ជាតិ
សេដ្ឋកិច្ច
ក្រសួង​ទេ​សចរណ៍​៖ និស្សិត​ជំនាញ​ទេសចរណ៍ អាច​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​៥០០​ដុល្លារ​ក្នុង​១​ឆ្នាំ
16, Jul 2018 , 5:37 pm        
រូបភាព
រូបតំណាង
រូបតំណាង
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន​៦ ដើម្បី​ផ្ដល់​សេវា​ប្រាក់កម្ចី​សិក្សា​ដល់​សិស្ស និង​និស្សិត ដែលមាន​បំណង​រៀន​ជំនាញ​ទេសចរណ៍ ប៉ុន្តែ​មិនមាន​លទ្ធភាព​បង់ថ្លៃ​សាលា​។ សិស្ស និង​និស្សិត អាច​ខ្ចីប្រាក់​បាន​៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ ជាមួយ​ការប្រាក់​៤​ដុល្លារ​ក្នុង​មួយខែ​។



​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ទឹកប្រាក់​កម្ចី​៥០០​ដុ​លា្ល​រ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​៦​នេះ មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ​ឡើយ ដោយ​សិស្ស និង និស្សិត អាច​ខ្ចី​បាន​រៀងរាល់ឆ្នាំ រហូតដល់​៧​ឆ្នាំ សម្រាប់​ការសិក្សា​របស់​ពួកគេ ។ មូល​ហេតុដែល​ក្រសួង រៀបចំ​សេវា​ប្រាក់កម្ចី​ការសិក្សា​សម្រាប់​និស្សិត​ទេសចរណ៍ ដោយសារតែ​វិស័យ​មួយ​នេះ កំពុង​ត្រូវការ​ធនធានមនុស្ស​មា​ន​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ធានា​ការផ្ដល់សេវា​មួយ​ប្រកបដោយ​គុណភាព​។​

​បើតាម​ក្រសួងទេសចរណ៍ ជម្រើស​សម្រាប់​និស្សិត​នោះ គឺ​ទី​១ នៅពេល​កំពុង​សិក្សា ពួកគេ​អាច​បង់​តែ​ការប្រាក់​៤​ដុល្លារ​ក្នុង​មួយខែ ឬ​បង់ប្រាក់​ដើម និង​ការប្រមាណ ៤៦​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ប្រាក់កម្ចី​៥០០​ដុល្លារ រយៈពេល​មួយឆ្នាំ​។ ទី​២ ក្រោយពេល​រៀន​ចប់ និស្សិត​រក​ការងារ​បានធ្វើ ទើប​មក​បង់ប្រាក់​ដើម​និង​ការ​ចំនួន​៤៦​ដុល្លារ​នោះ​ក៏បាន​ដែរ​។​

​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​៦ ដែល​អាច​ផ្តល់​កម្ចី​ដល់​និស្សិត​សិក្សា​លើ​ជំនាញ​ទេសចរណ៍ រួមមាន ធនាគារ​អេស៊ីលីដា ភី​អេ​ល​ស៊ី​, ធនាគារ​កាណាឌីយ៉ា ក​អ​, ហ្វូ​តា​បា មីក្រូហិរញ្ញវត្ថុ ភី​អេ​ល​ស៊ី​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK៕


© រក្សាសិទ្ធិដោយ thmeythmey.com