ជាតិ
បោះឆ្នោត
ប្រធាន​បក្ស​ខ្មែរ​ក្រោក ថា​ខ្លួន​មិន​សាបព្រោះ​មនោគមន៍វិជ្ជា ប៉ុន្តែ​នឹង​ប្រឹង​ការពារ​ប្រយោជន៍​ពលរដ្ឋ​
15, Jul 2018 , 2:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មុន​បោះឆ្នោតឱ្យ​គណបក្ស​ណាមួយ ត្រូវតែ​សិក្សា​ពី​គោលនយោបាយ​របស់​បក្ស​នោះ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន បើ​បក្ស​នោះ​មាន បេះដូង​ល្អ ចិត្ត​ស្មោះ​បរិសុទ្ធ មាន​ធនធានមនុស្ស​ទៅដោយ​ចំណេះដឹង មាន​សមត្ថភាព​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​ជ្រើសរើស​មិន​ខុស​នោះឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស  ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​។​

 
​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស  ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រោម​ឈ្មោះថា William Guang នោះ បាន​ដឹកនាំ​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ​សម្រាប់​គណបក្ស​ខ្មែរ​ក្រោក​របស់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា​។​
 


ប្រធាន​គណបក្ស​វ័យក្មេង​រូបនេះ បាន​អះអាងថា គណបក្ស​ខ្មែរ​ក្រោក​របស់លោក គ្មាន​ឡើយ​ការសន្យា ឬ​ការ​សាបព្រោះ​មនោគមន៍វិជ្ជា​។ លោក​ពន្យល់ថា គណបក្ស​របស់លោក​ឈរ​តែ​នៅ​៦​មណ្ឌល​ប៉ុណ្ណោះ ដូច្នេះ​មិនអាច​ឈ្នះ​អាសនៈ​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​នោះឡើយ​។​
 


ទោះបីជា​យ៉ាងណាក៏ដោយ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស   បាន​ធានាថា បើ​បក្ស​របស់លោក​ជាប់ឆ្នោត​ទាំង​៦​មណ្ឌល​ដែល​ខ្លួន​ឈរឈ្មោះ នោះ បក្ស​របស់លោក​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​។​
 
«​យើង​មានតែ ៦​មណ្ឌល​ប៉ុណ្ណោះ ដូច្នេះ​មិនអាច​ជាប់ឆ្នោត​បាន​សំឡេង​លើស​៥០​បូក​១​ឡើយ អ៊ីចឹង​យើង​មិនអាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន​ភ្លាម​នោះទេ […] នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ​ត្រូវការ​ចាក់គ្រឹះ​រឹងមាំ មាន​សមាជិក​សកម្ម​ច្រើន​គ្រប់កន្លែង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សារ​ពង្ស ដោយមាន​ទំនុកចិត្ត​ថា បក្ស​លោក​អាច​ទទួលបាន​៣០​អាសនៈ សរុប​ពី​ទាំង​៦​មណ្ឌល​នៅ​សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម កណ្តាល និង​ភ្នំពេញ​។​
 

 
​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លើកឡើង​បន្តថា ការបង្កើត​គណបក្ស​នេះ​ដើម្បីឱ្យ​យុវជន​មានឱកាស​បម្រើ​ប្រជា​ប្រជាជន ដោយ​ចេញពី​ឆន្ទៈ​។ លោក ថា សម្រាប់​អាណត្តិ​ទី​៦​នេះ ក្នុងនាម​ជា​ប្រធាន​គណបក្ស​មិនបាន​ដាក់ឈ្មោះ​ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​ទេ ហើយ​សម្រាប់​អណ​ត្តិ​ក្រោយ​លោក នៅតែ​បន្ត​សិក្សា​ស្វែងយល់​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គណបក្ស​រីកចម្រើន​នឹង​រឹងមាំ​។ 
 
​លោក William Guang លើក​ឡើ​ក​បន្ថែមថា ជា​អ្នកធ្វើ​អ្នកនយោបាយ​បើទោះបី​ចាញ់​ជា​ច្រើនដង​ក្ដី ក៏​មិន​រត់ចោល​ប្រជាពលរដ្ឋ​ឡើយ ហើយ​ការបង្កើត​គណបក្ស​ខ្មែរ​ក្រោក​នេះ​ដោយ​ឈរ​ទៅលើ បុព្វហេតុ មនសិកា​ជាតិនិយម និង​ចង់ឱ្យ​ប្រព័ន្ធ​យោ​បាយ​នៅ​កម្ពុ​ជាមាន​អ្វីដែល​ថ្មី ដោយ​មិន​ចង់ឃើញ​អ្វីដែល​នៅតែ​ដដែល​ឡើយ​។ 
 

 
​ប្រធាន​គណបក្ស​រូបនេះ បានឱ្យដឹង​បន្ថែមថា បន្ទាប់ពី​ឃោសនា​ហែរ​ក្បួន​នៅ​ភ្នំពេញ និង​បក្ស​លោក​ហែរ​នៅ​ខេត្តកណ្ដាល សៀមរាប កំពង់ស្ពឺ និង​កំពង់ចាម ហើយនឹង​បញ្ចប់​ការ​ហែរ​ក្បួន​ឃោសនា​នេះ​ត្រឹម​ថ្ងៃទី​២៥ ខែកក្កដា មុន​ការបោះឆ្នោត​មកដល់ ៤​ថ្ងៃ​។​
 
​បក្ស​ដ៏​ថ្មីថ្មោង​មួយ​នេះ មាន​គោលនយោបាយ​៧​ចំណុច ដែល​ចំណុច​សំខាន់ៗ​នោះ​មានដូចជា ការទាមទារ​កោះត្រល់ និង​ទឹកដី​នានា​ដែល​បាត់បង់​ឲ្យ​បាន​មកវិញ ការបណ្តេញ​ជនអន្តោប្រវេសន៍ ការលើកកម្ពស់​ផលិតផល​កសិកម្ម អប់រំ សុខាភិបាល និង​ការលុបបំបាត់​គ្រួសារនិយម​នៅតាម​ស្ថាប័នរដ្ឋ​ជាដើម​៕

Tag:
 ​បោះឆ្នោត​
 ​គណបក្ស​ខ្មែរ​ក្រោក
© រក្សាសិទ្ធិដោយ thmeythmey.com