ជាតិ
​លោក សៅ សុខា បែងចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​ទាំង​១៥​រូប​
14, Jul 2018 , 8:00 pm        
រូបភាព
លោក សៅ សុខា (ស្តាំ) និងលោក ហ៊ុន ម៉ាណែត ។ រូបថត AFP
លោក សៅ សុខា (ស្តាំ) និងលោក ហ៊ុន ម៉ាណែត ។ រូបថត AFP
ដោយ:
​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្ដីទី នៃ​ក្រសួងការពារជាតិ បានចេញ​សេចក្ដីសម្រេច បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ទៅ​នាយ​ឧ​ត្ត​ម​សេនីយ៍ ១២​រូប ឧ​ត្ត​ម​សេនីយ៍​ឯក ១​រូប និង​នាយ​ឧ​ត្ត​មនា​វី ២​រូប​។​

 
​លោក សៅ សុខា ដែល​ទើប​កាន់តំណែង​ជា​អគ្គបញ្ជាការ​ស្តីទី​នៃ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​៩ ខែកក្កដា បាន​ចុះហត្ថលេខា​លើស​ម្រេច​មួយ​ស្តីពី​ការបែងចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព ដោយ​លោក​ផ្ទាល់​មាន​សមត្ថកិច្ច​ក្នុង​ការបញ្ជា​កងយោធពល​ទាំងមូល និង​ជា​អ្នកទទួលខុសត្រូវ​ចាត់តាំង​អនុវត្ត​ភារកិច្ច​ការពារជាតិ​នៃ​រាជរដ្ឋាភិបាល​។ បន្ថែម​ពីលើ​នេះ លោក​ក៏មាន​ភារកិច្ច​ដឹកនាំ​គ្រប់គ្រង​ដោយផ្ទាល់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ទទួល​ផ្ទាល់​លើ​ការងារ​ខុ​ទ្ទ​ការ​ល័យ​ទីចាត់ការ​បុគ្គលិក នាយកដ្ឋាន​ស្រាវជ្រាវ​-​ការ​កិច្ច​ទីចាត់ការ​ហិរញ្ញវត្ថុ និង​ការងារ​អធិការដ្ឋាន​។​
 
​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយ​ស្ដីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្ដីទី​កងទ័ពជើងគោក ទទួល​ភារកិច្ច​ជួយ​អគ្គ​មេ​បញ្ជា​ស្ដីទី​លើក​រា​ងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​កងទ័ពជើងគោក​។ រីឯ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ទទួល​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្ដីទី លើ​ការងារ​ដឹ​នាំ​បញ្ជា និង​គ្រប់គ្រង​ប​បញ្ជាការដ្ឋាន​អង្គរក្ស​។​
 
​សម្រាប់ នាយ​ឧ​ត្ត​មនា​វី អ៊ុង សំខាន់ អគ្គ​មេបញ្ជាការរង ទទួល​ភារកិច្ច​ជួយ​អគ្គមេបញ្ជាការ​ស្ដីទី លើ​ការងារ​សារ​និង​បំភ័ន្ត​អក្ខរៈ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការ​ង ទទួល​ភារ​ជួយ​អគ្គមេបញ្ជាការ​ស្ដីទី លើ​ការងារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​។ 
​ភារកិច្ច​ជួយ​មេបញ្ជាការ​ស្ដីទី លើ​ការងារ​ហ្វឹកហ្វឺន​និង​អប់រំ ព្រមទាំង​ជួយ​ការងារ​ដល់ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយ​ស្ដីទី​សេនាធិការ​ចម្រុះ ក្នុងពេលដែល​កំពុង​បំពេញបេសកកម្ម ជា​បន្ទុក​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​។ ចំណែក​ការងារ​ទំនាក់ទំនង​សាធារណៈ មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេបញ្ជាការរង ជា​អ្នករ៉ាប់រង​។​
 
​អគ្គ​មេបញ្ជាការរង​ផ្សេងទៀត រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍ ឈិន ច័ន្ទ​ពណ៌ ជួយ​មេបញ្ជាការ​ស្តី​លើ​ការងារ​សេនាធិការ​កង​អន្តរាគមន៍ នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន លើ​ការងារ​ព្រំដែន នាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម ដែលជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម ទទួលបន្ទុក​លើ​ការងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​បញ្ជាការដ្ឋាន​វិស្វកម្ម​។ 
 
​មុខងារ​សុខាភិបាល​និង​យេនឌ័រ ជា​បន្ទុក​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ី មន​ដា​រី ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ុយ សា​រិន្ទ ទទួលខុសត្រូវ​លើ​ការងារ​អភិវឌ្ឍន៍ នាយ​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង មេបញ្ជាការ​កងទ័ព​ជើង​អាកាស ទទួលខុសត្រូវ​លើ​ការងារ ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​ទ័ពអាកាស និង​បញ្ជាការដ្ឋាន​ការពារ​អាកាស​។ 
 
​ជួយ​មេបញ្ជាការ​ស្ដីទី លើ​មុខងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​កងទ័ពជើងទឹក ជា​ភារកិច្ច​របស់ នាយ​ឧ​ត្ត​មនា​វី ទៀ វិញ  មេបញ្ជាការ​កងទ័ពជើងទឹក​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស វាសនា អគ្គ​មេបញ្ជាការរង នាយក​ទីចាត់ការ​កល​យុទ្ធ រ៉ាប់រង​លើ​មុខងារ​ផែនការ​និង​ប្រតិបត្តិការ​សឹក រីឯ​មុខងារ​ដឹកនាំ​បញ្ជា និង​គ្រប់គ្រង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ណុប រតនា មេបញ្ជាការ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ជា​អ្នកទទួលខុសត្រូវ​៕

Tag:
 ​ឧ​ត្ត​ម​សេ​នីយ៍​-​ភារកិច្ច​-​បញ្ជាការដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com