រថយន្ត
អន្តរជាតិ
ក្រុមអ្នកគាំទ្រអង់គ្លេសអង្គាសថវិកាដើម្បីជួសជុលរថយន្តដែលត្រូវបានបំផ្លាញក្រោយឈ្នះស៊ុយអែត ស្ត្រីវ័យក្មេងម្នាក់លោតទន្ត្រំលើរថយន្ត។ រូបថត Reuters
× បន្ទាប់ពីអង់គ្លេសបានយកឈ្នះស៊ុយអែត ២-០ កាលពីការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅថ្ងៃទី៧ ខែកក្កដា ក្រុមអ្នកគាំទ្រអង់គ្លេសអបអរយ៉ាងខ្លាំងក្លា ដោយអ្នកខ្លះប្រព្រឹត្តទង្វើដ៏គួរឲ្យគោរព ហើយអ្នកខ្លះទៀតលង់ខ្លួនធ្វើទង្វើមិនគប្បី។ ជាក់ស្តែង រថយន្តពេទ្យមួយនៅកណ្តាលក្រុងឡុងដ៍ ត្រូវបានបំផ្លាញព្រោះតែការសប្បាយគ្មានព្រំដែន។
យោងតាមការផ្សាយរបស់ The Independent រថយន្តពេទ្យមួយគ្រឿង ត្រូវបានដាក់ចតចោលក្បែរស្ពាន London Bridge។ គ្រាន់តែកញ្ចែបញ្ចប់ការប្រកួតភ្លាម ក្រុមអ្នកគាំទ្របាននាំគ្នាអបអរសាទរ ដោយសារតែអង់គ្លេសឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្រោយអវត្តមានជិត៣០ឆ្នាំ។
សកម្មភាពអបអរសាទររបស់អ្នកនោះ បានបង្ហាញនូវទិដ្ឋភាពដ៏អាក្រក់មួយ ដោយពួកគេនាំគ្នាឡើងលើដំបូលរថយន្ត និងលោតតន្ត្រំពីលើ រហូតដល់រងការខូចខាតយ៉ាងខ្លាំង។ ក្នុងចំណោមយុវជនទាំងនោះ អ្នកប្រើប្រាស់សង្គមចែករំលែកតៗគ្នានូវសកម្មភាពរបស់នារីវ័យក្មេងម្នាក់។
ទាក់ទងនឹងបញ្ហានេះ ភ្នាក់ងាររថយន្តសង្គ្រោះបន្ទាន់ប្រចាំក្រុងឡុងដ៍ បានលើកឡើងថា ទង្វើរបស់ក្រុមអ្នកគាំទ្រដ៏ជ្រុលនិយមទាំងនោះ មិនអាចអន់ឱនឲ្យនោះឡើយ។ ស្ថាប័ននេះ បានសរសេរនៅលើបណ្តាញសង្គម Twitter ខ្លួនថា៖«រថយន្តមិនអាចធ្វើដំណើរទៅយកជនរងគ្រោះបានទៀតហើយ។ យើងត្រូវមានកាតាព្វកិច្ចសំខាន់ជាងនេះ»។
ដើម្បីលុបលាងកំហុសនេះ ក្លិបក្រុមអ្នកគាំទ្រមួយដែលមានឈ្មោះថា Millwall Supporters’ Club បានចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់ឲ្យបានចាប់ពី៥០០០ផោនឡើងទៅ ដើម្បីសងថ្លៃការខូចខាត។ ការរៃអង្គាសធ្វើឡើងតាមរយៈគេហទំព័រ JustGiving។
Millwall Supporters’ Club បានលើកឡើងថា វាជារឿងដ៏សំខាន់ក្នុងការជួយដល់សហគមន៍សម្រាប់ការជួសជុលរថយន្តដែលខូចខាត ហើយអ្នកគាំទ្រទាំងអស់បន្តរីករាយទាំងអស់គ្នាសម្រាប់ក្រុមអង់គ្លេស។ ប៉ុន្តែមកដល់ពេលនេះ គេមិនទាន់ដឹងថា ការរៃអង្គាសមានដំណើរការទៅមុខ ឬយ៉ាងណាក៏នោះឡើយ បន្ទាប់ពីអង់គ្លេសបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់បែលហ្ស៊ិក ២-០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com