កីឡាអន្តរជាតិ
អន្តរជាតិ
២៣​នាក់​របស់​បារាំង មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ World Cup 2018
17, Jul 2018 , 6:59 am        
រូបភាព
រូបភាព ពី FIFA
រូបភាព ពី FIFA
​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ពាន់រង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី ជម្រើសជាតិ​បារាំង​ក៏​ជា​ក្រុម​ដែលមាន​សមាសភាព​កីឡាករ​ថ្លៃ​ជាងគេ​បំផុត ក្នុងចំណោម​ក្រុម​ទាំង​៣២ ខណៈ​អេ​ស្ប៉ា​ញ ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​អង់គ្លេស​ស្ថិតនៅ​លេខ​រៀង​បន្តបន្ទាប់​ដែលមាន​តម្លៃ​លើសពី​១​ពាន់​ដុល្លារ​ឡើងទៅ​។



​ប្រាក់ ១២៧៤ លាន​ដុល្លារ​អាមេរិក អាច​ទិញ​កោះ​ឯកជន​ដល់​ទៅ​ពីរ​នៅឯ​ឆ្នេរសមុទ្រ​ក្នុង​ក្រុង Miami សហរដ្ឋអាមេរិក យន្តហោះ​ឯកជន​ពីរ​គ្រឿង កប៉ាល​កំសាន្ត​បែប​ឯកជន​មួយគ្រឿង រថយន្ដ​ទំនើបៗ ដែល​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​អស់លោកអ្នក​ប្រកបទៅដោយ​ភាពរុងរឿង​។ យ៉ាងណាមិញ ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​នេះ លោកអ្នក​ក៏​អាច​ធ្វើជា​ម្ចាស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ដែលមាន​សមាជិក​២៣​នាក់​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។

​បើតាម​ទិន្ន័យ BloombergQuint ដែល​បាន​សិក្សា​លើ​តម្លៃ​ខ្លួន​កីឡាករ​ម្នាក់ៗ​នៅតាម​បណ្តា​ក្លិប​នានា​លើ​ពិភពលោក ក្រៅពី​បារាំង​ដែលមាន​តម្លៃ ១២៧៤ ​លាន​ដុល្លារ មាន​ក្រុ​ជម្រើសជាតិ​៤​ទៀត​រួមមាន​ម្ចាស់​ជើងឯក​ឆ្នាំ​២០១០​អេ​ស្ប៉ា​ញ​ស្ថិតនៅ​លេខ​២​មានតម្លៃ ១២១៩​​លាន​ដុល្លារ លេខ​៣ ប្រេ​ស៊ី​ល ១១៥៩​​លាន​ដុល្លារ លេខ​៤ ម្ចាស់​ជើងឯក​ឆ្នាំ​២០១៤ អាល្លឺម៉ង់ ១០៤១​លាន​ដុល្លារ និង​លេខ​៥ អង់គ្លេស ១០៣១​លាន​ដុល្លារ​។​

​អ្វីដែល​នាំ​ឲ្យ​ក្រុម​របស់លោក Didier Deschamps មានតម្លៃ​ថ្លៃ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​នេះ ដោយសារ​ក្រុម​រហស្សនាម​មាន់គក​មាន​សមាសភាព​កីឡាករ​ល្បីៗ​ដូចជា Kylian Mbappe ខ្សែប្រយុទ្ធ​ក្លិប Paris Saint Germain មានតម្លៃ​ខ្លួន ១៤១លាន​ដុល្លារ​, Antoine Griezmann សមាជិក​ក្រុម Atletico Madrid តម្លៃ ១១៨ លាន​ដុល្លារ​, Paul Pogba ខ្សែបម្រើ Manchester United មានតម្លៃ​ខ្លួន ១០៦​លាន​ដុល្លារ និង Ousmane Dembélé របស់ Barcelona ដែលមាន​តម្លៃ​លើសពី​១០០​លាន​ដុល្លារ​ដែរ​។​

​ចំណែក អេ​ស្ប៉ា​ញ​មិនមាន​ឡើយ​កីឡាករ​សូម្បីតែ​ម្នាក់​ដែលមាន​តម្លៃ​លើសពី ១០០​លាន​ដុល្លារ ប៉ុន្តែ​ពួកគេ​មាន​កីឡាករ​តម្លៃ​ជា​មធ្យម​គឺ ៥៣​លាន​ដុល្លារ ដែល​នាំ​ឲ្យ​ម្ចាស់​ជើងឯក​ឆ្នាំ​២០១០ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​។

​រីឯ ម្ចាស់​ជើងឯក​៥​សម័យ ប្រេ​ស៊ី​ល​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយសារ​ពួកគេ​មាន Neymar ដែលមាន​តំលៃ​ខ្លួន​ខ្ពស់បំផុត​លើ​លោក ២១២​លាន​ដុល្លារ រូ​ម​ទាំង Coutinho ដែល​ថ្លៃ​លើសពី​១០០​លាន​ដុ​រល្លា​រដែរ​។​

Toni Kroos ជា​កី​ឡករ​ថ្ងៃ​ជាងគេ​របស់​អាល្លឺម៉ង់ ៩៥​លាន​ដុល្លារ ហើយ​ពួកគេ​ក៏មាន​កីឡាករ​ថ្លៃៗ​ផ្សេងទៀត​ជាច្រើន​ផងដែរ​។ ក្រុម​លេខ​៥ អង់គ្លេស ព្រោះ​ពួកគេ​មាន​ប្រធាន​ក្រុម​ខ្លួន Harry Kane ដែល​បាន​ស្បែកជើង​មាស​នៅ World Cup លើក​នេះ​មានតម្លៃ​ខ្លួន​រហូតដល់ ១៧៧​លាន​ដុល្លារ​។

​ដោយឡែក សមាសភាព​កីឡាករ​២៣​រូប មានតម្លៃ​ទាប​ជាងគេ​បំផុត​ត្រឹម​១០​លាន​ដុល្លារ គឺ​ប៉ា​ណា​ម៉ា ដែល​ទើប​មាន​វត្តមាន​លើកដំបូង​នៅ World Cup នៅ​រុស្ស៊ី​នេះ​៕




Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com