អន្តរជាតិ
ឥណ្ឌា​៖ «​ព័ត៌មាន​មិន​ពិត​» នាំ​ឲ្យ​មានការ​សម្លាប់​មនុស្ស​តាមផ្លូវ​ដល់​ទៅ​២០​នាក់​ក្នុងពេល​២​ខែ​
14, Jul 2018 , 9:30 pm        
រូបភាព
ការ​​វាយសម្លាប់មនុស្ស​តាមផ្លូវនៅឥណ្ឌាកំពុង​ក្លាយ​ជារឿងដ៏​គួរឲ្យ​ព្រួយ​បារម្ភ។ រូបថត AFP
ការ​​វាយសម្លាប់មនុស្ស​តាមផ្លូវនៅឥណ្ឌាកំពុង​ក្លាយ​ជារឿងដ៏​គួរឲ្យ​ព្រួយ​បារម្ភ។ រូបថត AFP
ដោយ: ធីតា
​ព័ត៌មាន​មិន​ពិត ព័ត៌មាន​កុហក ព័ត៌មាន​បោកប្រាស់ ឬ «Fake News» បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងសង្គម​ឥណ្ឌា​។ ត្រឹមតែ​រយៈពេល​២​ខែ​ប៉ុណ្ណោះ មនុស្ស​រហូតដល់​ទៅ​២០​នាក់ ត្រូវបាន​វាយ​សម្លាប់​តាមផ្លូវ ដោយសារតែ​ការចែក​ចាយ Fake News តៗ​គ្នា ជាពិសេស​តាម​បណ្តាញ​សង្គម WhatsApp​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

 
​កាលពី​ឆ្នាំមុន មនុស្ស​រហូតដល់​៦​នាក់ ត្រូវបាន​វាយ​សម្លាប់​តាមផ្លូវ​ក្នុង​រដ្ឋ Jharkhand ប្រទេស​ឥណ្ឌា បន្ទាប់ពី​ពួកគេ​រង​ការចោទប្រកាន់​តាមរយៈ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ ដែលថា​ពួក គេ​បាន​បៀតបៀន​កុមារ​។ 
 
​ក្រោយមកទៀត វីដេអូ​មួយ បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម WhatsApp ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​២០០​លាន​នាក់​នៅ​ឥណ្ឌា និង​មានការ​ចែកចាយ​រាប់លាន​ដង​ក្នុង​១​ថ្ងៃ​។ ក្នុង​វីដេអូ​នោះ គេ​សរសេរថា កុមារ​ឥណ្ឌា​ត្រូវបាន​សម្លាប់​ដោយ​ជនពាល​មួយក្រុម ប៉ុន្តែ​តាមពិត​វា​ជា​វីដេអូ ដែល​ទាក់ទង​នឹង​កុមារ​ស៊ី​រី ដែល​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​មួយ​កាលពី​៥​ឆ្នាំ​កន្លងទៅ​។​
 
​រយៈពេល​២​ខែ​ចុង​ក្រោយនេះ មនុស្ស​យ៉ាងហោចណាស់​២០​នាក់​ត្រូវ​សម្លាប់ ដោយ​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​កុមារ និង​នារី​។ ប៉ុន្តែ​ករណី​ទាំងនោះ​សុទ្ធតែ​កើតឡើង​ដោយសារតែ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​។ អ្នករងគ្រោះ​ភាគច្រើន ជា​ជន​ដែល​គ្មាន​ផ្ទះសម្បែង និង​ក្រុមមនុស្ស​ដែល​ចូលចិត្ត​ទៅលេង​នៅ​តំបន់​ដែលមាន​បញ្ហា​។​
 
​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​នេះ បានធ្វើ​ឲ្យ​មានការ​ចោទសួរ​ជាច្រើន​ទាក់ទង​កង្វះ​សមត្ថភាព​របស់​អាជ្ញាធ​រ​ដែនដី កងកម្លាំង​ប៉ូលិស ក៏ដូចជា​បណ្តាញ​សង្គម​ផ្ទាល់​។ រាល់​បញ្ហា​កើតឡើង ប៉ូលិស​មិនសូវ​អន្តរាគមន៍​ជួយ​បាន​ទាន់ពេលវេលា​នោះឡើយ ជាពិសេស​ការបំបែកហ្វូង​មនុស្ស​ដែល​កំពុងមាន​ការខឹង​សម្បារ​។​
 
​រដ្ឋ​មួយចំនួន​នៅ​ឥណ្ឌា បានសម្រេច​បិទ​ប្រព័ន្ធ​បណ្តាញ​សង្គម ដោយ​ចោទ​ពលរដ្ឋ​មួយចំនួន​ខ្វះ​ការទទួលខុសត្រូវ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត ដោយ​គ្មាន​ការពិចារណា​។ ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​នៅតែ​រង​ការស្តីបន្ទោស ព្រោះតែ​ចំណាត់ការ​យឺតយ៉ាវ និង​កង្វះ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​។​
 
​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា ពួកគេ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ឥណ្ឌា ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ជាពិសេស​តាម​បណ្តាញ​សង្គម WhatsApp និង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​។​
 
​ជនរងគ្រោះ​ជាច្រើន​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ព័ត៌មាន​មិន​ពិត​នោះ ពាក់ព័ន្ធ​នឹង​ការរំលោភ ការរើសអើង​ជាតិ​សាសន៍ និង​សាសនា​។ អ្នក​កាន់សាសនា​មូស្លីម​មួយចំនួន​ក៏បាន​រងគ្រោះ​ផងដែរ ក្រោយ​មានការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ថា ពួកគេ​បានសម្លាប់ និង​បរិភោគ​សត្វ​គោ ដែលជា​សត្វ​សក្ការៈ​របស់​អ្នក​កាន់សាសនា​ហិណ្ឌូ​៕

Tag:
 ឥណ្ឌា​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com