អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ត្រៀម​ជួប ពូ​ទីន ដើម្បី​ស្រោចស្រង់​ទំនាក់ទំនង ប៉ុន្តែ​ក្ដី​រំពឹង​មាន​តិចតួច​
16, Jul 2018 , 1:54 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន និង​​​លោក ដូណា​​ល់ ត្រាំ នា​​​ជំនួប​​​នៅអា​​ល្លឺម៉ង់ (រូបភាព AFP)
លោក វ្ល៉ាឌីមៀ ពូទីន និង​​​លោក ដូណា​​ល់ ត្រាំ នា​​​ជំនួប​​​នៅអា​​ល្លឺម៉ង់ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៦ ខែកក្កដា​នេះ នៅឯ​ទឹកដី​ហ្វាំ​ង​ឡង់ ក្នុងជំនួប​តទល់​ដែលមាន​គោលដៅ​ស្ដារ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ឡើងវិញ​។ ប៉ុន្តែ​ក្ដី​រំពឹង​មាន​តិចតួច​ជុំវិញ​ការរីកចម្រើន​ទំនាក់ទំនង​ទ្វេភាគី​នេះ ដ្បិត​ត្រូវ​ប្រឈមមុខ​ឧបសគ្គ​រាំងស្ទះ​ជាច្រើន ជាពិសេស​នៅឯ​អាមេរិក​ផ្ទាល់​។ គេ​ជឿថា ជំនួប​លើក​នេះ គ្រាន់តែ​ជាការ​បង្កើន​ទំនាក់ទំនង​រវាង​លោក ត្រាំ និង​លោក ពូ​ទីន ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ប៉ុណ្ណោះ​។

 
​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី​ដែល​គេ​ទន្ទឹងរង់ចាំ​បានមក​ដល់​នៅ​ថ្ងៃទី​១៦ ខែកក្កដា​។ ចេញពី​ទឹកដី​ចក្រភព​អង់គ្លេស លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា បាន​ទៅដល់​ទីក្រុង​ហែល​ស៊ីន​គី​រួចស្រេច​នៅ​ថ្ងៃទី​១៥ ខែកក្កដា ដើម្បី​ចាំ​ជួប​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជជែក​រឿង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ធ្លាក់ចុះ​កាន់​ជ្រៅ​ពិបាក​ស្ដារ និង​បញ្ហា​ធំៗ​ដែល​នៅ​ខ្វែងគំនិត​គ្នា​ដូចជា​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក និង​វិបត្តិ​ស៊ី​រី​ផង​។ ប៉ុន្តែ​ជំនួប​នេះ ទំនង​មិនអាច​ផ្ដល់​ផ្លែផ្កា​អ្វី​ទេ​។​
 
​នេះ​ការជួប​តទល់​លើក​ទី​បី​រវាង​លោក ត្រាំ និង​លោក ពូ​ទីន ដោយ​លើកទីមួយ​នៅ​អាល្លឺម៉ង់ និង​លើក​ទី​ពីរ​នៅ​វៀតណាម​។ ប៉ុន្តែ​ជំនួប​លើក​នេះ អាច​ចាត់ទុក​ជំនួប​ផ្លូវការ​លើកទីមួយ​រវាង​មេដឹកនាំ​ទាំងពីរ​។ ជួបគ្នា​កន្លងមក មេដឹកនាំ​អាមេរិក និង​រុស្ស៊ី តែង​បង្ហាញ​ជំហរ​ចង់​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ប៉ុន្តែ​បញ្ហា​បានកើត​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​។​
 
​មុន​ជំនួប​នេះ ទាំង​អាមេរិក ទាំង​រុស្ស៊ី សុទ្ធតែ​មិន​រំពឹងថា ទទួលបាន​លទ្ធផល​តិចតួច​ពី​ជំនួប​នេះ​។ លោក ត្រាំ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក CBS ថា លោក​ដាក់​ក្ដីសង្ឃឹម​ទាប​លើ​ការជជែក​ជាមួយ​លោក ពូ​ទីន ឯ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក ច​ន បុល​តុ​ន ក៏​និយាយថា ជំនួប​នេះ នឹងធ្វើ​ឡើង​ដោយ​គ្មាន​ការរៀបចំ​ត្រឹមត្រូវ​ទៅទៀត​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov វិញ បញ្ជាក់ថា​ទុក​មុន ថា ជំនួប​នេះ​ជោគជ័យ​លុះត្រាតែ​មានការ​ព្រមព្រៀង​បើក​ទំនាក់ទំនង​ឡើងវិញ​។​
 
១. សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក នៅ​មិនទាន់​បញ្ចប់​
​សំណុំរឿង​អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​កកូរកកាយ​ការបោះឆ្នោត​ឆ្នាំ​២០១៦ នៅតែ​ជា​បញ្ហា​រាំងស្ទះ​ដ៏​ធំ​ក្នុង​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​។ រដ្ឋអាជ្ញា​ពិសេស​ដឹកនាំ​ដោយ Robert Mueller នៅតែ​បន្តការងារ​ស៊ើបអង្កេត​យ៉ាង​សស្រាក់​ស្រាំ និង​បាន​ចោទ​មន្ត្រី​រុស្ស៊ី​រាប់សិប​នាក់​ផង​។ នៅ​សប្ដាហ៍​មុន ជនជាតិ​រុស្ស៊ី​១២​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​លូកលាន់​យុទ្ធនាការ​បោះឆ្នោត​របស់​បក្ស​ប្រជាធិបតេយ្យ​។ 
 
​ក៏​ព្រោះតែ​ហេតុនេះ បំណង​របស់លោក ត្រាំ ក្នុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ត្រូវ​អាក់ខាន​ម្ដង​ហើយ​ម្ដងទៀត ហើយ​ត្រូវ​បង្ខំចិត្ត​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ទៀតផង​។ បញ្ហា​នេះ ក៏បាន​បង្ហាញ​ពី​ការខ្វែងគំនិត​ក្នុងចំណោម​អ្នកនយោបាយ​អាមេរិក ដែល​ម្ខាង​ចង់បាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​រុស្ស៊ី និង​ម្ខាង​ទៀត​មើលឃើញ​រុស្ស៊ី​ជាស​ត្រូវ ដែល​មិនអាច​ចូល​កៀក​បាន​បាត់ទៅហើយ​។ ឯ​លោក ត្រាំ ក៏​មិនអាច​ធ្វើបាន​ដែរ​លើ​រឿងនេះ​។ 
 
​ខណៈ​មិន​ពេញចិត្ត​នឹង​ដំណើរការ​ស៊ើបអង្កេត លោក ត្រាំ ដែល​នៅ​ចិញ្ចឹមចិត្ត​ចង់បាន​ទំនាក់ទំនង​សមប្រកប​ជាមួយ​រុស្ស៊ី នៅតែ​និយាយ បញ្ហា​នេះ​ជា​សំណល់​សល់​ពី​រដ្ឋបាល​អ​តី​ត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មិនមែនជា​ទង្វើ​របស់​រដ្ឋបាល​លោក​ឡើយ​។ លើសពីនោះ លោក​ក៏​គ្មាន​បំណង​ស្នើ​លោក ពូ​ទីន ឲ្យ​ធ្វើ​បត្យាប័ន​ជនជាតិ​រុស្ស៊ី​ទាំង​១២​នាក់ ដែល​ទើប​រង​ការចោទប្រកាន់​ដែរ ហើយ​លោក​នឹង​ប្រើ​ជំនួប​នៅ​ហ្វាំ​ង​ឡង់ ដើម្បី​សួរ​លោក ពូ​ទីន ថា មានបាន​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ឬ​អត់​។​
 
