ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ថា ប្រជាជន​កម្ពុជា​នឹងមាន​ចំណូល​ដល់ ១៥៦៣ ដុល្លារ​នៅ​ឆ្នាំនេះ​
17, Jul 2018 , 11:46 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​ភ្នំពេញ​៖ ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ (GDP per Capita) ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់ ១៥៦៣ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី​១​របស់ NBC ដែល​ចេញផ្សាយ​នៅ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​។​



​ប្រាក់ចំណូល​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៨​នេះ ច្រើនជាង​ឆ្នាំ​២០១៧ ប្រមាណ​ជាង ១០០០​ដុល្លារ បើ​ធៀប ១៤៣៤​ដុល្លារ​នៅ​ឆ្នាំមុន ដែលជា​តួលេខ​សូចនាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ក្នុង​របាយការណ៍​ខាងលើនេះ ធនាគារជាតិ បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា ៧​ភាគរយ​នៅ​ឆ្នាំនេះ​។ នៅ​ឆមាស​ទី​១​ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ដោយ​រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ របាយការណ៍​បន្តថា ស្ថិរភាព​នេះ​នឹង​ពង្រីក​សកម្មភាព​វិនិយោគ ការដោះដូរ​ពាណិជ្ជកម្ម ស្របតាម​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​។​

​ចំពោះ​អតិផរណា​នៅ​ឆ្នាំ​២០១៨ ដែល​ជះឥទ្ធិពល​ដល់​ការចាយវាយ​របស់​ពល​រដ្ឋ ត្រូវបាន​ព្យាករ​ថា​មាន​កម្រិត ៣​ភាគរយ ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៧​ដែរ​។ តម្លៃ​ម្ហូបអាហារ​ឡើងថ្លៃ ៣,២​ភាគរយ ទាប​ជាង ៣,៤​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដោយសារ​ការ​ថមថយ​កំណើន​ថ្លៃ​ម្ហូបអាហារ​ពី​ប្រទេស​ថៃ និង​វៀតណាម និង​កំណើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​ក្នុងស្រុក​។

​ថ្លៃ​ក្រុម​ទំនិញ និង​សេវា​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​កើនឡើង ៣,៧​ភាគរយ ខ្ពស់ជាង ២,១​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដោយសារ​ការថយចុះ​ការផ្គត់ផ្គង់​ប្រេង​នៅលើ​ពិភពលោក​។

​នៅ​ឆមាស​ទី​១​ឆ្នាំនេះ អតិផរណា​ជា​មធ្យម​មាន​កម្រិត ២,៦​ភាគរយ ធៀប​នឹង ៣,៥​ភាគរយ​នៅក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧ ដោយសារ​ការ​ថយ​ថម​នៃ​កំណើន​ថ្លៃ​ម្ហូបអាហារ​៕



Tag:
 ប្រាក់ចំណូល​
© រក្សាសិទ្ធិដោយ thmeythmey.com