ប្លែកៗ
អន្តរជាតិ
ពឹង​ជីតា​ឲ្យ​ជួយ​ថតរូប​ភ្ជាប់ពាក្យ ប៉ុន្តែ​គាត់​ថត​សែ​ល​ហ្វី​រហូតដល់​ចប់​កម្មវិធី​
13, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ធីតា
​យុវជន​ម្នាក់​នៅ​រដ្ឋ New Mexico សហរដ្ឋអាមេរិក បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​របស់ខ្លួន​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ ដោយសារតែ​ការរៀបចំ​ទ្រង់ទ្រាយ​តូច​ល្មម គាត់​បាន​ពឹង​ជីតា​ឲ្យ​ជួយ​ថត​វីដេអូ​ឲ្យ​ខ្លួន​តាមរយៈ​ទូរ​សព្ទ​ដៃ​។ ក្តី​រំពឹង​ខុសពី​ការពិត យុវជន​រូបនោះ មិនបាន​ឃើញ​សកម្មភាព​របស់ខ្លួន​ពេល​បំពាក់​ចិញ្ចៀន​ឡើយ តែ​បែរជា​ឃើញ​មុខ​ជីតា​របស់ខ្លួន​ពេញ​មួយ​កម្មវិធី​ទៅវិញ​។



​រស់នៅ​តំបន់ភ្នំ Sandia Peak ក្នុង​រដ្ឋ New Mexico  យុវជន Christopher បានរៀបចំ​កម្មវិធី​ភ្ជាប់ពាក្យ​បែប​រ៉ូ​ម៉​ង់​ទិច​មួយ ដោយមាន​ការចូលរួម​ពី​បងប្អូន មិត្តភក្តិ​មួយចំនួន​។ នៅ​ដំណាក់​កាលដែល​គេ និង​គូ​ដណ្តឹង​ត្រូវ​បំពាក់​ចិញ្ចៀន Christopher បាន​ពឹង​លោក John Hart ឲ្យ​ថត​វីដេអូ​។​



​ខ្វះ​ការ​ប្រុង​ប្រយុទ្ធ ហើយ​ជីតា​មិនសូវ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ផងដែរ​នោះ កាមេរ៉ា​ទូរ​សព្ទ​ដែល Christopher ហុច​ឲ្យ​ជីតា​ខ្លួន គឺ​បើ​កសែ​ល​ហ្វី​ស្រាប់​។ លោក John Hart មិនបាន​ចាប់អារម្មណ៍​នោះឡើយ លោក​កាន់​ទូរ​សព្ទ​បណ្តើរ ថតរូប​បណ្តើរ ដោយ​ភ្នែក​លោក​មិនបាន​ចាប់អារម្មណ៍​លើ​កាមេរ៉ា​នោះឡើយ​។​

​ក្រោយ​ពិធី​ចប់​រួចរាល់ Christopher យក​ទូរ​សព្ទ​ដៃ​ទៅ​មើល​។ គេ​ហួសចិត្ត​យ៉ាងខ្លាំង​ពីព្រោះ​នៅក្នុង​កាមេរ៉ា គេ​មិនឃើញ​រូប​របស់ខ្លួន​នោះឡើយ ផ្ទុយទៅវិញ​វា​ជា​រូបថត​ជីតា​ដែល​ញញឹម​ពេញ​អេក្រង់ និង​រេ​ចុះ​រេ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com