ជាតិ
គរុពហុស្សូតបណ្ឌិត ជិត ជន៖ ចង់រៀនភាសាបរទេសពូកែ គួររៀនភាសាបាលីជាមុន
× គរុពហុស្សូតបណ្ឌិត ជិត ជន គឺជាគ្រូបង្រៀនភាសាបាលី និងសំស្ក្រឹតដែលមានបទពិសោធន៍ជាង៤០ឆ្នាំហើយ។ ក្រៅពីភាសាខ្មែរ លោក ជិត ជន ចេះភាសា៥ទៀត ដែលអាចបកប្រែពីភាសាមួយទៅភាសាមួយទៀត ជាសម្រាយធម្មតា ជាកំណាព្យជាដើម។ ស្ថិតក្នុងវ័យ៨៥ឆ្នាំលោកតារូបនេះ បានណែនាំឱ្យអ្នកមានបំណងរៀនភាសាបរទេសឆាប់ចេះ ត្រូវរៀនភាសាបាលីជាមូលដ្ឋានគ្រឹះសិន ព្រោះវាជាភាសាដើមរបស់ភាសាផ្សេងៗ។
ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀនភាសាផ្សេងទៀត យុវជនគួររៀនភាសាបាលីជាមុនសិន។ នេះជាការលើកឡើងរបស់លោក ជិត ជន ដែលបានបង្រៀនភាសាបាលីនិងសំស្ក្រឹតជាង៤០ឆ្នាំ។ តាមបទពិសោធន៍ខ្លួនលោក ជិត ជន ដំណាក់កាលដំបូងត្រូវរៀន ពីវេយ្យាករណ៍បាលីឲ្យចេះចាំស្ទាត់ និងយល់ច្បាស់ពាក្យ ដើម្បីអាចបំបែកពាក្យនីមួយៗ។ បើតាមលោក ជិត ជន ក្បួននេះ អាចជួយឲ្យយុវជនរៀនភាសាផ្សេងៗឆាប់ចេះផងដែរ។
គរុពហុស្សូតបណ្ឌិតរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ទាល់ពាក្យត្រង់ណាបើកមើលក្នុងវចនានុក្រមភ្លាម សម្រាប់ខ្ញុំ បើខ្ញុំទាល់ពាក្យជាភាសាអង់គ្លេស ខ្ញុំបើកមើលក្នុងវចនានុក្រមអង់គ្លេសហើយ ខ្ញុំរកសេក្ដីពន្យល់ក្នុងភាសាបាលីនិងសំស្ក្រឹតទៀត។ ចាស់ពីដើមពោលថាមុនរៀនបាលី ត្រូវដាំដើមដូងឲ្យបានផ្លែសិន។ រៀនភាសានេះពិបាកណាស់មិនងាយចេះទេ ត្រូវការពេលយូរទើបបានលទ្ធផល ត្រូវការការខិតខំប្រឹងប្រែងខ្លាំង ប៉ុន្តែផលបានមកក៏គាប់ប្រសើរដែរ»។
បច្ចុប្បន្នមរតកមនុស្សរស់រូបនេះ អាចប្រើប្រាស់៥ភាសា ក្រៅពីភាសាកំណើត រួមមានភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេស និងថៃ។ មិនត្រឹមតែចេះប្រើប្រាស់ធម្មតាទេ តែលោកអាចតែងភាសាទាំងនោះជាកំណាព្យពាក្យកាព្យ និងពាក្យរាយបានយ៉ាងល្អ។ «ភាសាបារាំង អង់គ្លេស ថៃ ខ្ញុំរៀនជាមួយគ្រូតែថ្នាក់កុមារឋានទេ ដល់ថ្នាក់បន្ទាប់ខ្ញុំរៀនស្វែងយល់តែខ្លួនឯង។
ភាសាបាលីជាភាសាដើមរបស់ភាសាផ្សេងៗ ដូច្នេះបើចេះភាសាបាលីច្បាស់ហើយ ចង់រៀនភាសាផ្សេងៗទៀតមិនពិបាកទេ»។ នេះជាការបញ្ជាក់របស់ចាស់ព្រឹទ្ធាចារ្យ ជិត ជន ដែលបានលើកទ្រឹស្តីមួយថា «សូមកុំប្រាប់ខ្លួនឯងថា បញ្ញាមិនឈ្លាស ខំរៀនក៏មិនពូកែ ហើយយកភាពខ្ជិលមកដាក់ក្នុងខ្លួននោះមិនត្រូវទេ»៕
Tag:
ជិត ជន
ភាសាបាលី
សំស្ក្រឹត
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com