តំណាងរាស្ត្រ​កេ​ន​យ៉ា​២០​រូប​រង​ការ​ចោទថា កិបកេង​លុយ​ពន្ធ​រដ្ឋ​ទៅ​មើល World Cup

English-Français
FIFA
អន្តរជាតិ
តំណាងរាស្ត្រ​កេ​ន​យ៉ា​២០​រូប​រង​ការ​ចោទថា កិបកេង​លុយ​ពន្ធ​រដ្ឋ​ទៅ​មើល World Cup
13, Jul 2018 , 12:03 pm         1513
រូបភាព
សមាជិកព្រឹទ្ធសភាកេនយ៉ាអ្នកស្រី Millicent Omanga ដែលបានបង្ហោះរូបនៅមុខកីឡដ្ឋាន Luzhniki ជាមួយអ្នកគាំទ្រក្រូអាស៊ី
សមាជិកព្រឹទ្ធសភាកេនយ៉ាអ្នកស្រី Millicent Omanga ដែលបានបង្ហោះរូបនៅមុខកីឡដ្ឋាន Luzhniki ជាមួយអ្នកគាំទ្រក្រូអាស៊ី
​ពលរដ្ឋ​កេ​ន​យ៉ា​បាន​ប្រតិកម្ម និង​ខឹងសម្បារ​យ៉ាងខ្លាំង​ក្រោយ​លឺ​ព័ត៌មាន​ថា​សមាជិកសភា​កេ​ន​យ៉ា​ចំនួន​២០​រូប បានធ្វើ​ដំណើរ​ទៅ​មើល​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី ដោយ​កិបកេង​ប្រាក់​បង់ពន្ធ​យកទៅ​ចំណាយ​។



​តំណាងរាស្ត្រ​ទាំង​២០​នាក់​នោះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នឹងត្រូវ​ចំណាយ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​ដើម្បី​ធ្វើដំណើរ​ទៅ​រុស្ស៊ី​។ ពួកគេ​បាន​កក់​សំបុត្រ​ទស្សនា​ចំនួន ៤​ប្រកួត ដែល​ក្នុងនោះ​រួមទាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​បារាំង​ទល់នឹង​ក្រូ​អាស៊ី ដោយ​ត្រូវ​ចំណាយពេល​ស្នាក់នៅ​រុស្ស៊ី​រយៈពេល​២​សប្តាហ៍​ផងដែរ​។​

​ប្រជាជន​កេ​ន​យ៉ា​កើតទុក្ខ​មិន​សុខចិត្ត នៅពេល​ឃើញ​សមាជិក​សមភា​ទាំង​នោះបាន​បង្ហោះ​រូបថត​ខ្លួនឯង​នៅឯ​កីឡដ្ឋាន​មួយ​អំឡុង​ព្រឹ​តិ្ត​ការណ៍ World Cup នោះ​។​

​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ក្នុងចំនោម​នោះ​គឺ​អ្នកស្រី Millicent Omanga ពិតជា​បាន​បង្ហោះ​រូប​នៅមុខ​កីឡដ្ឋាន Luzhniki មុនពេល​ការប្រកួត​រវាង​ក្រូ​អាស៊ី​និង​អង់គ្លេស​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​មើលទៅ​ហាក់ដូចជា​សប្បាយរីករាយ​ណាស់​។​

​រូបភាព​នោះ បានទទួល​ការរិះគន់​យ៉ាងច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ដែលជា​ប្រជាពលរដ្ឋ​របស់​កេ​ន​យ៉ា​។​


​បើតាម​ការបញ្ជា​ក់រប​ស់លោក Rashid Echesa រដ្ឋមន្ត្រី​កីឡា​កេ​ន​យ៉ា​បាន​ប្រាប់ BBC ថា​លោក​បានអនុញ្ញាត​ឲ្យ​សមាជិកសភា​៦​នាក់​ប៉ុណ្ណោះ​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​ជួយ​ស្វែងយល់​ពី​របៀប​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ​។​

​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​ប្រជាជន​កេ​ន​យ៉ា​យល់ថា​ការធ្វើដំណើរ​នេះ​គឺជា​ការ​ខ្ជះខ្ជាយ​លុយកាក់​សម្រាប់​ប្រទេស​ពី​អាហ្វ្រិក​ដែល​ក្រីក្រ​មួយ​នេះ ខណៈ​ចំណូល​ជា​មធ្យម​ក្នុង​ម្នាក់​តែ​១៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ​។​

​កេ​ន​យ៉ា​មិនដែល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ​ហើយ​ក្រុម​នេះ​មាន​ចំណាត់ថ្នាក់​ទី​១១២​ពិភពលោក​របស់ FIFA Ranking​។

​បើទោះជា​ប្រទេស​នេះ​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​កីឡាបាល់ទាត់​ក៏ដោយ តែ​ពួកគេ មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក​លើ​វិស័យ​អត្តពលកម្ម​។ កេ​ន​យ៉ា បានដាក់​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​កីឡាអត្តពលកម្ម​ពិភពលោក​ឆ្នាំ ២០២៣​ទៀតផង​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  កេ​ន​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com