ជាតិ
បោះឆ្នោត
ដើម្បី​ឲ្យ​អ្នកគាំទ្រ​ជឿជាក់ លោក ញឹក ប៊ុនឆៃ ប្រាប់ថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទេ
17, Jul 2018 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុកគណបក្សខ្មែររួបរួមជាតិ
រូបពីហ្វេសប៊ុកគណបក្សខ្មែររួបរួមជាតិ
​​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ឡើយ​។ ការប្រកាស​របស់លោក ញឹក ប៊ុនឆៃ នេះ ក្នុង​គោលបំណង​ឲ្យ​អ្នកគាំទ្រ​ជឿជាក់​លើ​ខ្លួន ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​។​



​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន កំពុង​មមាញឹក​ក្នុងការ​ឃោសនាបោះឆ្នោត ដោយ​លើក​ពី​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​ជាតិ ទៅប្រាប់​អ្នកគាំទ្រ​ខ្លួន​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​ខ្លួន កាន់តែ​ជឿទុកចិត្ត​នោះ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ពួកគេ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ដូច​ការចោទប្រកាន់​ឡើយ​។​

​ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ទីកន្លែង​លោក ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​នោះ លោក ញឹក ប៊ុនឆៃ បាន​សង្កត់ធ្ងន់ថា មូលហេតុ​ដែល​តុលាការ​ដោះលែង​ឲ្យ​លោក​មាន​សេរីភាព​នេះ គឺ​ដោយ​សារភាព​ស្អាតស្អំ​របស់ខ្លួន មិនបាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។​

​ដ្បិត​កំពុង​រស់នៅ​ក្រៅ​ឃុំ​ពិតមែន តែ​លោក ញឹក ប៊ុនឆៃ នៅតែ​ស្ថិតក្រោម​ការតាមដានរ​បស់​តុលាការ ពោលគឺ​តុលាការ​មិនទាន់​ទម្លាក់​បទ​ចោទ​លើ​លោក ប៊ុនឆៃ ទាំងស្រុង​នោះទេ​។ គួរ​បញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបាន​តុលាការ​ដោះលែង កាលពី​ខែមេសា​កន្លងមក បន្ទាប់ពី​លោក ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជាង​៧​ខែ ក្រោម​ការសង្ស័យថា បាន​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន កាលពី​អំឡុង​ឆ្នាំ​២០០៧ ៕



Tag:
 ញឹក ប៊ុនឆៃ​
  នយោបាយ​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com