អន្តរជាតិ
អតីតរដ្ឋយូហ្គោស្លាវី«ម៉ាសេដ្វានខាងជើង»ត្រៀមចូលជាសមាជិកណាតូ ប៉ុន្តែរុស្ស៊ីប្រឹងទប់ស្កាត់
× បក្សសម្ព័ន្ធយោធាណាតូប្រកាសស្វាគមន៍សាធារណរដ្ឋម៉ាសេដ្វាន ឬ ម៉ាសេដ្វានខាងជើង (North Macedonia) ឲ្យចាប់ផ្តើមចរចាចូលរួមជាសមាជិកអង្គការសន្តិសុខតំបន់នេះ បន្ទាប់ពីបញ្ចប់រាល់នីតិវិធីនានាពាក់ព័ន្ធនឹងការប្តូរឈ្មោះខ្លួននោះ។ ប៉ុន្តែខ្លាឃ្មុំរុស្ស៊ីមិនចង់ឲ្យអតីតរដ្ឋយោហ្គោស្លាវីដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលផ្តាច់មុខរបស់ខ្លួននោះចូលទៅរួមរស់ជាមួយណាតូឡើយ។
បន្ទាប់ពីកិច្ចប្រជុំមេដឹកនាំណាតូបញ្ចប់ទៅនៅព្រុចសែលថ្ងៃព្រហស្បតិ៍ទី ១២ ខែកក្កដា ប្រធានបក្សសម្ព័ន្ធយោធានេះគឺលោក Jens Stoltenberg បានប្រកាសថា ទ្វារចំហរង់ចាំជានិច្ចចំពោះសមាជិកថ្មី។ ស្ថាប័នលោកក៏បានអញ្ជើញរដ្ឋាភិបាលក្រុងស្កុបជេឲ្យចាប់ផ្តើមពិភាក្សាលើសមាជិកភាពរបស់ខ្លួនក្នុងបក្សសម្ព័ន្ធយោធានេះដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP៖«ទ្វារណាតូនៅបើកចំហបច្ចុប្បន្ន និងពេលអនាគតផងក្នុងការស្វាគមន៍សមាជិកថ្មី។ យើងឯកភាពគ្នាអញ្ជើញរដ្ឋាភិបាលម៉ាសេដ្វានខាងជើងឲ្យចាប់ផ្តើមពិភាក្សាគ្នាលើការចូលរួមជាសមាជិកថ្មីនេះ»។
លោកបានបន្តដូច្នេះ៖«កាលណាបើរាល់នីតិវិធីថ្នាក់ជាតិរបស់ម៉ាសេដ្វានខាងជើងត្រូវបំពេញរួចរាល់តាមកិច្ចព្រមព្រៀងប្តូរឈ្មោះនោះ ពេលនោះប្រទេសនេះនឹងចូលរួមជាមួយណាតូបានដោយក្លាយជាសមាជិកទី ៣០»។
ភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងលោក លោក សូរាន សាអេវ (Zoran Zaev)បានថ្លែងស្វាគមន៍គោលជំហររបស់អង្គការណាតូ និងអះអាងថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជននៃអតីតរដ្ឋយូហ្គោស្លាវីមួយនេះដែរ ។
«ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រនិងអស្ចារ្យណាស់សម្រាប់សាធារណរដ្ឋម៉ាសេដ្វាន។ ខ្ញុំសន្យាថា យើងនឹងនាំដំណឹងល្អកាន់តែច្រើននៅពេលខាងមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង និងប្រទេសរបស់យើង។ ទ្វារដែលឆ្ពោះទៅក្លាយជាសមាជិកណាតូកំពុងបើករង់ចាំយើងហើយ»។ លោក សាអេវ បានប្រកាសដូច្នេះ។
ការចូលជាសមាជិកនៃគ្រួសារណាតូ ជាក្តីស្រមៃរបស់ម៉ាសេដ្វានខាងជើងយូរមកហើយ។ ប៉ុន្តែជម្លោះរឿងឈ្មោះដ៏ចម្រូចម្រាសរវាងប្រទេសនេះ និងប្រទេសជិតខាងរបស់ខ្លួនគឺក្រិកនោះបានក្លាយជាឧបសគ្គរារាំងម៉ាសេដ្វានខាងជើងរហូតមកដល់ពេលនេះ។
ប៉ុន្តែកាលពីខែមិថុនា រដ្ឋាភិបាលក្រុងស្កុបជេ បានឯកភាពជាមួយរដ្ឋាភិបាលក្រុងអាតែន ក្នុងការចុះកិច្ចព្រមព្រៀងមួយដើម្បីឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃជិតបីទសវត្សរ៍រឿងឈ្មោះប្រទេសនេះ។ តាមកិច្ចព្រមព្រៀងនេះប្រទេសម៉ាសេដ្វាន (Macedonia) ឯកភាពប្តូរឈ្មោះទៅជា ម៉ាសេដ្វានខាងជើង (North Macedonia) ដើម្បីកុំឲ្យច្រឡំនឹងទឹកដីមួយរបស់ក្រិកដែលមានឈ្មោះថា ម៉ាសេដ្វានដែរនោះ។
ជម្លោះរឿងឈ្មោះនេះផ្ទុះឡើងខ្លាំងក្នុងឆ្នាំ ១៩៩៤។ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាខ្លាំងនាឆ្នាំនោះ រដ្ឋាភិបាលក្រុងអាថែន បានសម្រេចដាក់ការហ៊ុមព័ទ្ធពាណិជ្ជកម្មប្រឆាំងក្រុងស្កូបជេ និងប្រកាសថា គោលនយោបាយរបស់រដ្ឋស្លាវ (Slavic State) មួយនេះកំពុងបង្កើតគ្រោះថ្នាក់ធំដល់ប្រទេសក្រិកផង។ ចាប់ពីពេលនោះមកប្រទេសជិតខាងទាំងពីរមើលមុខគ្នាមិនចំឡើយដោយសារតែឈ្មោះនេះ ហើយក្រិចតែងជំទាស់ការចរចាចូលជាសមាជិកបក្សសម្ព័ន្ធណាតូ និងសហភាពអឺរ៉ុបរបស់ម៉ាសេដ្វានជានិច្ច។
