ជាតិ
បោះឆ្នោត
គ.ជ.ប. មិនធ្វើតាមសំណើរបស់បក្សជួង ដែលស្នើឲ្យគូសធិកតែម្យ៉ាង លើសន្លឹកឆ្នោត លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ថ្លែងទៅកាន់អ្នកគាំទ្រ មុននឹងចេញដង្ហែក្បួនឃោសនា។ រូបពីគណនីហ្វេសបុកឈ្មោះ Veasna Khem
× សំណើរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោយ (គ.ជ.ប.) កំណត់យកសញ្ញាធិក (✓) តែមួយគត់ សម្រាប់គូសលើសន្លឹកឆ្នោត បានទទួលចម្លើយអវិជ្ជមាន។ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប. បានប្រាប់ប្រធានគណបក្ស ដែលមានរូបជួងជាសញ្ញាសម្គាល់ថា មិនអាចធ្វើតាមសំណើនេះបានឡើយ។
តាមរយៈលិខិត ធ្វើនៅថ្ងៃ១៥ ខែកក្កដា ដើម្បីផ្ញើជូនលោក ខឹម វាសនា លោក ស៊ិក ប៊ុនហុក បានបកស្រាយថា ការសម្រេចរបស់គ.ជ.ប. គឺផ្នែកលើមូលដ្ឋានច្បាប់។ លោក ពន្យល់ លោក ខឹម វាសនា ក្នុងលិខិតនោះថា ការប្រើសញ្ញាធិកតែម្យ៉ាង គឺមិនឆ្លុះបញ្ចាំងពីបទបញ្ញត្តិ ដែលកំណត់ពីរបៀបគូសសន្លឹកឆ្នោតឡើយ។
ប្រធានគ.ជ.ប. រូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ក្នុងបទបញ្ញត្តិនៃរបៀបគូសន្លឹកឆ្នោត មិនបានចែងថា អ្នកបោះឆ្នោត ត្រូវតែគូសសញ្ញាធិក តែមួយគត់នោះទេ។ ច្បាប់អនុញ្ញាតឲ្យអ្នកបោះឆ្នោតគូសសញ្ញាគាំទ្រទូទៅ នៅលើសន្លឹកឆ្នោត វៀរលែងតែគំនូសសញ្ញាទាំងឡាយណា ដែលធ្វើឲ្យគេស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត»។
លោក ស៊ិក ប៊ុនហុក ហ៊ានអះអាងប្រាប់លោក ខឹម វាសនាថា ទោះជាប្រើសញ្ញាច្រើនបែប ដើម្បីគូសលើសន្លឹកឆ្នោតក្តី ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោតដែរ។ លោក បន្តថា ប្រទេសជាច្រើនលើពិភពលោក ដូចជាអង់គ្លេស ជាដើម ក៏មិនតម្រូវឲ្យអ្នកបោះឆ្នោត គូសសញ្ញាគាំទ្រជាក់លាក់ណាមួយនៅលើសន្លឹកឆ្នោតនោះទេ។
ថ្មីៗនេះ លោក ខឹម វាសនា បានដាក់លិខិតទៅកាន់លោក ស៊ិក ប៊ុនហុក ដើម្បីសុំឲ្យគ.ជ.ប. លុបចោលនូវចំណុច ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រើសញ្ញាច្រើនយ៉ាង សម្រាប់គូសលើសន្លឹកឆ្នោត។ លោក យល់ថា ការប្រើសញ្ញាបែបនេះ ឬបែបនោះ គឺអាចឲ្យគេសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ហើយធ្វើឲ្យការបោះឆ្នោត លែងសម្ងាត់។ លោក បារម្ភថា នៅពេលគេអាចសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត នោះការគំរាមកំហែង និងការទិញឬលក់សន្លឹកឆ្នោត នឹងអាចកើតមានឡើង។
បើតាមគ.ជ.ប. ក្រៅពីសញ្ញាធិក ប្រជាពលរដ្ឋ អាចប្រើសញ្ញាជាច្រើនទៀត សម្រាប់គូសលើសន្លឹកឆ្នោត ដូចជា មានដូចជា ×, +, -, /, v, U, 0, ~ ។ល។ យ៉ាងណាក៏ដោយ គ.ជ.ប. នៅតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ប្រើសញ្ញាធិក ជាជាងប្រើសញ្ញាផ្សេង៕
Tag:
បោះឆ្នោត
LDP
ខឹម វាសនា
គជប
ស៊ិក ប៊ុនហុក
© រក្សាសិទ្ធិដោយ thmeythmey.com