អន្តរជាតិ
លោក ត្រាំ រិះគន់​នាយករដ្ឋមន្ត្រី​អង់គ្លេស​រឿង​ចរចា​លែងលះ​ពី​សហភាព​អឺរ៉ុប​
13, Jul 2018 , 3:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ ជជែកជាមួយលោកស្រី ថេរ៉េសា ម៉េយ៍ មុនពិធីអាហារពេលល្ងាចនៅថ្ងៃទី១២ ខែកក្កដា (រូបភាព AFP)
លោក ដូណាល់ ត្រាំ ជជែកជាមួយលោកស្រី ថេរ៉េសា ម៉េយ៍ មុនពិធីអាហារពេលល្ងាចនៅថ្ងៃទី១២ ខែកក្កដា (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​រិះគន់​ចំៗ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ជុំវិញ​ការចរចា​ចែកផ្លូវ​ជាមួយ​សហភាព​អឺរ៉ុប​។ ក្នុងន័យ​មិន​ពេញចិត្ត​នឹង​របៀប​ចរចា​របស់​លោកស្រី ម៉េ​យ៍ ប្រធានាធិបតី​អាមេរិក​ជឿថា អង់គ្លេស​នឹងមិន​អាច​លែងលះ​ដាច់ស្រេច​ជាមួយ​សហភាព​អឺរ៉ុប​ឡើយ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​។ សម្ដី​រិះគន់​របស់លោក ត្រាំ ប្រៀបដូចជា​សាំង​ចាក់​លើ​ភ្លើង ចំពេល​មតិសាធារណៈ​នៅ​អង់គ្លេស​កំពុង​មិន​រីករាយ​នឹង​រឿងនេះ​ស្រាប់​ផង​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​អង់គ្លេស The Sun ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែកក្កដា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា អង់គ្លេស​នឹងមិន​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើយ បើ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ បន្ត​អនុវត្តតាម​ផែនការ Brexit ទៀត​នោះ​។ ផែនការ Brexit ដែល​គណៈរដ្ឋមន្ត្រី​អង់គ្លេស​អនុម័ត​កាលពី​សប្ដាហ៍​មុន រង​ការ​រិះគន់ថា ទន់ខ្សោយ​ដែល​អាចធ្វើ​ឲ្យ​អង់គ្លេស​នៅ​បន្ត​វា​ក់វិន​ជាមួយ​អឺរ៉ុប​ដដែល​។​

​ក៏​ព្រោះតែ​រឿងនេះ រដ្ឋាភិបាល​អង់គ្លេស​បាន​បាត់បង់​មន្ត្រីជាន់ខ្ពស់​ដល់​ទៅ​បី​រូប ដែល​មិន​ពេញចិត្ត​នឹង​ជំហរ​របស់​លោកស្រី ម៉េ​យ៍ ព្រោះ​អង់គ្លេស​អាច​បាត់បង់​សិទ្ធិ​គ្រប់គ្រង​សេដ្ឋកិច្ច​ដូចដែល​មាននៅ​ពេល​សព្វ​ថ្ងៃនេះ​។ ដោយ​ចង់​សំដៅ​ផែនការ​ចាកចេញ​របស់​អង់គ្លេស លោក ត្រាំ និយាយថា ប្រសិនបើ​អង់គ្លេស​មាន​កិច្ចព្រមព្រៀង​បែប​នោះ​ជាមួយ​អឺរ៉ុប អាមេរិក​នឹង​ទៅ​ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ជំនួស​វិញ ហើយ​វា​នឹង​សម្លាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តែម្ដង​។​

​មិន​ត្រឹម​រិះគន់​គោលនយោបាយ​ឡើយ លោក ត្រាំ ក៏​វាយប្រហារ​លោកស្រី ម៉េ​យ៍ ដែល​មិន​ស្ដាប់​យោបល់​របស់លោក​ជុំវិញ​ការចរចា​នេះ ខណៈ​លោក​ចង់​ឲ្យ​អង់គ្លេស​ជ្រើសរើស​ផ្លូវ​ផ្សេង​ពីនេះ​។ ក្នុង​កិច្ច​សម្ភាស​ដដែល មេដឹកនាំ​អាមេរិក​រូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​អាច​សម្រេច​លទ្ធផល​ខុសពី​នេះ​។ ខ្ញុំ​បា​នប​ប្រាប់​លោកស្រី ម៉េ​យ៍ ពី​មធ្យោបាយ​ដោះ​ស្រា​បញ្ហា​នេះ ប៉ុន្តែ​គាត់​មិន​យល់ស្រប ហើយក៏​មិន​ស្ដាប់​ឡើយ​។ គាត់​បាន​ចង់បាន​ផ្លូវ​ផ្សេង​។​»

​ជុំវិញ​បញ្ហា​នេះ លោកស្រី ម៉េ​យ៍ ផ្ទាល់​ធ្លាប់បាន​និយាយ​ការពារ​ផែនការ Brexit នេះ ដោយ​ថា វា​នឹង​អនុញ្ញាត​ឲ្យ​ចក្រភព​អង់គ្លេស​អាចបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ខែមីនា ឆ្នាំ​២០១៩ ។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស ការចាកចេញ​ពី​សហភាព​អឺរ៉ុប គឺជា​ឱកាស​សម្រាប់​អង់គ្លេស និង​អាមេរិក ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។​

​ការចាក់ផ្សាយ​កិច្ច​សម្ភាស​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក ត្រាំ កំពុង​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅ​អង់គ្លេស​។ បន្ថែម​ពីលើ​ការរិះគន់​លោកស្រី ម៉េ​យ៍ លោក ត្រាំ បែរជា​និយាយថា លោក បូរី​ស ច​ន​សុន ដែល​ទើប​លាលែង​ពី​តំណែង​រដ្ឋមន្ត្រីការបរទេស អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​អស្ចារ្យ​ទៀតផង​។ មេដឹកនាំ​អាមេរិក​ក៏​ឆ្លៀត​រិះគន់​អភិបាលក្រុង​ឡុង​ដ៏ Sadiq Khan ដែល​បើកផ្លូវ​ឲ្យ​មានការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ទស្សនកិច្ច​របស់លោក​ផង​៕


Tag:
 អាមេរិក​
  អង់គ្លេស​
  អឺរ៉ុប​
  Brexit
  ដូ​ណា​ល់ ត្រាំ​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com