អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី៖ អន្តរាគមន៍អាមេរិកធ្វើឲ្យប្រជាជនលីប៊ីនិងអ៊ីរ៉ាក់ រងទុក្ខខ្លាំងជាងមេដឹកនាំផ្ដាច់ការទៅទៀត រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov (រូបភាព AFP)
× រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយរិះគន់យុទ្ធនាការរបស់អាមេរិកនៅក្នុងប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើប្រជាជនក្នុងប្រទេសទាំងនោះរងគ្រោះខ្លាំង។ ក្រោមហេតុផលបញ្ចប់របបផ្ដាច់ការនៅលីប៊ី អ៊ីរ៉ាក់ និងស៊ីរីជាដើម អាមេរិកបានធ្វើអន្តរាគមន៍យោធាដើម្បីបណ្ដេញមេដឹកនាំប្រទេសទាំងនេះចេញពីតំណែង។ ប៉ុន្តែលោក Lavrov ជឿថា សកម្មភាពរបស់អាមេរិកធ្វើជនស៊ីវិលស្លូតត្រង់ជួបបញ្ហាកាន់តែលំបាកទៅវិញ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ RT ដែលផ្សយនៅថ្ងៃទី១៣ ខែកក្កដា ប្រមុខការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយការពារអន្តរាគមន៍របស់រុស្ស៊ីក្នុងការជួយគាំទ្ររដ្ឋាភិបាលប្រធានាធិបតីស៊ីរី Bashar Assad ដែលត្រូវលោកខាងលិចចាត់ទុកជាមេដឹកនាំផ្ដាច់ការ។ ក្រោមការដឹកនាំរបស់អាមេរិក កម្លាំងចម្រុះបស្ចិមប្រទេសបានជួយគាំទ្រកម្លាំងឧទ្ទាមដើម្បីទម្លាក់លោក Assad ចេញពីតំណែង ប៉ុន្តែសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនេះ ធ្វើឲ្យប្រជាជនស្លូតត្រង់ជួបបញ្ហាខ្លាំង។
សម្រាប់លោក Lavrov អន្តរាគមន៍យោធារបស់អាមេរិកដែលមានគោលដៅជួយស្រោចស្រង់ជនស៊ីវិលពីកណ្ដាប់ដៃមេដឹកនាំផ្ដាច់ការ ពិតជាបណ្ដាលឲ្យប្រជាជនរងការឈឺចាប់ខ្លាំងជាងសកម្មភាពរបស់មេដឹកនាំដែលលោកខាងលិចហៅថា ជនផ្ដាច់ការទៅទៀត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបក៏បានលើកយកករណីសកម្មភាពយោធាអាមេរិកនៅលីប៊ី និងអ៊ីរ៉ាក់ ដើម្បីទាញភស្តុតាងបញ្ជាក់ពីការរងទុក្ខវេទនារបស់ប្រជាជនក្នុងប្រទេសនេះដែលកើតឡើងដោយអាមេរិកផ្ទាល់។
«ទោះលោក ហ្កាដាហ្វី និងលោក សាដាម ហ៊ូសេន ជាជនផ្ដាច់ការ បើគេប្រៀបធៀបការរងទុក្ខរបស់ប្រជាជនក្រោមការដឹកនាំរបស់អ្នកទាំងពីរ ទៅនឹងស្ថានភាពក្រោយអន្តរាគមន៍មនុស្សធម៌អាមេរិក នោះចំនួនអ្នកស្លាប់ ឬរងរបួស ឬត្រូវបង្ខំឲ្យចាកចេញពីផ្ទះ មានចំនួនរាប់រយពាន់នាក់ច្រើនជាងទង្វើមេដឹកនាំផ្ដាច់ការទៅទៀត»។ នេះជាសម្ដីរបស់លោក Lavrov ដែលសង្កត់ធ្ងន់ថា រុស្ស៊ីមិនបានទទួលស្គាល់ជនផ្ដាច់ការឡើយ។
រដ្ឋមន្ត្រីការបរទេសដ៏មានឥទ្ធិពលនេះបានពន្យល់ជំហររុស្ស៊ីថា រុស្ស៊ីចង់ឲ្យប្រទេសទាំងអស់ចាត់វិធានការដើម្បីធានាថា សកម្មភាពរបស់ពួកគេនឹងមិនមានការធ្វេសប្រហែសឡើយ មុននឹងសម្រេចចិត្តអន្តរាគមន៍នោះ។ ដោយចង់សំដៅអាមេរិក លោក Lavrov បាននិយាយដោយឥតលាក់លៀមថា អ្នកដែលបានបំផ្លាញអ៊ីរ៉ាក់ និងលីប៊ី កំពុងនាំយកស្ថានភាពដូចគ្នាទៅដាក់នៅស៊ីរីដែរ៕
Tag:
រុស្ស៊ី
អាមេរិក
Sergei lavrov
© រក្សាសិទ្ធិដោយ thmeythmey.com