២. ត្រាំ មិនអាច​បោះដៃ​រក​រុស្ស៊ី ព្រោះ​ណា​តូ​មិន​សុខចិត្ត​
​ការធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​វិល​ទៅរក​ភាពប្រក្រតី​វិញ ជា​ជំហរ​របស់លោក ត្រាំ តាំងពី​យុទ្ធនាការ​បោះឆ្នោត​មកម្ល៉េះ​។ ជំនួប​ត្រាំ​-​ពូ​ទីន ក៏​ធ្វើឡើង​ចំពេល​ចំណុច​របត់​ដ៏​ធំ​មួយ​នៅ​លោកខាងលិច​ចាប់តាំងពី​ការដួលរលំ​សហភាពសូវៀត​នៅ​ឆ្នាំ​១៩៩១ ខណៈ​សម្ព័ន្ធ​យោធា​ណា​តូ​បារម្ភ​ថា ប្រ​ធា​ធិបតី​រុស្ស៊ី​អាច​ឆ្លៀតឱកាស​នេះ​ដើម្បី​បំបែក​សម្ព័ន្ធភាព​របស់​ណា​តូ​ដែល​ធ្លាប់តែ​រឹងមាំ​នា​អតីតកាល តែ​ក្លាយជា​ផុយស្រួយ​ក្រោយ​លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​មក​នោះ​។​
 
​បើទោះជា​ចង់បាន​ចំណង​ការទូត​ល្អប្រសើរ​ជាមួយ​រុស្ស៊ី​មែន ក៏​លោក ត្រាំ មិនអាច​បំភ្លេច​ការបារម្ភ​ខ្វល់ខ្វាយ​របស់​សម្ព័ន្ធមិត្ត​ខ្លួន​ដែរ ទោះ​លោក​មិន​ពេញចិត្ត​ក្ដី​។ សកម្មភាព​របស់​រុស្ស៊ី​អ៊ុយ​ក្រែ​ន និង​គ្រី​មៀ ពិតជា​ធ្វើ​ឲ្យ​ណា​តូ​នៅ​មិន​សុខ​។ ឆ្លើយតប​រឿងនេះ ណា​តូ​បាន​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន ចល័ត​ទ័ព​ទៅកាន់​ព្រំដែន​ជាប់​រុស្ស៊ី ដើម្បី​ការពារ​ការឈ្លានពាន​ណាមួយ​របស់​រុស្ស៊ី​ចូល​តំបន់​អឺរ៉ុប​ប៉ែក​ខាងកើត​នេះ​។​
 
៣. ស៊ី​រី​, អ៊ុយ​ក្រែ​ន និង​ការប្រកួត​សព្វាវុធ ជា​ប្រធានបទ​សំខាន់​ដែរ​
​ប្រ​ធា​បទ​សំខាន់ៗ​មួយចំនួនទៀត​ដូចជា​វិបត្តិ​ស៊ី​រី​, ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​ការរត់​ប្រណាំង​សព្វាវុធ ត្រូវ​រំពឹងថា នឹងត្រូវ​បានលើកឡើង​ក្នុងជំនួប​ត្រាំ​-​ពូ​ទីន​។ សម្រាប់​វិបត្តិ​ស៊ី​រី លោក ត្រាំ និង​លោក ពូ​ទីន ទំនងជា​ជជែក​គ្នា​លើ​ការដក​កម្លាំងយោធា​អ៊ីរ៉ង់​ឲ្យ​ឆ្ងាយ​ពី​ព្រំដែន​ជាមួយ​អ៊ីស្រាអែល ព្រោះ​បារម្ភ​ថា ជម្លោះផ្ទៃក្នុង​ស៊ី​រី​អាច​ក្លាយជា​ជម្លោះ​អ៊ីរ៉ង់​-​អ៊ីស្រាអែល​ទៅវិញ​។ 
 
​ទណ្ឌកម្ម​អាមេរិក​លើ​រុស្ស៊ី​ជុំវិញ​សកម្មភាព​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជា​រឿង​ដែល​លោក ពូ​ទីន មិន​ពេញចិត្ត​យ៉ាងខ្លាំង​។ កាលពី​ឆ្នាំ​២០១៧ លោក ត្រាំ បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ប៉ុន្តែ​ក្រុង​មូ​ស្គូ​អះអាងថា មិនអាច​អ្វី​ខ្លួន​បានទេ​។ យ៉ាងណាមិញ ក្នុងជំនួប​ជាមួយ​លោក ត្រាំ មេដឹកនាំ​រុស្ស៊ី​អាច​លើកឡើង​បញ្ហា​នេះ និង​ស្នើ​ឲ្យ​អាមេរិក​បញ្ចប់​ចំណាត់ការ​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com