ជាតិ
បោះឆ្នោត
នយោបាយជាតិ
បក្សខ្មែរសាធារណរដ្ឋចុះទៅជួបពលរដ្ឋផ្ទាល់ ព្រោះមិនចូលចិត្តដាក់មេក្រូឃោសនា
× ភ្នំពេញ៖ ក្នុងរដូវកាលនៃការឃោសនាបោះឆ្នោត គណបក្សខ្មែរសាធារណរដ្ឋ មិនមានការឃោសនាទ្រង់ទ្រាយធំឡើយ។ ការមិនឃោសនាទ្រង់ទ្រាយធំ ព្រោះគណបក្សដែលមានលេខរៀងទី១១នេះ ចង់ចុះជួបពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីឲ្យពលរដ្ឋបានស្គាល់ និងបានដឹងថា បេក្ខជនតំណាងរាស្ត្ររបស់ខ្លួនជានរណា។
ការចុះមូលដ្ឋាន គឺជារឿងសំខាន់ ដែលគណបក្សខ្មែរសាធារណរដ្ឋ ត្រូវយកចិត្តទុកដាក់។ បើតាមលោក ហូន ធៀមទៀង អនុប្រធានទី១នៃគណបក្សខ្មែរសាធារណរដ្ឋ ការចុះមូលដ្ឋានដោយផ្ទាល់ពីបេក្ខជនតំណាងរាស្ត្រ ធ្វើឲ្យពលរដ្ឋបានស្គាល់បេក្ខជនតំណាងរបស់ខ្លួនច្បាស់ ហើយបេក្ខជនតំណាងរាស្ត្រ នៅពេលជាប់ឆ្នោត ក៏បានស្គាល់ពីទុក្ខលំបាក ក៏ដូចជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។
លោក ហូន ធៀមទៀង បញ្ជាក់ប្រាប់សារព័ត៌ថ្មីៗ យ៉ាងដូច្នេះថា៖ «ការឃោសនាដាក់មេក្រូ តាមផ្លូវ មិនបានធ្វើឲ្យបេក្ខជនតំណាងរាស្ត្រដឹងពីទិដ្ឋភាពជាក់់ស្ដែងរបស់ប្រជាពលរដ្ឋនោះទេ។ យើងប្រើគ្នាមួយក្រុម មានគ្នា ២ទៅ៣នាក់ [ឲ្យចុះទៅមូលដ្ឋាន] គឺអាចជ្រួតជ្រាបដល់មនុស្សរាប់រយនាក់»។
អនុប្រធានគណបក្ស បានអះអាងថា គណបក្សសាធារណរដ្ឋ មិនមែនជាកូនអុក របស់គណបក្សកាន់អំណាចឡើយ។ បច្ចុប្បន្ន គណបក្សខ្មែរសាធារណរដ្ឋ ដែលមានកូនប្រុសរបស់លោក លន់ នល់ គឺលោក លន់ រិទ្ធ ជាប្រធាន បានឃោសនាស្វែងរកសំឡេងឆ្នោតដោយប្រើ គោលនយោបាយចំនួន ៨ចំណុច។ ទី១ កែទម្រង់រដ្ឋធម្មនុញ្ញឲុ្យបានស៊ីជម្រៅ។ ទី២ កំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី ដោយឲ្យដឹកនាំយ៉ាងយូរ២អាណត្តិ ហើយមួយអាណត្តិមានរយៈពេល៥ឆ្នាំ។ ទី៣ កាត់បន្ថយការសេពគ្រឿងស្រវឹង និងលុបបំបាត់គ្រឿងញៀន។ ទី៤លុបបំបាត់ការកាប់បំផ្លាញព្រៃឈើ។ ទី៥ ជំរុញទេសចរណ៍ធម្មជាតិ វប្បធម៌ ហើយធានាសុវត្ថិភាពស្បៀងអាហារ។ ទី៦ លើកតម្លៃការសិក្សាស្រាវជ្រាវ ការពិសោធ និងការកែច្នៃគ្រប់ប្រភេទ។ ទី៧ ធ្វើឲ្យមានសីលធម៌ វប្បធម៌ និងស្មារតីជាតិនិយមឡើងវិញ។ ទី៨ សើរើឡើងវិញនូវភាពមិនប្រក្រតីក្នុងការផ្ដល់កម្មសិទ្ធិ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងពិនិត្យមើលឡើងវិញការបោះបង្គោលព្រំដែនគោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង។
ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិទី៦នេះ គណបក្សខ្មែរសាធារណរដ្ឋ មានបេក្ខជនឈរឈ្មោះចំនួន ១០មណ្ឌល ស្មើនិង៦១អាសនៈ។ មណ្ឌលទាំង១០ នោះមាននៅ ខេត្តកំពង់ចាម, កំពង់ធំ, ព្រះវិហារ, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, តាកែវ, ក្រចេះ និងភ្នំពេញ៕
Tag:
គណបក្ស
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com