កីឡាជាតិ
ជាតិ
ម៉ាឡេស៊ីឈ្នះពាន AFF U19 ជាលើកដំបូងបំផុត U19 ម៉ាឡេស៊ីឈ្នះជើងឯក AFF U19 ជាលើកដំបូង។ រូបថត AFP
× ក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំ ម៉ាឡេស៊ី ឈ្នះមីយ៉ាន់ម៉ា ៤-៣ ដើម្បីទទួលបានតំណែងជើងឯកពានរង្វាន់ AFF U19 ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជំនួបបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកក្កដា នៅកីឡដ្ឋាន Gelora Delta ក្រុង Sidoarjo ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីម្ចាស់ផ្ទះ ឈ្នះថៃ ២-១ សម្រាប់តំណែងចំណាត់ថ្នាក់លេខ៣ ។
Awang Muhammad Faiz បានស៊ុតបាល់បញ្ចូលទីនាំមុខ ក្រោយការប្រកួតបាន៣នាទី ហើយ Nik Akif បន្ថែមមួយគ្រាប់ទៀតនៅនាទី១៨ សម្រាប់ម៉ាឡេស៊ី។ ប៉ុន្តែក្នុងអំឡុងពេលតែ៨នាទីប៉ុណ្ណោះ មីយ៉ាន់ម៉ា វាយបកបាន៣គ្រាប់វិញជាបន្តបន្ទាប់ ដោយ Win Naing Tun រកបាន២គ្រាប់នៅនាទី ២៣ និង២៦ ហើយ Myat Kaung Khant សម្រេចបាននៅនាទី៣១ ។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ី បានប្រឹងប្រែងវាយបកវិញ នៅតង់ទីពីរ ដោយ Shivan Pillay Asokan តាមស្មើនៅនាទី៩៦ ហើយឈានដល់នាទី៩០+៣ Akif ជាអ្នកសម្រេចបានគ្រាប់ទីពីររបស់ខ្លួន និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម។
នេះជាការឈ្នះជើងឯកលើកដំបូងរបស់ម៉ាឡេស៊ី បន្ទាប់ពីពួកគេលេងនៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៥ ដោយកាលពីឆ្នាំមុន ពួកគេបានចាញ់ថៃ ២-០ ។ វាជាការសងសឹកផងដែរសម្រាប់ម៉ាឡេស៊ី ដោយពួកគេធ្លាប់បាត់បង់ឱកាសឈ្នះពានដល់ទៅពីរលើកដោយសារមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០០៣ និង២០០៥ ។
សម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ Feby Eka Putra និង Syahrian Abimanyu រកបានគ្រាប់បាល់បញ្ចូលទីឲ្យឥណ្ឌូណេស៊ី ខណៈ Matee Sarakum ជាអ្នកតាមពីក្រោយបង្គ្រប់កិច្ចឲ្យជើងឯកឆ្នាំចាស់ថៃ។
ក្នុងព្រឹត្តិការណ៍នេះ U19 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល B ក្រោយឈ្នះព្រុយណេ ៥-០, ឈ្នះទីម័រខាងកើត ២-១ តែចាញ់ម៉ាឡេស៊ី ២-០ និងចាញ់មីយ៉ាន់ម៉ា ៤-១។
បើគិតចាប់តាំងពីឆ្នាំ២០០២មក ថៃឈ្នះជើងឯក៥លើក អូស្ត្រាលី៤លើក មីយ៉ាន់ម៉ា២លើក ខណៈម៉ាឡេស៊ី ស្ថិតក្នុងចំណោមក្រុមដែលឈ្នះបាន១លើកស្មើវៀតណាម ឥណ្ឌូណេស៊ី អ៊ីរ៉ង់ និងជប៉ុន។ ដោយមិនគិតពីក្រុមភ្ញៀវ [ក្រៅតំបន់អាស៊ាន] ឡាវធ្លាប់បានលេខបី ចំនួន៣លើក ទីម័រខាងកើត និងសិង្ហបុរី បានលេខបី ១លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com