អន្តរជាតិ
នាយករដ្ឋមន្ត្រី​ហៃ​ទី​លាលែង​ពី​តំណែង ក្រោយ​មាន​បាតុកម្ម​ប្រឆាំង​ការដំឡើងថ្លៃ​ប្រេង​
15, Jul 2018 , 12:11 pm        
រូបភាព
នាយករដ្ឋមន្រ្តីហៃទី Jack Guy Lafontant (រូបភាព AFP).jpg
នាយករដ្ឋមន្រ្តីហៃទី Jack Guy Lafontant (រូបភាព AFP).jpg
​នាយករដ្ឋមន្ត្រី​ហៃ​ទី Jack Guy Lafontant នៅ​ថ្ងៃទី​១៤ ខែកក្កដា បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​ផែនការ​ដំឡើងថ្លៃ​ប្រេង ដែល​ក្រោយមក​ត្រូវបាន​បោះបង់​វិញ​។ យ៉ាងណាមិញ ការតវ៉ា​បានក្លាយ​ជា​អំពើហិង្សា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​ជីវិត និង​រងរបួស ព្រម​គ្នា​នឹង​កើនឡើង​សកម្មភាព​លួច​ឆក់​ហាង​ទំនិញ​នានា​ផង​នោះ​។ ឯ​លោក Lafontant ក៏​ប្រឈមមុខ​ការបោះឆ្នោត​មិន​ទុកចិត្ត​ក្នុង​សភា​ដែរ​។

 
​ទំនងជា​ដឹងខ្លួន​ថា មិនអាច​រក្សា​តំណែង​បាន​នោះ លោក Jack Guy Lafontant បាន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ហៃ​ទី​នៅ​ថ្ងៃទី​១៤ ខែកក្កដា​។ ការលាលែង​ពី​តំណែង ធ្វើឡើង​ស្របពេល​បាតុកម្ម​ដ៏​ហិង្សា​មួយ​ប្រឆាំង​ផែនការ​ដំឡើងថ្លៃ​ប្រេង​របស់​រដ្ឋាភិបាល​លោក​។ ដោយសារ​រឿងនេះ សភា​ជាន់​ទាប​ហៃ​ទី ក៏​គ្រោង​បោះឆ្នោត​មិន​ទុកចិត្ត​លើ​លោក Lafontant ដែរ​។ ប្រធានាធិបតី​ហៃ​ទី  Jovenel Moise បានទទួល​ពាក្យសុំ​លាលែង​រួចហើយ​។​
 
​បាតុកម្ម​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋធានី និង​ទីក្រុង​ធំៗ នៅពេល​រដ្ឋា​ភិ​បា​លោក Lafontant បានសម្រេច​កាត់បន្ថយ​ប្រាក់ឧបត្ថម្ភ​ធន​លើ​ការ​ផលិតផល​ប្រេង ដែល​នេះ​ជា​ផ្នែក​មួយ​កិច្ចព្រមព្រៀង​រវាង​ហៃ​ទី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។ ក​ការសម្រេចចិត្ត​បែបនេះ​មានន័យថា ថ្លៃ​ប្រេង​ធម្មតា​កើនឡើង​ចំនួន​៣៨​ភាគរយ និង​ថ្លៃ​ប្រេងម៉ាស៊ូត​កើន​ចំនួន​៤៨​ភាគរយ ឯ​តម្លៃ​កេ​រ៉ូ​សែន​កើន​រហូតដល់​៥១​ភាគរយ​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ហាង​ទំនិញ​ជាច្រើន​ក្នុង​ទីក្រុង ត្រូវបាន​លួច និង​ដុ​ច​កម្ទេច​យ៉ាង​អាណាធិបតេយ្យ ឯ​ឡាន​ជាច្រើន​គ្រឿង​ក៏ត្រូវ​បាន​ដុត​ឆេះ​ដូចគ្នា​។ មនុស្ស​យ៉ាងហោចណាស់​បួន​បាន​បាត់បង់​ជីវិត​។ ចុងក្រោយ រដ្ឋាភិបាល​លោក Lafontant ក៏​សម្រេចចិត្ត​ផ្អាក​ផែនការ​បង្កើន​ថ្លៃ​ប្រេង​នេះ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​សិន​។ លោក Lafontant ដែល​មិនសូវមាន​បទពិសោធ​ផ្នែក​នយោបាយ ក៏​រង​ការរិះគន់​ឥតឈប់ឈរ​ផងដែរ​។​
 
​បាតុករ​ម្នាក់​ឈ្មោះ Fleurette Pierre និយាយថា បញ្ហា​មិនមែន​ស្ថិត​លើ​សំណួរ​នៃ​ការផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ឡើយ ព្រោះ​ពីមួយ​ថ្ង​ទៅមួយថ្ងៃ ប្រជាជន​ហៃ​ទី​រងគ្រោះ​កាន់​ខ្លាំង​តែដោយសារ​តែ ភាព​អត់​ការងារ​ធ្វើ អសន្តិសុខ និង​ភាពអត់ឃ្លាន​ជាដើម​។ 
 
​សូមបញ្ជាក់ថា ហៃ​ទី គឺ​រដ្ឋ​ក្រី​ក្រី​មួយ​នៃ​តំបន់​កា​រ៉ា​អ៊ី​ប ដោយ​ប្រជាជន​ច្រើន​ជា​ហ​៦០​ភាគរយ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ឬ​ចំណូល​ត្រោ​ម​ពីរ​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ប្រទេស​នេះ​នៅ​មិនទាន់​ងើប​រួច​ពី​ការខូចខាត​នៃ​គ្រោះ​រញ្ជួយ​ដីកា​លពី​ឆ្នាំ​២០១០​នៅឡើយ​ទេ ហើយ​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ជំនួយ​អន្តរជាតិ​ដដែល​។ ហេតុនេះហើយ​បានជា​ការកើនឡើង​តម្លៃ​អ្វីមួយ នឹងធ្វើ​ឲ្យ​ប្រជាជន​ប្រទេស​នេះ​ត្រូវ​រងគ្រោះ​មិន​ខាន​៕

Tag:
 ហៃ​ទី​
  Jack Guy Lafontant
© រក្សាសិទ្ធិដោយ thmeythmey.com