អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខសុំទោស ព្រោះមិនអាចដំឡើងថ្លៃឈ្នួលអប្បរមាតាមការសន្យា លោក មូន ចេអ៊ីន អំឡុងទស្សនកិច្ចនៅសិង្ហបុរី (រូបភាព AFP)
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៦ ខែកក្កដា បានសុំទោសដោយចំហ ក្រោយមិនអាចដំឡើងឈ្នួលអប្បរមាក្នុងមួយម៉ោងតាមពាក្យសន្យាបាន។ កាលពីពេលឃោសនារកសំឡេងឆ្នោត លោក មូន បានប្រកាសថា លោកនឹងដំឡើងថ្លៃឈ្នួលនេះឲ្យលើស១ម៉ឺនវ៉ុន (ច្រើនជាង៨.៨៦ដុល្លារ) ក្នុងមួយម៉ោងនៅត្រឹមឆ្នាំ២០២០ ពេលលោកឈ្នះឆ្នោត។ ប៉ុន្តែពីរថ្ងៃមុននេះ គណៈកម្មការថ្លៃឈ្នួលអប្បរមាត្រីភាគី បានកំណត់ថ្លៃឈ្នួលត្រឹម៨,៣៥០វ៉ុនក្នុងមួយម៉ោងប៉ុណ្ណោះ។
«យោងតាមការសម្រេចចិត្តរបស់គណៈកម្មការប្រាក់ឈ្នួលអប្បបរមា វាហាក់ដូចជារឿងពិបាកក្នុងការសម្រេចឲ្យបានគោលដៅដំឡើងប្រាក់ឈ្នួលអប្បរមាដល់១ម៉ឺនវ៉ុននៅត្រឹមឆ្នាំ២០២០ ។» នេះជាសម្ដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាកិច្ចប្រជុំជាមួយលេខាជាន់ខ្ពស់របស់លោកនៅវិមានប្រធានាធិបតី Cheong Wa Dae មុននឹងប្រកាសសុំទោសជាសាធារណៈដែលលោកមិនអាចធ្វើតាមពាក្យសន្យាកាលពីពេលឃោសនាបាន។
ការសុំទោសនេះធ្វើឡើងពីរថ្ងៃក្រោយគណៈកម្មការចម្រុះរដ្ឋាភិបាល និយោជក និងនយោជិក បានសម្រេចដំឡើងថ្លៃឈ្នួលអប្បរមាក្នុងមួយម៉ោងដល់៨,៣៥០វ៉ុន។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap ប្រាក់ឈ្នួលថ្មីនេះបានកើនឡើងចំនួន១០.៩ភាគរយ បើប្រៀបធៀបនឹងថ្លៃឈ្នួលសព្វថ្ងៃដែលមានត្រឹម៧,៥៣០វ៉ុន។ ប្រាក់ឈ្នួលអប្បរមាថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។
ការដំឡើងប្រាក់ឈ្នួលអប្បរមានេះ ជាការសន្យាដ៏សំខាន់មួយរបស់លោក មូន ដោយលោកសន្យាធ្វើឲ្យនៅឆ្នាំ២០២២ ។ ប៉ុន្តែក្រោយឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៧ លោកក៏សម្រេចចិត្តបន្ថយពេលវេលានេះមកត្រឹមឆ្នាំ២០២០ វិញ។ ព្រមគ្នានឹងការសុំទោសនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏បានបង្ហាញវិជ្ជមានដែរ ព្រោះភាគរយនៃប្រាក់ឈ្នួលថ្មីត្រូវបានដំឡើងដល់ទៅពីរខ្ទង់ឯណោះ។ លោក មូន ក៏សន្យាថា លោកនឹងសម្រេចពាក្យសន្យារបស់លោកឲ្យបានឆាប់បំផុត។
ខណៈមិនអាចបំពេញពាក្យសន្យានោះ លោក មូន ក៏ឆ្លៀតនិយាយការពារការកំណត់ប្រាក់ឈ្នួលអប្បរមាថ្មីនេះ។ លោកអះអាងថា គោលដៅសំខាន់មិនមែនដំឡើងឲ្យបាន១ម៉ឺនវ៉ុននៅឆ្នាំនេះឡើយ តែជាការធ្វើឲ្យប្រាកដថា ការកើនឡើងថ្លៃឈ្នួលទាបបំផុតក្នុងមួយម៉ោង នឹងនាំទៅដល់ការបង្កើតការងារកាន់តែច្រើន និងលើកកម្ពស់ជីវភាពប្រជាជន។
តាមពិតទៅនោះ ការកំណត់ថ្លៃឈ្នួលនេះ ក៏មិនមែនធ្វើឡើងដោយស្រួលដែរ។ សមាជិកគណៈកម្មការនេះដែលតំណាងឲ្យក្រុមហ៊ុននានា បានធ្វើពហិការមិនចូលរួមប្រជុំ ដែលទំនងជាបណ្ដាលមកពីការមិនពេញចិត្តការដំឡើងប្រាក់ឈ្នួលនេះ។ តំណាងកម្មករ និងសហជីព បានទាមទារប្រាក់ឈ្នួលទាបបំផុតថ្មីលើសពីការសន្យារបស់លោក មូន ទៅទៀត ដោយពួកគេចង់បានប្រាក់ឈ្នួលថ្មីចំនួន១០,៧៩០វ៉ុនឯណោះ៕
Tag:
កូរ៉េខាងត្បូង
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com