ជាតិ
អាកាសយានដ្ឋានអន្តរជាតិថ្មីនៅសូទ្រនិគម ខេត្តសៀមរាប នឹងបើកការដ្ឋាននាពេលខាងមុខ
× សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប ដែលគ្រោងចំណាយថវិកាប្រមាណ៩០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ បន្ទាប់ពីបោះឆ្នោតជ្រើសតំណាងរាស្ដ្រនីតិកាលទី៦រួច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
AKP បានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២១០៨ ថាសម្រាប់ការសាងសង់អាកាយានដ្ឋាននេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី១៧០០ហិកតា មានទីតាំងនៅ ភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជាមួយគ្នានេះ លោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានជួបជាមួយលោកអភិបាលខេត្តសៀមរាប ឃឹម ប៊ុនសុង បានបញ្ជាក់ថា ផ្ទៃដីសម្រាប់សាងសង់ព្រលានយន្តហោះនេះ មានទំហំ៧០០ហិកតា និងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតា ដោយប្រើរយៈពេលសាងសង់ ៣ឆ្នាំ ទៅ៥ឆ្នាំ។
លោក Zou Yuhui បានបន្តថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធ មួយដ៏សំខាន់នៅពេលអនាគតក្នុងការលើកស្ទួយ និងបង្កើនសមត្ថភាព លើវិស័យអាកាសចរណ៍កម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងរៀបចំកសាងផែនការមេព្រមទាំងធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋាន៕
Tag:
អាកាសយានដ្ឋាន
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com