា​ប្រឆាំង​តវ៉ា​នឹង​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះ ក្នុងនោះ​មានការ​ផ្តល់​លុយកាក់​ដល់​អ្នក​ដែល​ចេញមុខ​ប្រឆាំង​ផងដែរ​។​

​ថ្ងៃ​បន្ទាប់ នាយករដ្ឋមន្ត្រី​ម៉ា​សេ​ដ្វា​ន​ខាងជើង​លោក សូ​រាន សា​អេ​វ វិញ​បាន​ថ្លែង​ទៅកាន់​អង្គប្រជុំ​មេដឹកនាំ​ណា​តូ​ថា លោក​ផ្ទាល់​បានដឹងថា រុស្ស៊ី​ពិតជា​នៅ​ពីក្រោយ​ចលនា​តវ៉ា​ខ្លះ​មែន​នៅក្នុង​ប្រទេស​លោក​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ទោះជា​បែបណា​ក្តី រដ្ឋ​ម៉ា​សេ​ដ្វ​ខាងជើង​មិន​ស្វែងរក​ជម្លោះ​ជាមួយ​អ្នកណា​ឡើយ​។​

​តាមពិតទៅ​រុស្ស៊ី​លួច​គាំទ្រ​ក្រុម​នយោបាយ​នៅ​ក្រិ​ក និង​ម៉ា​សេ​ដ្វា​ន​ខាងជើង​ឲ្យ​បន្ត​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការបង្កើត​កិច្ចព្រមព្រៀង​ដោះស្រាយ​ជម្លោះ​នោះ​វា​មិនមែនជា​រឿង​ចម្លែក​ឡើយ​។ វា​ជា​យុទ្ធសាស្ត្រ​រារាំង ម៉ា​សេ​ដ្វា​ន​ខាងជើង មិន​ឲ្យ​ក្លាយជា​សមាជិក​ថ្មី​របស់​ណា​តូ​។  រុស្ស៊ី​មិនដែល​ត្រេកអរ​ឡើយ​ពេល​បណ្តា​អតីត​រដ្ឋ​សហភាពសូវៀត និង​រដ្ឋ​ផ្សេងទៀត​ដែល​ធ្លាប់​ស្ថិតក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់ខ្លួន​ងាក​ទៅ​ជ្រក​ក្រោម​ស្លា​កណា​តូ​ឡើយ​។​

​រុស្ស៊ី​បច្ចុប្បន្នកំពុង​ព្យាយាម​ទប់ទល់​នឹង​ការកសាង​កម្លាំង​របស់​ណា​តូ ដោយ​ការបង្កើន​វត្តមាន​ខាង​ទ័ព និង​សព្វាវុធ​របស់ខ្លួន​នៅតាម​ព្រំដែន និង​រៀបចំ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នោះ​។ ចលនា​នេះ​កើតឡើង​ឥតមាន​ឈប់ឈរ​ចាប់ពី​ពេលដែល​រុស្ស៊ី​ឈ្លានពាន​ហ្ស​ក​ហ្ស៊ី​ក្នុង​ឆ្នាំ ២០០៨ និង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​រួមទាំង​ត្របាក់​យក​គ្រី​មៀ​ក្នុង​ឆ្នាំ ២០១៤ នោះ​៕




Tag:
 ម៉ា​សេ​ដ្វា​ន​ខាងជើង​
  រុស្ស៊ី​
  ណា​តូ​
  ក្រិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com