ជាតិ
លោក ហង់ ជួន ណារ៉ុន៖ កំណែទម្រង់អប់រំជោគជ័យដោយសារការចូលរួមពីឪពុកម្តាយ អាណាព្យាបាល រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារ និងជូនបណ្ណសរសើរដល់បុគ្គលិកអប់រំ ក្នុងខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា ការងារកំណែទម្រង់ជាវិស័យអប់រំពិតជាធំណាស់ ដើម្បីទទួលបានលទ្ធផលល្អក្នុងរយៈពេល៥ឆ្នាំ ដែលមានការចូលរួមពីសិស្សនៅទូទាំងប្រទេសជាង៣លាននាក់ ឪពុកម្ដាយជាង២លាននាក់ និងគ្រូជាង១សែននាក់ ព្រមទាំងមានការជំរុញបន្ថែមពីរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«ការងារក្នុងវិស័យអប់រំមិនមែនតែរដ្ឋមន្ត្រីក្រសួងអប់រំធ្វើតែម្នាក់ឯងទេ តែវាពាក់ព័ន្ធទៅនឹងមនុស្សជាង ៥លាន១សែននាក់»។
លោក ហង់ ជួន ណារ៉ុន បានថ្លែងបន្តថា បើគ្មានការចូលរួម ពីសិស្ស ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ ព្រមទាំងជំរុញពីរដ្ឋាភិបាល លើកំណែទម្រង់ក្នុងវិស័យអប់រំទេ មិនអាចសម្រេចបានលទ្ធផលល្អក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកឡើយ។ លោក បន្ថែមទៀតថា ការងារនេះដែរ ដើម្បីរៀបចំការប្រឡងមួយ ដែលគោរពនូវគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលដែលអាចទទួលយកបាន ហើយមិនគ្រាន់តែទាមទារការប្ដេជ្ញាចិត្តខ្ពស់នោះទេ ក្នុងនោះដែរក៏ត្រូវអនុវត្តឱ្យបានហ្មត់ចត់ ព្រមគ្នាជាមួយនឹងវិធានការផងដែរ។
នៅក្នុងពិធីខាងលើ ដែលធ្វើឡើងនៅខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២១០៨ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា ការសម្រេចបាននូវកំណែទម្រង់ក្នុងវិស័យអប់រំ ជាមួយគ្នាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ជាដំបូងកំណែទៅលើគ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃសង្គមជាតិ។ លោក សង្កត់ធ្ងន់ថា៖«បើគ្មានគ្រូបង្រៀនទេ គឺគ្មានឡើយធនធានមនុស្ស ដូច្នេះធនធានមនុស្សពិតជាសំខាន់ណាស់»។
លោក និយាយទៀតថា ប្រទេសដែលមានធនធានមនុស្ស មានគុណភាពទើបអាចក្លាយជាប្រទេសអភិវឌ្ឍ ផ្ទុយមកវិញ បើមានតែធនធានធម្មជាតិ ហើយគ្មានធនធានមនុស្សក៏គ្មានការអភិវឌ្ឍដែរ។ ដូច្នេះ គោលដៅនៃការធ្វើកំណែទម្រង់វិស័យអប់រំនេះ ដោយធ្វើយ៉ាងឱ្យកម្ពុជាមានធនធានមនុស្សពូកែ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
សំឡេង លោក ហង់ ជួន ណារ៉ុន៖
«លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាវិស្វករនៃព្រលឹងប៉ុណ្ណោះទេ តែជាអ្នកកំណត់អនាគតនៃប្រទេសជាតិផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ហើយបានបន្តថា បើការអប់រំនៅកម្ពុជាខ្លាំង ប្រទេសក៏ខ្លាំងតាមទៅនឹងផងដែរ ប៉ុន្តែបើការអប់រំនៅមានកម្រិតនោះប្រទេសជាតិមិនអាចខ្លាំងបានទេ។ ដូច្នេះការធ្វើកំណែទម្រង់វិស័យអប់រំជាការលើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គមជាតិ។
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ចុងក្រោយថា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយយកការបណ្ដុះបណ្ដាលធនធានមនុស្សជាវិស័យអាទិភាព៕
Tag:
អប់រំ
ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com