អន្តរជាតិ
អឺរ៉ុបព្រមានចិន អាមេរិក និងរុស្ស៊ី៖ «សង្គ្រាមពាណិជ្ជកម្មអាចរាលដាលទៅជាជម្លោះហិង្សា» ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ ក្នុងសន្និសីទសារព័ត៌មាន (រូបភាព AFP)
× សហភាពអឺរ៉ុប នៅថ្ងៃទី១៦ ខែកក្កដា បានស្នើឲ្យមហាអំណាចធំទាំងបីរបស់ពិភពលោកមានចិន អាមេរិក និងរុស្ស៊ី មិនត្រូវធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នាឡើយ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស (Donald Tusk) និយាយថា ប្រទេសទាំងបីអាចស្វែងរកដំណោះស្រាយតាមរយៈយន្តការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ សំណើរបស់អឺរ៉ុបធ្វើឡើងស្របពេលដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន បន្តកើនកម្ដៅតាមរយៈការដំឡើងពន្ធនាំចូលលើផលលិតផលរៀងៗខ្លួន។
ខណៈជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបានផ្ទុះឡើងទៅហើយនោះ សហភាពអឺរ៉ុបឯណោះបានអំពាវនាវឲ្យមហាអំណាចទាំងអស់ចៀសវាងការធ្វើឲ្យជម្លោះរាលដាលខ្លាំងជាងនេះ ព្រោះអាចនាំទៅរកបញ្ហាធ្ងន់ធ្ងរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស និយាយថា មហាអំណាចទាំងពីរបូករុស្ស៊ីផងនោះ ត្រូវធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយបញ្ហាលើវិស័យពាណិជ្ជកម្ម ជាជាងប្រកួតប្រជែងគ្នាដែលនាំទៅរកមហន្តរាយ។
លោក ទូស លើកឡើងបែបនេះនាសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែកក្កដា ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឹឈាំង ក្រោយជំនួបកំពូលចិន-អឺរ៉ុបលើកទី២០ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំង ប្រធានក្រុមប្រឹក្សារូបនេះបញ្ជាក់ថា វាជាកាតព្វកិច្ចរួមរបស់សហភាអឺរ៉ុប និងចិន ព្រមទាំងអាមេរិក និងរុស្ស៊ីផង ដែលមិនត្រូវបំផ្លាញសណ្ដាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិឡើយ តែត្រូវពង្រឹងវិញ ហើយក៏មិនត្រូវចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មដែលតែងនាំទៅរកជម្លោះហិង្សាដែរ។
ក្នុងន័យនេះ លោក ទូស ដែលមានប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ អមដំណើរដែរនោះ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងកែទម្រង់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក មិនមែនការប្រឈមមុខគ្នាឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ជាមួយនឹងការស្នើឲ្យកែទម្រង់អង្គការ WTO ប្រមុខដឹកនាំសហភាពអឺរ៉ុបរូបនេះព្រមានថា ពិភពលោកជួបបញ្ហាពីរ គឺត្រូវប្រកួតគ្នាតាមរយៈការដាក់ពន្ធ ឬជម្លោះនៅស៊ីរី ឬក៏តាមរយៈរកដំណោះស្រាយដោយផ្អែកលើច្បាប់យុត្តិធម៌។
ប្រឈមមុខគោលនយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ អឺរ៉ុប និងចិនបានឯកភាពធ្វើការជាមួយគ្នាដើម្បីការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់ ជំរុញពហុភាគីនិយម និងគាំទ្រពាណិជ្ជកម្មសេរី។ ច្បាស់ណាស់ថា នេះជាការចង់បានរបស់ចិនដែលផ្ទុយពីអាមេរិកទាំងស្រុងនោះ។ គំនិតផ្ទុយគ្នានេះហើយ ដែលកំពុងដុតកម្ដៅស្ថានភាពពាណិជ្ជកម្មអន្តរជាតិ និងបង្កើតភាពមិនច្បាស់លាស់នោះ។
តាមពិតទៅ ជម្លោះពាណិជ្ជកម្មនេះផ្ដើមចេញពីចំណាត់ការរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោនក្នុងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកជាមួយដៃគូរកស៊ីរបស់ខ្លួន។ ដំបូង អាមេរិកដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកខឹងយ៉ាងខ្លាំង។ ក្រោយមក ក្រុងវ៉ាស៊ីនតោនក៏ដាក់មុខសញ្ញាលើក្រុងប៉េកាំងខ្លាំងជាងគេ ព្រោះជញ្ជីងពាណិជ្ជកម្មងាកទៅរកចិនខ្លាំង ដែលធ្វើឲ្យអាមរិកសម្រេចដាក់ពន្ធច្រើនពាន់ដុល្លារ ហើយចិនក៏ចាត់វិធាការដូចគ្នាវិញ៕
Tag:
អឺរ៉ុប
អាមេរិក
ចិន
រុស្ស៊ី
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com