អន្តរជាតិ
ខួប​ពីរ​ឆ្នាំ​នៃ​ការឈ្នះក្តី​សមុទ្រ​ចិន​ខាងត្បូង​៖ ហ្វីលីពីន សន្យា​មិន​បោះបង់​ការទាមទារ​អធិបតេយ្យ​ពី​ចិន​ឡើយ​
15, Jul 2018 , 9:29 pm        
រូបភាព
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន (រូបភាព Philippine Republic News)
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន (រូបភាព Philippine Republic News)
ដោយ:
១២ កក្កដា ឆ្នាំ​២០១៨ គឺជា​ខួប​ពីរ​ឆ្នាំ​ហើយ ដែល​ហ្វីលីពីន បាន​ឈ្នះក្តី​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ប្រឆាំងនឹង​ចិន​តាមរយៈ​ម​ជ្ឈ​ត្ត​កម្ម នៃ​ម​ជ្ឈ​ត្ត​ការ​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ​ក្រុងឡាអេ​។ ក៏ប៉ុន្តែ​ពីរ​ឆ្នាំ​មកនេះ ហ្វីលីពីន ក្រោម​ការដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិនដែល​ធ្លាប់​លើកយក​សាលដីកា​នេះ​ដើម្បី​តទល់​ជាមួយនឹង​ចិន​ម្តងណា​ឡើយ​។

 
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque នៅ​ថ្ងៃទី​១២ ខែកក្កដា បានចេញ​ថ្លែងការណ៍​មួយ​ដើម្បី​ប្រតិកម្ម​ទៅនឹង​ការចោទប្រកាន់​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថា​បាន​បោះបង់​ការទាមទារ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បានបញ្ជាក់​តាមរយៈ​សាលដីកា​នៃ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​អន្តរជាតិ​។
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Philstar លោកអ្នក​នាំពាក្យ​រូបនេះ បាន​អះអាងថា ការចោទប្រកាន់​បែបនេះ បាន​ចាក​ឆ្ងាយ​យ៉ាងខ្លាំង​ពី​ការពិត​។ លោក បញ្ជាក់ថា រដ្ឋាភិបាល​ហ្វីលីពីន នឹង​បន្ត​កិច្ចការ​ដើម្បី​បញ្ជាក់​បង្ហាញថា​អ្វីដែល​កម្មសិទ្ធិ​របស់ខ្លួន ខណៈ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយនឹង​ចិន​ឲ្យ​បន្ត​ទៅមុខ​ល្អ​។ 
 
​លោក សង្កត់ធ្ងន់ថា លោក​ប្រធានាធិបតី ឌូ​ទើ​តេ បាន​និយាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា រដ្ឋាភិបាល នឹង​ប្រកាន់ខ្ជាប់​ការទាមទារ និង​ជំហរ​ជាតិ​ជានិច្ច ក៏ប៉ុន្តែ​ខណៈពេលដែល​បញ្ហា​អធិបតេយ្យ​មិនទាន់បាន​ដោះស្រាយ​ចប់​នៅឡើយ​នោះ រដ្ឋាភិបាល ត្រូវតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ចិន​ដើម្បី​ផលប្រយោជន៍​ប្រទេស ជាពិសេស​នោះ​កំណើនសេដ្ឋកិច្ច​។ 
 
​គួរ​រម្លឹក​បន្តិច​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឹជា​ជម្លោះ​អធិបតេយ្យ​មួយ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន គឺជា​ភាគី​ជម្លោះ​តែមួយគត់​ដែល​បានទាមទារ​អត្ថបទ​អធិបតេយ្យ​ស្ទើរតែ​ទាំងស្រុង នៃ​តំបន់​មាន​វិវាទ​ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាមច្បាប់​សមុទ្រ​អន្តរជាតិ​។​
 
​ដោយសារតែ​ការទាមទារ និង​ការគ្រប់គ្រង​របស់​ចិន​ត្រួត​លើ​ចំណុច​របស់​រដ្ឋ​អាស៊ាន​នេះហើយ ធ្វើ​ឲ្យ​អតីត​រដ្ឋបាល​ប្រធានាធិបតី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ នៅ​ឆ្នាំ​២០១៣ បានដាក់​បណ្តឹង​មួយ​ប្រឆាំង​ចិន​ទៅ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍ (PCA) ក្រុងឡាអេ​។ តុ​កា​ការ PCA ក៏បាន​ទទួលយក​បណ្តឹង និង​សម្រេច​ជំនុំជម្រះ​តាម​សំណើ​ហ្វីលីពីន ខណៈ​ចិន​បដិសេធ​មិន​ចូលរួម​។​
 
​រហូតដល់​ថ្ងៃ​១២ កក្កដា ឆ្នាំ​២០១៦ តុលាការ បានប្រកាស​សាលដីកា​មួយ ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​លើ​ចិន​។ តុលាការ បានបញ្ជាក់​យ៉ាងច្បាស់​ថា ការទាមទារ​របស់​ចិន មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ ខណៈ​ការចូលទៅ​គ្រប់គ្រង​តាមរយៈ​ការចាក់ដី​បំពេញ​របស់​ចិន​នៅក្នុង​តំបន់​មាន​វិវាទ​មាន​នោះ ក៏​ត្រូវបាន​ចាត់ទុកជា​សកម្មភាព​ខុសច្បាប់​ទៀត​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ពេល​តុលាការ​ប្រកាស​សាលដីកា ត្រូវបាន​ធ្វើឡើង​ស្របពេល ដែល​ហ្វីលីពីន​ប្តូរ​ក្បាលម៉ាស៊ីន​ថ្មី ដោយ​អាណត្តិ​រដ្ឋបាល​លោក​ប៊ែ​រ​នី​ណូ ដែលមាន​និន្នាការ​នយោបាយ​បរទេស​ប្រឆាំង​ចិន​ត្រូវ​បញ្ចប់ ហើយ​ត្រូវ​ជំនួស​ដោយ​អាណត្តិ​រដ្ឋបាល​លោក​ឌូ​ទើ​តេ ដែលមាន​និន្នាការ​ផ្តេកផ្តួល​ទៅរក​ចិន​មក​ដឹកនាំ​ជំនួស​វិញ​។ លោក​ឌូ​ទើ​តេ មិន​ចង់​ប្រឈមមុខ​ជាមួយនឹង​ចិន​ឡើយ ដោយ​លោក ចង់​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ចិន​ជាង​៕ 

Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com