ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ៖ កត្តាមួយចំនួន នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អនៅឆមាសទី២ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងមានកំណើនរឹងមាំ គឺ ៧ភាគរយសម្រាប់ឆ្នាំ២០១៨ នេះ។ ការព្យាករណ៍នេះត្រូវបានបង្ហាញឡើងក្នុងរបាយការណ៍ប្រចាំឆមាសទី១របស់ NBC ដែលចេញផ្សាយនៅចុងសប្ដាហ៍មុន។
កំណើនដ៏រឹងមាំនេះ ត្រូវបានគាំទ្រដោយកំណើនវិស័យឧស្សាហកម្ម ១០,២ភាគរយ សេវាកម្ម ៦,៥ភាគរយ និងកសិកម្ម ២ភាគរយនៅក្នុងឆ្នាំនេះ។
ការព្យាករណ៍នេះមានការប្រែប្រួលបន្តិច បើធៀបនឹងការព្យាករណ៍លើកមុន។ របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់ NBC កន្លងទៅ បានព្យាករសេដ្ឋកិច្ចកម្ពុជា ៦,៩ភាគរយ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ បានឲ្យដឹងថា នៅឆមាសទី២ឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តមានកំណើនប្រកបដោយចីរភាព ដែលគាំទ្រដោយកត្តាចម្បងៗមួយចំនួន។
កត្តាទាំងនោះរួមមាន៖ ទី១/ ការរំពឹងទុកលើការបន្តងើបឡើងនៃសេដ្ឋកិច្ចពិភពលោក ទី២/ ភាពរឹងមាំនៃជំនឿទុកចិត្តលើសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពនយោបាយ នឹងបន្តទាក់ទាញវិនិយោគិនបរទេស និងលំហូរមូលធន ទី៣/ ការបន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដោយអតិផរណាមានកម្រិតទាប និងអាចគ្រប់គ្រងបាន និងស្ថិរភាពអត្រាប្ដូរប្រាក់ ទី៤/ ការកើនឡើងនៃចំណាយសាធារណៈ ដែលនឹងរួមចំណែកបង្កើនការវិនិយោគក្នុងស្រុក ទី៥/ ភាពអំណោយផលពីកត្តាអាកាសធាតុសម្រាប់វិស័យកសិកម្ម ទី៦/ ការពង្រីកសក្ដានុពលក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ នឹងបង្កើនផលិតកម្មក្នុងស្រុក និងការនាំចេញ និងទី៧/ ការបន្តរក្សាបានស្ថិរភាពហិរញ្ញវត្ថុ។
ក្នុងឆមាសទី១ កន្លងទៅ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ ដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ នេះបើតាមរបាយការណ៍ថ្មីមួយនេះ។ អត្រាប្ដូរប្រាក់មានស្ថិរភាពក្នុងរង្វង់ ៤០៣៧រៀលក្នុងមួយដុល្លារអាមេរិក។ អតិផរណាមានកម្រិតមធ្យម ២,៦ភាគរយ ហើយត្រូវព្យាករថាមានកម្រិត ៣ភាគរយក្នុងឆ្នាំនេះ ដែលជាអត្រាអាចគ្រប់គ្រងបាន។
រីឯទុនបម្រុងអន្តរជាតិមានចំនួន ៩,១ពាន់លានដុល្លារ ដែលអាចធានាដល់ការនាំចូលទំនិញ និងសេវា សម្រាប់រយៈពេល៦ខែ ហើយនឹងកើនឡើងដល់ ១០ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com