ជាតិ
ពលករខ្មែរខុសច្បាប់១០០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ
× បន្ទាយមានជ័យ៖ អាជ្ញាធរថៃ បានបញ្ចូនពលករខ្មែរធ្វើការងារខុសច្បាប់ ពី៥០នាក់ ទៅ១០០នាក់ក្នុងមួយថ្ងៃ ត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនប៉ោយប៉ែត។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ ដែលស្រង់សម្តីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បាននិយាយថា រយៈពេល៣ថ្ងៃមកនេះ ពលករខ្មែរខុសច្បាប់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ ដោយសារតែពួកគេ ត្រូវអនុវត្តច្បាប់ការងារ ដែលរដ្ឋាភិបាលថៃបានកំណត់កន្លងមក។
សារព័ត៌មាន ThmeyThmey មិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំការអត្ថាធិប្បាយ ទាក់ទងនឹងរឿងពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃឡើយ។
គិតត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ ភាគីកម្ពុជា-ថៃ បានផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចំនួន ១លាន ៧ម៉ឺននាក់ ដោយក្នុងនោះ ពលករខ្មែរបានទទួលការបញ្ជាក់អត្តសញ្ញាណបណ្ណស៊ីជម្ពូ (បណ្ណមិនមែនសញ្ជាតិថៃ) ចំនួន ៤២ម៉ឺននាក់ និងចំនួន ៦៥ម៉ឺននាក់ សម្រួលឯកសារ និងផ្ដល់ភាពស្របច្បាប់តាមរយៈ MoU។ នេះបើតាមគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com