អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ផ្តាច់​ឲ្យ​អស់​ការផ្គត់ផ្គង់​ប្រេង​ខុសច្បាប់​ឲ្យ​កូរ៉េខាងជើង​ ​
14, Jul 2018 , 10:00 am        
រូបភាព
រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានស្នើ​សុំ​ត្រង់ៗ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​រាល់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ហើយ​ខុសច្បាប់​ដល់​កូរ៉េខាងជើង​ទាំងស្រុង​។ អាមេរិក​បញ្ចេញ​របាយ​ការណ៍​សម្ងាត់​របស់ខ្លួន​ដែល​បាន​រកឃើញថា កូរ៉េខាងជើង​នៅតែ​បំពាន​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ក្នុង​ការនាំ​ប្រេង​ចូល​លើ​កម្រិត ហើយ​ចិន និង​រុស្ស៊ី​ជា​ប្រទេស​ដែល​ចាំ​លក់​ប្រេង​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង​នេះ​រហូតមក​។​



ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​គោលដៅ​ហាមឃាត់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ហើយ​ទៅ​ឲ្យ​កូរ៉េខាងជើង​នោះ​គ្មាន​ប្រសិទ្ធិភាព​ទេ ។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ចំណាត់ការ​បន្ទាប់​បញ្ចប់​ការបំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​នាំ​ប្រេង​ខុសច្បាប់​ចូល​នេះ​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP រដ្ឋបាល​លោក ត្រាំ បាន​បញ្ជូន​របាយការណ៍​សម្ងាត់​មួយ​ទៅកាន់​គណៈកម្មការ​ទណ្ឌ​កម្ម​របស់​អង្គការសហប្រជាជាតិ​ដោយ​របាយការណ៍​នោះ​បង្ហាញថា ប្រេង​ដែល​ច្នៃ​ហើយ​យ៉ាងហោចណាស់ ៧៥៩៧៩២ ប៉ា​រែ​ល​ត្រូវបាន​បញ្ជូន​ទៅកាន់​កូរ៉េខាងជើង​ពី​ខែមករា​ដល់​ចុងខែ​ឧសភា​កន្លងមក​។​

 បរិមាណ​ប្រេង​នេះ​លើស​កូតា​ដែលមាន​កំណត់​ក្នុង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ឆ្ងាយ​ណាស់​។ តាម​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​កាលពី​ខែធ្នូ​ឆ្នាំមុន បរិមាណ​កំណត់​នោះ​គឺ ៥​សែន​បារ៉ែល​ប៉ុណ្ណោះ​ដែល​កូរ៉េខាងជើង​អាច​នាំចូល​សម្រាប់​ប្រេង​កែច្នៃ​ហើយ​។​ចំណែក​ប្រេង​ឆៅ​ដែល​កូរ៉េខាងជើង​អាច​នាំចូល​បាន​គឺ​កម្រិត​មក​ត្រឹម​បួន​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

ក្នុង​របាយការណ៍​សម្ងាត់​នោះ អាមេរិក​អះអាងថា ការផ្គត់ផ្គង់​ប្រេង​ឲ្យ​កូរ៉េខាងជើង​នេះ​ធ្វើឡើង​តាមរយៈ​ការដឹកជញ្ជូន​និង​ផ្ទេរ​តាម​កប៉ាល់​តាម​សមុទ្រ​។ ការដឹកជញ្ជូន​នេះ​ធ្វើឡើង​យ៉ាងតិច ៨៩​ដង​ក្នុង​រយពេល​ប៉ុន្មាន​ខែ​នេះ​។​

សំណើ​ក្រុង​វ៉ាស៊ីនតោន​នឹងត្រូវ​ដាក់ចូល​ឲ្យ​គណៈកម្មការ​ខាងលើ​ត្រួតពិនិត្យ​និង​ពិ​ចា​ណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ចិន និង​រុស្ស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​ជំទាស់​។ កន្លងមក​មហាអំណាច​ទាំង​ពីរបាន​ជំទាស់​រាល់​ការប៉ុនប៉ង​បង្កើន​ទម្ងន់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែរ​។​

អង្គការសហប្រជាជាតិ​រកឃើញថា បើទោះជា​មានទណ្ឌ​កម្ម​ក៏ដោយ កូរ៉េខាងជើង​នៅតែមាន​លទ្ធភាព​ស្វែងរក​ការនាំ​ចូល​ប្រេង​ខុសច្បាប់​បាន​កន្លងមកនេះ​។ ទាក់ទិន​នឹង​បញ្ហា​នេះ អាមេរិក​ក៏​ចង្អុល​ដាក់​មហាអំណាច​ទាំងពីរ​ខាងលើ​ដែរ​ក្នុង​របាយការណ៍​របស់​ខ្លួន​នោះ ព្រោះ​ពួកគេ​បន្ត​លក់​ប្រេង​ឲ្យ​កូរ៉េខាងជើង​ដោយ​មិន​ខ្វល់​នឹង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នោះ​។

តាមពិតទៅ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចា​គ្នា​លើ​ការរំសាយ​សព្វាវុធ​ក្រោយ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​។ កូរ៉េខាងជើង​បានទាមទា​រ​ឲ្យ​ការដក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ឲ្យ​បាន​ឆាប់​ស្រប​ពេលដែល​ខ្លួន​ប្តេជ្ញា​រំសាយ​អាវុធ​របស់ខ្លួន​នោះ​។​

យ៉ាងណាមិញ រដ្ឋបាល​លោក ត្រាំ បានប្រកាស​ហើយ​ថា ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដ៏​តឹងរ៉ឹង​នេះ​នៅតែ​រក្សា​នៅនឹងកន្លែង​រហូតដល់​កូរ៉េខាងជើង​សម្រេច​ជោគជ័យ​ក្នុងការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ដោយមាន​ការពិនិត្យ​ទទួលស្គាល់​ពី​អង្គភាព​ជំនាញ​និង​ឯករាជ្យ​នោះ​។​

Tag:
 ​កូរ៉េខាងជើង​
  ប្រេង​
  អាមេរិក​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com