English-Français
អន្តរជាតិ
តំណាងរាស្ត្រកេនយ៉ា២០រូបរងការចោទថា កិបកេងលុយពន្ធរដ្ឋទៅមើល World Cup សមាជិកព្រឹទ្ធសភាកេនយ៉ាអ្នកស្រី Millicent Omanga ដែលបានបង្ហោះរូបនៅមុខកីឡដ្ឋាន Luzhniki ជាមួយអ្នកគាំទ្រក្រូអាស៊ី
× ពលរដ្ឋកេនយ៉ាបានប្រតិកម្ម និងខឹងសម្បារយ៉ាងខ្លាំងក្រោយលឺព័ត៌មានថាសមាជិកសភាកេនយ៉ាចំនួន២០រូប បានធ្វើដំណើរទៅមើលការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup នៅរុស្ស៊ី ដោយកិបកេងប្រាក់បង់ពន្ធយកទៅចំណាយ។
តំណាងរាស្ត្រទាំង២០នាក់នោះត្រូវបានគេប៉ាន់ស្មានថានឹងត្រូវចំណាយខ្ទង់រាប់ម៉ឺនដុល្លារអាមេរិកឯណោះដើម្បីធ្វើដំណើរទៅរុស្ស៊ី។ ពួកគេបានកក់សំបុត្រទស្សនាចំនួន ៤ប្រកួត ដែលក្នុងនោះរួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងបារាំងទល់នឹងក្រូអាស៊ី ដោយត្រូវចំណាយពេលស្នាក់នៅរុស្ស៊ីរយៈពេល២សប្តាហ៍ផងដែរ។
ប្រជាជនកេនយ៉ាកើតទុក្ខមិនសុខចិត្ត នៅពេលឃើញសមាជិកសមភាទាំងនោះបានបង្ហោះរូបថតខ្លួនឯងនៅឯកីឡដ្ឋានមួយអំឡុងព្រឹតិ្តការណ៍ World Cup នោះ។
សមាជិកព្រឹទ្ធសភាម្នាក់ក្នុងចំនោមនោះគឺអ្នកស្រី Millicent Omanga ពិតជាបានបង្ហោះរូបនៅមុខកីឡដ្ឋាន Luzhniki មុនពេលការប្រកួតរវាងក្រូអាស៊ីនិងអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមើលទៅហាក់ដូចជាសប្បាយរីករាយណាស់។
រូបភាពនោះ បានទទួលការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលជាប្រជាពលរដ្ឋរបស់កេនយ៉ា។
បើតាមការបញ្ជាក់របស់លោក Rashid Echesa រដ្ឋមន្ត្រីកីឡាកេនយ៉ាបានប្រាប់ BBC ថាលោកបានអនុញ្ញាតឲ្យសមាជិកសភា៦នាក់ប៉ុណ្ណោះធ្វើដំណើរទៅរុស្ស៊ីដើម្បីជួយស្វែងយល់ពីរបៀបរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រជាជនកេនយ៉ាយល់ថាការធ្វើដំណើរនេះគឺជាការខ្ជះខ្ជាយលុយកាក់សម្រាប់ប្រទេសពីអាហ្វ្រិកដែលក្រីក្រមួយនេះ ខណៈចំណូលជាមធ្យមក្នុងម្នាក់តែ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
កេនយ៉ាមិនដែលបានកៅអីទៅចូលរួមប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រឡើយហើយក្រុមនេះមានចំណាត់ថ្នាក់ទី១១២ពិភពលោករបស់ FIFA Ranking។
បើទោះជាប្រទេសនេះមិនសូវមានឈ្មោះបោះសំឡេងក្នុងវិស័យកីឡាបាល់ទាត់ក៏ដោយ តែពួកគេ មានប្រជាប្រិយភាពបំផុតនៅលើពិភពលោកលើវិស័យអត្តពលកម្ម។ កេនយ៉ា បានដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះជើងឯកកីឡាអត្តពលកម្មពិភពលោកឆ្នាំ ២០២៣ទៀតផង៕
Tag:
បាល់ទាត់
FIFA World Cup
កេនយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com