អន្តរជាតិ
គីម ផ្ញើ​សំបុត្រ​ឲ្យ ត្រាំ តែ​មិន​និយាយ​រឿង​រំសាយ​នុយក្លេអ៊ែរ​សូម្បី​មួយ​ម៉ាត់​
13, Jul 2018 , 9:39 pm        
រូបភាព
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែកក្កដា បាន​បង្ហោះ​រូបភាព​សំបុត្រ​ដែល​ផ្ញើ​ដោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ អត្ថន័យ​ក្នុង​សំបុត្រ​នេះ​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ តែ​បានលើកឡើង​ពី​ការប្រឹងប្រែង​របស់​មេដឹកនាំ​ទាំងពីរ និង​ក្ដីសង្ឃឹម​ក្នុងការ​ឈានទៅ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​មួយ​ដ៏​ល្អប្រសើរ​។ ប៉ុន្តែ​សម្រាប់​លោក ត្រាំ សំបុត្រ​មួយច្បាប់​នេះ ពិត​ជាមាន​អត្ថន័យ​ធំធេង​ណាស់​។​



​កូរ៉េខាងជើង បានបង្ហាញ​អាកប្បកិរិយា​សោះអង្គើយ​ដាក់​មន្ត្រី​អាមេរិក​រាប់ទាំង​រដ្ឋមន្ត្រី​ការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​ការ​ឲ្យ​មន្ត្រី​អាមេរិក​អង្គុយចាំ​នៅឯ​ជំនួប​មួយ​នៅ​តំបន់​គ្មាន​កងទ័ព​នៅ​ដើម​សប្ដាហ៍​នេះ​។ ប៉ុន្តែ​ចំពោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វិញ កូរ៉េខាងជើង បានបង្ហាញ​ការគោរព​គួរ​ឲ្យ​កត់សម្គាល់​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សំបុត្រ​ឲ្យ​លោក ត្រាំ តាមរយៈ​លោក ប៉ុ​ម​ប៉េ​អូ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ព្យុងយ៉ាង​កាលពី​សប្ដាហ៍​មុន​។​

​តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ បាន​បញ្ចេញ​ខ្លឹមសារ​ក្នុង​សំបុត្រ​លោក គីម ដែល​សរសេរ​ជា​ភាសា​កូរ៉េ និង​បក​ប្រែជា​ភាសា​អង់គ្លេស ហើយ​សរសេរ​សារ​ភ្ជាប់​ថា ដំណើរការ​អស្ចារ្យ​កំពុង​កើតឡើង​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មេដឹកនាំ​កូរ៉េខាងជើង​មិនបាន​លើកឡើង​សូម្បីតែ​បន្តិច​ពាក់ព័ន្ធ​សកម្មភាព​របស់​របប​ក្រុង​ព្យុងយ៉ាង​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ ទោះជា​វា​ជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​ប្រវត្តិសាស្ត្ររ​វា​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១២ ខែមិថុនា នៅឯ​សិង្ហ​បុរី​។​

​ក្នុង​សារ​ភាសា​អង់គ្លេស​ដែលមាន​បួន​កថាខណ្ឌ លោក គីម បាន​សរសើរ​លោក ត្រាំ ដែល​ប្រឹងប្រែង​ជាខ្លាំង​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​រួម​ផង​។ លោក​ចង់​សំដៅ​ដល់​សេចក្ដីថ្លែងការណ៍​ក្រោយ​ជំនួប​នៅ​សិង្ហ​បុរី ដែល​មេដឹកនាំ​ទាំងពីរ​ឯកភាពគ្នា​សម្រេច​ឲ្យ​បាន​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។ លោក គីម ក៏​សង្ឃឹមថា ជាមួយនឹង​ឆន្ទៈ​រឹងមាំ និង​ការស្មោះត្រង់ ការបើកចំហ​អនាគត​រវាង​កូរ៉េខាងជើង និង​អាមេរិក នឹង​លេចចេញ​ជា​ផ្លែផ្កា​មិន​ខាន​។​

​យ៉ាងណាមិញ សារ​របស់លោក គីម ដែលមាន​អត្ថន័យ​វិជ្ជមាន​នេះ ពិតជា​មិនអាច​លាក់បាំង​ការខ្វែងគំនិត​រវាង​កូរ៉េខាងជើង និង​អាមេរិក​លើ​រឿង​លុបបំបាត់​នុយក្លេអ៊ែ​ឡើយ​។ មកទល់ពេលនេះ ក្រុង​ព្យុងយ៉ាង​មិនទាន់​ចាត់វិធានការ​អ្វី​តាម​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​ឡើយ ខណៈ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​រំអុក​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ផង​។ ការទាមទារ​របស់​អា​មេ​រិ​ក​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងសម្បារ​យ៉ាងខ្លាំង និង​ចាត់ទុកជា​សកម្មភាពរ​បស់​ជើងកាង​ទៅទៀត​។​

​ក្រៅពី​សំណុំរឿង​រំសាយ​នុយក្លេអ៊ែរ គេ​ក៏​មិនទាន់​ឃើញ​មាន​លទ្ធផល​អ្វី​ទៀត​ដែរ​លើ​បញ្ហាសំខាន់ៗ​ដែល​ត្រូវបាន​ឯកភាពគ្នា​នៅ​សិង្ហ​បុរី ជាពិសេស​រឿង​បញ្ជូន​ធាតុ​ទាហាន​អាមេរិក​ទៅ​ស្រុកកំណើត​វិញ ទោះជា​លោក គីម សន្យាថា នឹង​ប្រគល់​ឲ្យ​អាមេរិក​វិញ​ក្ដី​។ ក្នុង​សប្ដាហ៍​នេះ មន្ត្រី​កូរ៉េខាងជើង​បាន​ទុក​ឲ្យ​មន្ត្រី​អាមេរិក​អង្គុយចាំ​ឥតប្រយោជន៍​ក្នុងជំនួប​ស្ដីពី​បញ្ហា​មួយ​នេះ​នៅ​តំបន់​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ យ៉ាងណាមិញ ភាគី​ទាំងសងខាង​នឹង​ជួបគ្នា​ម្ដងទៀត​នៅ​ចុង​សប្ដាហ៍​នេះ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com