អន្តរជាតិ
UN ដាក់ទណ្ឌកម្ម​ហ៊ុមព័ទ្ធ​ការ​ទិញដូរ​អាវុធ​កូនពៅ​ខ្លួន ដ្បិត​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពេក​
16, Jul 2018 , 8:29 am        
រូបភាព
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានសម្រេច​អនុម័ត​ទណ្ឌកម្ម​ថ្មី​មួយ​ប្រឆាំងនឹង​ប្រទេស​ស៊ូដង់​ខាងត្បូង ខណៈ​ស្ថានភាព នៃ​រដ្ឋ​វ័យក្មេង​បំផុត​របស់​ពិភពលោក​មួយ​នេះ ពោរពេញ​ទៅដោយ​ភាពអសន្តិសុខ និង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។



​តាមរយៈ​សេចក្តីសម្រេច ដែល​បោះឆ្នោត​អនុម័ត​គាំទ្រ​ដោយ​រដ្ឋ​សមាជិក​ចំនួន​៩ និង​៦​រដ្ឋ​ផ្សេងទៀត បោះឆ្នោត​អនុប្បវាទ ក្រុមប្រឹក្សាសន្តិសុខ នៅ​ថ្ងៃ​១៣ កក្កដា​កន្លងទៅ បានសម្រេច​ដាក់ទណ្ឌកម្ម​ហ៊ុមព័ទ្ធ​ការធ្វើ​ពាណិជ្ជកម្ម​សព្វាវុធ​លើ​ស៊ូដង់​ខាងត្បូង​។ សេចក្តីសម្រេច​នេះ ត្រូវអនុវត្ត​រហូតដល់​ថ្ងៃ​៣១ ឧសភា ឆ្នាំ​២០១៩ ដែល​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដូចគ្នា​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ សេចក្តីសម្រេច​នេះ តម្រូវ​ឲ្យ​គ្រប់​សមាជិក​ទាង​អស់​ធានា​ឲ្យ​បានការ​ទប់ស្កាត់​អាវុធ និង​សព្វាវុធ​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​មិន​ឲ្យ​ចូលទៅក្នុង​ទឹកដី​របស់​ស៊ូដង់​ខាងត្បូង​បានឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​ដាក់​បម្រាម​ធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​ស៊ូដង់​ខាងត្បូង​ដែល​ពាក់ព័ន្ធ​ហិង្សា​ក្នុងប្រទេស​ផងដែរ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល នាឱកាស​នៃ​ការអនុម័ត​សេចក្តីសម្រេច​នោះ លោកស្រី​អគ្គរដ្ឋទូត​អាមេរិក Nikki Haley បាន​ថ្លែង​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​៖«​ប្រសិនបើ​ចង់​ជួយ​ប្រជាជន​ស៊ូដង់​ខាងត្បូង យើង​ត្រូវតែ​បញ្ឈប់​ហិង្សា​។ ហើយ​ដើម្បី​បញ្ឈប់​ហិង្សា យើង​ត្រូវតែ​បញ្ឈប់​លំហូរ​នៃ​អាវុធ​ទៅកាន់​ក្រុម​ប្រដាប់អាវុធ ដែល​ពួកគេ កំពុងតែ​វាយប្រហារ​គ្នា​បង្ក​ជាការ​គំរាមកំហែង​ដល់​ប្រជាជន​។​»
 
​សូម​ជម្រាប​ផងដែរ​ថា ស៊ូដង់​ខាងត្បូង ទើបតែ​ទទួលបាន​ឯករាជ្យ​ពេញលេញ​នៅក្នុង​ឆ្នាំ​២០១១ បន្ទាប់ពី​អង្គការសហប្រជាជាតិ បានប្រកាស​ទទួលស្គាល់​ជា​រដ្ឋ​សមាជិក​ចុងក្រោយ​របស់ខ្លួន​។ រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ​នៃ​ការប្រកាស​ឯករាជ្យ​នេះ រដ្ឋ​អាហ្វ្រិក​ក្រីក្រ​បំផុត​មួយ​នេះ មិនទាន់មាន​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​ប្រទេស​នៅឡើយ​នោះទេ​។ អ្នកនយោបាយ មាន​ប្រដាប់អាវុធ​រៀងៗ​ខ្លួន បន្ត​ដណ្តើម​អំណាច​គ្នា​។​
 
​បើតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ ដោយសារតែ​ការមិន​ត្រូវរ៉ូវ​គ្នា​របស់​អ្នកនយោបាយ​ស៊ូដង់​ខាងត្បូង ធ្វើ​ឲ្យ​ក្មេងជំនាន់ក្រោយ​រាប់លាន​នាក់ ស្គាល់​តែ​សង្គ្រាម ខណៈ​ជនភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ក៏​កាន់តែ​កើនឡើង​។ ជាពិសេស​នោះ បញ្ហា​សិទ្ធិមនុស្ស រួមមាន​ទាំង​ការសម្លាប់​ជន​ស៊ីវិល ការបង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅ និង​ការរំលោភ​ជាដើម​នោះ បាន​កើតឡើង​ស្ទើរតែ​ពាសពេញ​ប្រទេស​៕ 

Tag:
 ស៊ូដង់​ខាងត្បូង​
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com