កីឡាអន្តរជាតិ
អន្តរជាតិ
តើ​បារាំង ឬ​ក្រូ​អាស៊ី ដែល​ត្រូវ​លើក​ពាន World Cup យប់​នេះ​?
15, Jul 2018 , 8:30 am        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី ត្រូវ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ ដោយ បារាំង និង​ក្រូ​អាស៊ី ត្រូវ​ប្រជែង​យក​តំណែង​ជើងឯក នា​វេលា​ម៉ោង​១០​យប់ [​ម៉ោង​នៅ​កម្ពុជា​] នៅ​កីឡដ្ឋាន Luzhniki ក្រុង​មូ​ស្គូ​។​

 
​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៥​លើក​រួចមកហើយ ដោយ​បារាំង​ឈ្នះ​៣​លើក ហើយពីរ​លើក​ទៀត​បញ្ច​ប់​ក្នុង​លទ្ធផល​ស្មើគ្នា​។ ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​បារាំង បានកើត​ឡើង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​១៩៩៨ ដោយ​កាលណោះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ បារាំង​យកឈ្នះ​ក្រូ​អាស៊ី ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​លោក Didier Deschamps ដែលជា​គ្រូបង្វឹក​បច្ចុប្បន្ន បាន​លេង​ពេញ​ម៉ោង​។​
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បី​លើកចុងក្រោយ សុទ្ធតែ​ឈានដល់​ការបន្ថែម​ម៉ោង​១៥​នាទី​ពីរដង ប៉ុន្តែ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា មានតែ​ពីរលើក​គត់​ដែល​តំណែង​ជើងឯក​កំណត់​ឈ្នះ​-​ចាញ់ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី គឺ​ក្នុង​ឆ្នាំ​១៩៩៤ និង​ឆ្នាំ​២០០៦ ។​
 
​បារាំង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជា​លើក​ទី​បី ដោយ​ឈ្នះ​ជើងឯក​ឆ្នាំ​១៩៩៨ និង​ចាញ់​ប៉េ​ណា​ល់​ទី​នៅ​ឆ្នាំ​២០០៦ ។ ចំណែក​ក្រូ​អាស៊ី ពួកគេ​បាន​ក្លាយជា​ក្រុម​ជម្រើសជាតិ​ទី​១៣​ដែល​បាន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​កំណត់ត្រា​ដ៏​ខ្ពស់បំផុត​កន្លងមករ​បស់​ក្រុម​មួយ​នេះ គឺ​ការ​ដណ្តើមបាន​លេខ​៣​នៅ​បារាំង កាលពី​ឆ្នាំ​១៩៩៨ ។​
 
​សម្រាប់​បារាំង Antoine Griezmann រួមចំណែក​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​រហូតដល់​១១​នាក់​ក្នុង​ព្រឹត្តិការណ៍​ធំ​ដូចជា World Cup និង Euro ខណៈ Kylian Mbappe បច្ចុប្បន្ន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​បាល់​បញ្ចូល​ទី​លើសពី​៣​គ្រាប់​នៅ World Cup បើ​គិត​ចាប់តាំងពី Pele សម្រេចបាន​៦​គ្រាប់​នៅ​ឆ្នាំ​១៩៥៨ ។ 
 
​ជាមួយគ្នានេះ​ផងដែរ លោក Didier Deschamps ក្លាយជា​មនុស្ស​ទី​បី​ដែល​បានបង្ហាញ​ខ្លួន​នៅ World Cup ទាំង​ក្នុងនាម​ជា​កីឡាករ និង​គ្រូបង្វឹក បន្ទាប់ពី​លោក Mario Zagallo និង​លោក Franz Beckhenbauer​។​
 
​ដោយឡែក សម្រាប់​ក្រូ​អាស៊ី Mario Mandzukic គឺជា​កីឡាករ​ដ៏​មុត​ស្រួច​ម្នាក់ ស្រប​ពេលដែល Ivan Perisic រួមចំណែក​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​១០​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ធំ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​៤​គ្រាប់​៕

Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com