-រុស្ស៊ីក្រពុលមុខ ខណៈម៉ាសេដ្វានខាងជើងកាន់តែកៀកនឹងទ្វារចូលណាតូ
វាច្បាស់ណាស់ថា ម៉ាសេដ្វានខាងជើងអាចនឹងក្លាយជាសមាជិកថ្មីរបស់ណាតូនៅពេលខាងមុខ ខណៈដែលទំនាក់ទំនងទេ្វភាគីជាមួយក្រិកចាប់ផ្តើមល្អប្រសើរនោះតាមរយៈការបញ្ចប់ជម្លោះរៀងឈ្មោះ។ ប៉ុន្តែរុស្ស៊ីឯណោះកំពុងក្រពុលមុខ ព្រោះមហាអំណាចអាស៊ី-អឺរ៉ុបនេះចាត់ទុកការពង្រីកទឹកដីរបស់ណាតូនៅតាមព្រំដែនខ្លួនតាមរយៈការទទួលសមាជិកថ្មីនោះជារឿងគ្រោះថ្នាក់ខ្លាំងសម្រាប់ខ្លួន។
ឆ្លើយតបនឹងការប្រកាសស្វាគមន៍ម៉ាសេដ្វានខាងជើងរបស់ណាតូនេះ ក្រសួងការបរទេសរុស្ស៊ីបានត្អូញត្អែរ ហើយអះអាងថា ជំហរណាតូនឹងធ្វើឲ្យមានការបែកខ្ញែកគ្នា និងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅអឺរ៉ុបថែមទៀត។
យ៉ាងណាក៏ដោយចុះ ក្រិក និងម៉ាសេដ្វាខាងជើងតាំងពីដើមសប្តាហ៍នេះបានចោទប្រកាន់ដោយចំហរថា រុស្ស៊ីបានព្យាយាមលូកដៃចូលរារាំងការចរចាដោះស្រាយជម្លោះរឿងឈ្មោះរវាងប្រទេសទាំងពីរកន្លងមក។ ដើម្បីព្រមានរុស្ស៊ី រដ្ឋាភិបាលក្រិកប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីពីរនាក់ និងដាក់បម្រាមមន្ត្រីទូតរុស្ស៊ីពីរនាក់ផ្សេងទៀតចូលទឹកដីខ្លួនដែរ។
បើតាមសារព័ត៌មាន The Guardian កាលពីថ្ងៃ ៦ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយក្រិកបានទម្លាយថា គេរកឃើញភ័ស្តុតាងដែលបង្ហាញថា រុស្ស៊ីជំរុញឲ្យមាននចលនាប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀងប្តូរឈ្មោះ ក្នុងនោះមានការផ្តល់លុយកាក់ដល់អ្នកដែលចេញមុខប្រឆាំងផងដែរ។
ថ្ងៃបន្ទាប់ នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងលោក សូរាន សាអេវ វិញបានថ្លែងទៅកាន់អង្គប្រជុំមេដឹកនាំណាតូថា លោកផ្ទាល់បានដឹងថា រុស្ស៊ីពិតជានៅពីក្រោយចលនាតវ៉ាខ្លះមែននៅក្នុងប្រទេសលោក។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ទោះជាបែបណាក្តី រដ្ឋម៉ាសេដ្វខាងជើងមិនស្វែងរកជម្លោះជាមួយអ្នកណាឡើយ។
តាមពិតទៅរុស្ស៊ីលួចគាំទ្រក្រុមនយោបាយនៅក្រិក និងម៉ាសេដ្វានខាងជើងឲ្យបន្តបាតុកម្មតវ៉ាប្រឆាំងនឹងការបង្កើតកិច្ចព្រមព្រៀងដោះស្រាយជម្លោះនោះវាមិនមែនជារឿងចម្លែកឡើយ។ វាជាយុទ្ធសាស្ត្ររារាំង ម៉ាសេដ្វានខាងជើង មិនឲ្យក្លាយជាសមាជិកថ្មីរបស់ណាតូ។ រុស្ស៊ីមិនដែលត្រេកអរឡើយពេលបណ្តាអតីតរដ្ឋសហភាពសូវៀត និងរដ្ឋផ្សេងទៀតដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលផ្តាច់មុខរបស់ខ្លួនងាកទៅជ្រកក្រោមស្លាកណាតូឡើយ។
រុស្ស៊ីបច្ចុប្បន្នកំពុងព្យាយាមទប់ទល់នឹងការកសាងកម្លាំងរបស់ណាតូ ដោយការបង្កើនវត្តមានខាងទ័ព និងសព្វាវុធរបស់ខ្លួននៅតាមព្រំដែន និងរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់នោះ។ ចលនានេះកើតឡើងឥតមានឈប់ឈរចាប់ពីពេលដែលរុស្ស៊ីឈ្លានពានហ្សកហ្ស៊ីក្នុងឆ្នាំ ២០០៨ និងឈ្លានពានអ៊ុយក្រែនរួមទាំងត្របាក់យកគ្រីមៀក្នុងឆ្នាំ ២០១៤ នោះ៕
Tag:
ម៉ាសេដ្វានខាងជើង
រុស្ស៊ី
ណាតូ
ក្រិក
© រក្សាសិទ្ធិដោយ thmeythmey.com