ជាតិ
សិប្បកម្មផលិតទឹកត្រីបែបបុរាណមួយកន្លែងជះក្លិនទាក់ទាញអ្នកដំណើរដែលឆ្លងកាត់
× សៀមរាប៖ ទឹកត្រី ជាអាហារមួយប្រភេទសម្រាប់ទទួលទានជាប្រចាំថ្ងៃ ដូចជាជ្រលក់ត្រី បន្ថែមរសជាតិក្នុងសម្ល ឆា។ល។ ចាស់ៗនៅសម័យដើម តែងចម្អិន ឬរំងាស់ទឹកត្រីដោយខ្លួនឯង ព្រោះថា ទឹកត្រីដែលចម្អិនដោយផ្ទាល់ដៃនេះមានរសជាតិឆ្ងាញ់ និងអាចកំណត់រសជាតិតាមចំណង់ចំណូលចិត្តពួកគាត់ផងដែរ។ ទឹកត្រីដែលចាស់ៗធ្លាប់ចម្អិននោះ គឺប្រើប្រាស់ស្ករត្នោត ដើម្បីឱ្យបានពណ៌ក្រហម។ បច្ចុប្បន្ន លំហូរនៃទឹកត្រីពីប្រទេសជិតខាង ឬការផលិតនៅរោងសិប្បកម្មក្នុងស្រុកខ្លះ ទឹកត្រីភាគច្រើនមិនមានពណ៌ក្រហមឡើយ ព្រោះថា គេបានប្រើស្ករសជំនួសស្ករត្នោត ឯរសជាតិក៏មិនដូចគ្នាដែរ។
ធ្លាប់តែឃើញរោងសិប្បកម្មដែលផលិតទឹកត្រីបែបថ្មី គឺមានពណ៌សថ្លា តែអ្នកភូមិពោធិ៍ក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ចំនួន៣គ្រួសារ មានរបរផលិតទឹកត្រីបែបបុរាណនេះនៅឡើយ។ ទោះមិនសូវមានអ្នកស្គាល់ច្រើនក៏ពិតមែន តែអ្នកភូមិទាំងនោះស្គាល់ច្បាស់នូវកន្លែងផលិតទឹកត្រីខ្មែរទាំងនោះ ហើយវាក៏បានចរាចរណ៍លក់ទៅតាមទីផ្សារច្រើនផងដែរ។
គ្រួសាររបស់លោកស្រី ស៊ីថា មានមុខរបរផលិតទឹកត្រីបែបបុរាណនេះជាង ៣០ឆ្នាំមកហើយ គឺជំនាន់ម្ដាយលោកស្រីនៅក្មេងៗមកម្លេះ។ ក្នុងមួយថ្ងៃ លោកស្រីត្រូវរំងាស់ទឹកត្រីចំនួន ៣ខ្ទះធំ ដែលមានចំណុះប្រមាណ១០០លីត្រ។ លោកស្រីថា ក្នុងទឹកត្រីមួយខ្ទះគេត្រូវរំងាស់រយៈពេល៤ម៉ោង។
ទឹកត្រីរបស់លោកស្រី ស៊ីថា ត្រូវបានបោះទៅម៉ូយនៅតាមទីផ្សារ និងផ្ទះមួយចំនួន ដែលនិយមហូបទឹកត្រី។ ទោះមានឈ្មោះជាទឹកត្រីមានរសជាតិឆ្ងាញ់បែបណាក្ដី ទឹកត្រីរបស់លោកស្រី ស៊ីថា ពុំមានឈ្មោះយីហោដាក់ត្រឹមត្រូវ ឬងាយស្រួលឱ្យអតិថិជនចំណាំឡើយ។ លោកស្រីថា ធ្លាប់លក់ច្រកក្នុងដបទឹកសុទ្ធនេះជារហូតមក ដោយមិនគិតថាចង់ដាក់ស្លាកយីហោអ្វីនោះឡើយ។
ទឹកត្រីចំណុះកន្លះលីត្ររបស់លោកស្រី ស៊ីថា លក់បាន៤០០រៀល ឯទឹកត្រីលេខមួយលក់បានតម្លៃ ៧០០រៀល។ ចំណែកដបចំណុះ១,៥លីត្រ លក់បានពី១,៥០០រៀល ទៅ៣,០០០រៀល។ លោកស្រី ស៊ីថា បង្ហើបឱ្យដឹងថា ត្រីដែលលោកស្រីយកមកធ្វើទឹកត្រី គឺត្រីកំផ្លៀវ ដែលជាត្រីលេខមួយសម្រាប់ធ្វើទឹកត្រីមានរសជាតិឆ្ងាញ់៕
ដើម្បីដឹងកាន់តែច្បាស់ពីរបៀបធ្វើទឹកត្រីរបស់លោកស្រី ស៊ីថា សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកស្រីដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com