កីឡាអន្តរជាតិ
អន្តរជាតិ
Cahill វីរបុរស​អូស្ត្រាលី ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​
17, Jul 2018 , 8:39 pm        
រូបភាព
Cahill វីរបុរសអូស្ត្រាលី ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ។ រូបថត AFP
Cahill វីរបុរសអូស្ត្រាលី ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ។ រូបថត AFP
Tim Cahill បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី​ហើយ​នៅ​អាយុរ ៣៨​ឆ្នាំ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី ABC នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​។​



​អតីត​ខ្សែប្រយុទ្ធ Everton និង​ជា​វីរបុរស​របស់​អូស្ត្រាលី ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ច្រើនជាងគេ​សម្រាប់​ក្រុម​ជម្រើសជាតិ​រហូតដល់ ៥០ គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១០៧​លើក​។​



​សមាជិក​ក្រុម Millwall នៃ​លី​គ​លំដាប់​ទី​ពីរ​អង់គ្លេស​រូបនេះ បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​រហស្សនាម Socceroo ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក World Cup ទាំង​៤​លើកចុងក្រោយ​ជាប់ៗ​គ្នា​តែម្តង​។ សម្រាប់ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ Cahill បានបង្ហាញ​ខ្លួន​ជា​កីឡាករ​បម្រុង​ពេល​ប៉ះ​ប៉េ​រូ​ក្នុង​ការប្រកួត​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​។​

Cahill បាន​រៀបរាប់​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់គេ​ថា​៖«​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​យួរ​កាបូប​របស់ខ្ញុំ​ដើរចេញ​ពី​ជា​អាជីព​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​គ្មាន​ពាក្យ​ណា​អាច​ពិពណ៌នា​អំពី​អត្ថន័យ​ដើម្បី​តំណាង​ឲ្យ​ប្រទេស​របស់ខ្ញុំ​នោះទេ​។ ខ្ញុះ​មានតែ​ពាក្យ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​អ្នក​ទាំងអស់​គ្នា​ចំពោះ​ការគាំទ្រ​ខ្ញុំ​អស់​រយៈ​ពេញ​ជាច្រើន​ឆ្នាំ នៅ​អំឡុងពេល​ខ្ញុំ​ពាក់អាវ​ជម្រើសជាតិ​ដែល​តំណាង​ឲ្យ​អូស្ត្រាលី​»​។​

​អតីត​កីឡាករ​របស់ New York Red Bulls, Shanghai Shenhua, Hangzhou Greentown និង Melbourne City រូបនេះ ក៏ត្រូវ​បាន​ចារ​ឈ្មោះ​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អូស្ត្រាលី​ផងដែរ ព្រោះ​រូបគេ​តែងតែ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គួរ​ត​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការប្រកួត​សំខាន់ៗ​សម្រាប់​ក្រុម​រហស្សនាម Socceroo នេះ​៕



Tag:
 បាល់ទាត់​
  Tim Cahill
  ចូលនិវត្តន៍​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com