ជាតិ
សេដ្ឋកិច្ច
ចិន គ្រោង​សង់រោង​ចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅ​កម្ពុជា​
16, Jul 2018 , 10:39 pm        
រូបភាព
រូបភាពបានពីក្រសួងពាណិជ្ជកម្ម
រូបភាពបានពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ចំនួន​ពីរ គ្រោង​ដំឡើង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី និង​ទូរគមនាគមន៍​។​



​គម្រោង​ទាំងពីរ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោក លាំង សាន (Liang Shan) អនុប្រធាន​ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd និង​លោក យុង​តាវ ចាវ (Yongtao Jiao) ប្រធាន​ក្រុមហ៊ុន Beidou Star Data Technology Co., Ltd កាលពីពេល​ថ្មី​នេះ​។​

​លោក លាំង សាន ប្រាប់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថា ក្រុមហ៊ុន​លោក មាន​អ្នកឯកទេស​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម ជាមួយ​បច្ចេកវិទ្យា​ទំនើប ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។



​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ សន្យា​ជួយ​សម្របសម្រួល​នីតិវិធី និង​បែបបទ​រដ្ឋបាល​នានា ដល់​គម្រោង​ទាំងនេះ ឲ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត​។ ជាមួយគ្នានេះ​លោក ក៏បាន​ស្នើ​តំណាង​ក្រុមហ៊ុន​ទាំងពីរ សិក្សា​ភូមិសាស្ត្រ និង​សក្តានុពល​អតិថិជន​នៅ​កម្ពុជា​ឲ្យ​បាន​ច្បាស់ ដើម្បី​ក្រសួង​រៀបចំ​សំណើ​វិនិយោគ​ជា​ផ្លូវការ សម្រាប់​រដ្ឋាភិបាល ពិនិត្យ និង​អនុម័ត​៕


Tag:
 វិនិយោគ​
  ធ្យូងថ្ម​
  ផ្កាយរណប​
© រក្សាសិទ្ធិដោយ thmeythmey.com