អន្តរជាតិ
ចិន ថា មិនទាន់មាន​ប្រទេស​ណា​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​ដោយសារ​ខ្លួន​ឡើយ​
17, Jul 2018 , 7:39 pm        
រូបភាព
លោកស្រី Hua Chunying នាសន្និសីទកាសែតថ្ងៃទី១៧ ខែកក្កដា (រូបភាពពីគេហទំព័រក្រសួងការបរទេសចិន)
លោកស្រី Hua Chunying នាសន្និសីទកាសែតថ្ងៃទី១៧ ខែកក្កដា (រូបភាពពីគេហទំព័រក្រសួងការបរទេសចិន)
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៧ ខែកក្កដា បាន​ទាត់ចោល​ការផ្សាយ​របស់​សារព័ត៌មាន Financial Times ជុំវិញ​ការដើរថយក្រោយ​នៃ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​» នៅតាម​ប្រទេស​មួយចំនួន​។ យ៉ាងណាមិញ ក្រុង​ប៉េកាំង​ក៏បាន​ទទួលស្គាល់ថា ពិត​ជាមាន​គម្រោង​ខ្លះ​ស្ថិតក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​នេះ បាន​ជួប​បញ្ហា​មែន តែ​មិនមែន​មកពី​មូលហេតុ​ហិរញ្ញវត្ថុ​ឡើយ​។ មកទល់ពេលនេះ មិនមាន​ប្រទេស​ណា​ធ្លាក់ខ្លួន​ក្នុង​វិបត្តិ​បំណុល​ដោយសារ​ចិន​ឡើយ​។​



​ជាថ្មី​ម្ដងទៀត ចិន​បាន​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) ដែល​ជួប​ការរិះគន់​ជា​បន្តបន្ទាប់​។ ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​មូលដ្ឋាន​នៅ​អង់គ្លេស Financial Times បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​បញ្ហា​ពី​បញ្ហា​ប្រឈម​របស់​គំនិត​ផ្ដួចផ្ដើម​នេះ​នៅ​ជុំវិញ​ពិភពលោក ព្រោះ​ខ្វះខាត​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ និង​មិន​អើពើ​លក្ខខណ្ឌ​ក្នុងស្រុក​របស់​ប្រទេស​ដែល​អនុវត្ត​គម្រោង​ធំ​របស់​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៧ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​រៀបរាប់​ពី​ផលប្រយោជន៍​កើតចេញពី​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ឆ្នាំ​២០១៣ ។ លោកស្រី Hua និយាយថា BRI គោរព​តាម​គោលការណ៍​ចែករំលែក​ផលប្រយោជន៍​តាមរយៈ​ការពិភាក្សា និង​ការ​រួមចំណែកគ្នា ហើយ​បានផ្ដល់​ផ្លែផ្កា​ជាច្រើន​រួចហើយ​ដូចជា​បង្កើត​ចំណូល​ពន្ធ​ចំនួន​ច្រើន​២​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ច្រើនជាង​២​សែន​កន្លែង​ដល់​ប្រទេស​ជា​ដៃគូ​។​

​ព្រម​គ្នា​នឹង​ការនិយាយ​ការពារ BRI មន្ត្រី​ក្រសួង​ការ​បរ​ទេ​ចិន​ខាងលើ​ក៏​ទទួលស្គាល់​ពី​ការដើរថយក្រោយ​នៃ​គម្រោង​មួយចំនួន​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ​។ អ្នកនាំពាក្យ​រូបនេះ​បាន​ពន្យល់ថា ប្រទេស​កំពុង​អភិវឌ្ឍ​ខ្លះ​ជួប​បញ្ហា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដោយសារតែ​ការ​ងើបឡើង​នយោបាយ​គាំពារ​និយម ផលប៉ះពាល់​នៃ​នយោបាយ​រូបិយ​វត្ថ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ការកើនឡើង​កត្តា​ដែល​បង្ក​អស្ថិរភាព​ផង​។​

​ការប្រែប្រួល​បរិយាកាស​នយោបាយ​ផ្ទៃក្នុង និង​កត្តា​គ្រោះធម្មជាតិ ក៏​ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​គ​ម្រោ​ហ​អភិវឌ្ឍ​របស់ BRI ជាប់គាំង​ដែរ​។ សម្រាប់​លោកស្រី Hua ការទម្លាក់​កំហុស​លើ​ចិន គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ និង​ជាការ​មើលរំលង​ស្ថានភាព​ជាក់ស្ដែង​ទៀតផង​។ លើសពីនោះ អ្នកនាំពាក្យ​ខាងលើ​ក៏​សង្កត់​ថា មិនទាន់មាន​ដៃគូ​សហប្រតិបត្តិការ​ណា​មួយ​ធ្លាក់​ក្នុង​បញ្ហា​បំណុល​ដោយសារ​សហការ​ជាមួយ​ចិន​ឡើយ ហើយ​បំណុល​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន​នានា ក៏​មិនមាន​កើតឡើង​ដោយសារ​ចិន​ដែរ​។​

«​ស្របគ្នា​នឹង​ការជំរុញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ ចិន​គោរព​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ស្មើភាព បើកចំហ តម្លាភាព និង​អនុវត្តតាម​នយោបាយ​ទីផ្សារ និង​ច្បាប់​អន្តរជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល​នេះ មុននឹង​បន្តថា រាល់​គម្រោង​ទាំងអស់ គឺជា​លទ្ធផល​នៃ​ការពិភាក្សា​ដោយ​ស្មើភាព​។ ចំណែកឯ​រឿង​ល្អ​អាក្រក់​យ៉ាងណា​នោះ លោកស្រី Hua ទុក​ឲ្យ​ប្រទេស​ដែលជា​ដៃគូ​របស់​ចិន​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​៕


Tag:
 ចិន​
  BRI
  បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com