ជាតិ
មហាផ្ទៃ​៖ មន្ត្រី​មួយចំនួន​នៅតែ​មិន​គោរព​តាមច្បាប់ បទបញ្ជា​នៃ​ការបោះឆ្នោត
15, Jul 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្លាប់​បានចេញ​បញ្ជា​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់​ចៀស​ផុតពី​ការប្រើប្រាស់​តួនាទី ពេលវេលា និង​យក​សម្ភារ​របស់​រដ្ឋ​បម្រើឱ្យ​ការឃោសនាបោះឆ្នោត ប៉ុន្តែ​នៅតែមាន​មន្ត្រីរាជការ មួយចំនួន​បាន​បំពាន ទាក់ទង​នឹង​ការប្រើប្រាស់​មធ្យោបាយ សម្ភារ និង​សកម្មភាព​ផ្សេងៗ នា​ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ។

 
«​រយៈពេល​៨​ថ្ងៃ នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​កន្លងមកនេះ មន្ត្រី​មួយចំនួន​តូច បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​តាម​ការកំណត់​នៃ​ច្បាប់ បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត ដែលជា​ហេតុ​ធ្វើឱ្យមាន​ការរិះគន់​ពី​សំណាក់​មតិសាធារណ ក៏ដូចជា​អ្នកនយោបាយ​មួយចំនួន​ផងដែរ​»​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៤ ខែកក្កដា​។​
 
​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ទៅ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ទាំងអស់ ក្នុងនោះដែរ​ចាប់ពី អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន រហូត​ទៅដល់ អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹងស្មារតី​ទទួលខុសត្រូវ អនុវត្ត​តួនាទី​ភារកិច្ច​នៃ​មន្ត្រីរាជការ​។ ក្រសួង​បន្ថែមថា ត្រូវ​ផ្សព្វផ្សាយ​ដល់​មន្ដ្រីក្រោមឱវាទ​រប​ស់​ខ្លួន​ឱ្យបាន​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​រាស្ត្រ​នីតិ​កា​ទី​៦ ព្រមទាំង​យកចិត្តទុកដាក់​គ្រប់គ្រង​សម្ភារ​មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
 
​នៅក្នុង​សេចក្តីណែនាំ ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ត្រូវតែ​អនុវត្ត​ឱ្យបាន​ជាដាច់ខាត ដោយ​មិនត្រូវ លើក ឬ​បិទ​ស្លាក​គណបក្ស និង​សម្ភារ​ឃោសនា​នៅលើ​អាគារ និង​ការិយាល័យ​របស់​រដ្ឋ ឬ​កាត់​ទទឹងផ្លូវ​សារ​ធារ​ណៈ និង​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន​ដែលជា​របស់​រដ្ឋ ដើម្បី​ឃោ​សា​នា ឬ​ការចូលរួម​ក្នុង​សកម្មភាព​ឃោសនា ការប្រមូលផ្ដុំ​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដោយ​បញ្ចុះ​ប​ញ្ជូ​ល​រក​សំឡេងឆ្នោត​នៅក្នុង​អាគារ ឬ​កា​រិ​ល័យ​របស់​រដ្ឋ​។ 
 
​មហាផ្ទៃ បាន​បន្ថែមទៀត មន្ត្រីរាជការ​របស់រ​ដ្ឋ​ទាំងអស់ អាច​ចូលរួម​សកម្មភាព​ឃោសនា គោលនយោបាយ​នានា របស់​គណបក្ស​ណាមួយ មិនមែនជា​ម៉ោង​ការងារ​រដ្ឋ ឬ​បញ្ចប់ ឬ​ស្ថិត​ក្រៅ​ម៉ោង ឬ​មិន​ស្ថិត​ក្នុងពេល​បំពេញ​សមត្ថកិច្ច​ផ្លូវការ ឬ​ថ្ងៃ​ឈប់សម្រាក​កំណត់​របស់​រដ្ឋ​។ ក្នុងករណី​ចាំបាច់ ត្រូវសុំ​ច្បាប់ឈប់​សម្រាក​ពី​ការងារ​ទៅ​អង្គភាព​ស​ម៉ី ដែល​ច្បាប់​រដ្ឋ​បានកំណត់​។ ប៉ុន្តែ​នៅពេល​ចូលរួម​សកម្មភាព​ទាំងនោះ មិនត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​រដ្ឋ មាន​អាវុធ​ក្នុង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វីដែល​នាំឱ្យ​មានការ​កំរាម​កំហែង​ឡើយ​៕
 

Tag:
 បោះឆ្នោត​
 ​សម្ភារ​រដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com