អន្តរជាតិ
អ៊ីរ៉ង់ ប្ដឹង​អាមេរិក​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជុំវិញ​ការដាក់ទណ្ឌកម្ម​ឡើងវិញ​
17, Jul 2018 , 9:19 pm        
រូបភាព
រូបភាព CIJ-ICJ
រូបភាព CIJ-ICJ
​នៅ​ថ្ងៃទី​១៦ ខែកក្កដា អ៊ីរ៉ង់​បានដាក់​ពាក្យបណ្ដឹង​មួយ​ប្រឆាំង​អាមេរិក​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជុំវិញ​ការដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការដាក់ទណ្ឌកម្ម​ដែល​ក្រុង​តេ​ហេ​រ៉ង់​ចាត់ទុកជា​រឿង​ខុសច្បាប់​នេះ ធ្វើឡើង​លោក ត្រាំ សម្រេចចិត្ត​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ លោក ត្រាំ ដែល​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង ក៏បាន​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់មាន​លើ​អ៊ីរ៉ង់ ដើម្បី​បង្ខំ​ឲ្យ​បោះបង់​អាវុធ​របស់ខ្លួន​។​



​ជាង​ពីរ​ខែក្រោយ​លោក ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើងវិញ អ៊ីរ៉ង់​បានប្រកាសថា ខ្លួន​បាន​ប្ដឹង​អាមេរិក​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ហើយ​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហា​ម៉ា​ដ ចា​វាត សារី​ហ្វ (Mohammad Javad Zarif) ប្រកាសថា បណ្ដឹង​ទៅកាន់​តុលាការ​មួយ​នេះ មាន​គោលដៅ​ឲ្យ​អាមេរិក​ទទួលខុសត្រូវ​លើ​ការដាក់ទណ្ឌកម្ម​ខុសច្បាប់​ជា​លក្ខណៈ​ឯកតោភាគី​។​

​នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៦ ខែកក្កដា លោក សារី​ហ្វ បាន​សរសេរ​ទៀតថា អ៊ីរ៉ង់​មានការ​ប្ដេជ្ញាចិត្ត​គោរព​តាម​នីតិរដ្ឋ​ប្រឈមមុខ​នឹង​សកម្ម​ភាពមិន​គោរព​កាតព្វកិច្ច​ការទូត និង​ផ្លូវច្បាប់​របស់​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​រូបនេះ​ចាត់ទុក​ចំណាត់ការ​របស់ខ្លួន គឺជា​រឿង​អាជ្ញា​បញ្ជា​ឆ្លើយតប​ទៅនឹង​ការបំពានច្បាប់​របស់​អា​មេ​រិ​ក​។​

​ដោយ​ចាត់ទុកជា​កិច្ចព្រមព្រៀង​ដ៏​មហន្តរាយ លោក ត្រាំ មិនដែល​ពេញចិត្ត​កិច្ចព្រមព្រៀង​ដែល​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បូក​អាល្លឺម៉ង់ បង្កើតឡើង​ឆ្នាំ ២០១៥ ជាមួយ​អ៊ីរ៉ង់​ឡើយ​។ កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​ត្រឹម​ឆ្នាំ ២០២៥ និង​មិន​ផ្តោត​សំខាន់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឡើយ​។ តាំងពី​ពេល​ឃោសនាបោះឆ្នោត លោក ត្រាំ សន្យាថា លោក​នឹង​ចាត់ការ​កិច្ចព្រមព្រៀង​អាក្រក់​នេះ​ព្រោះ​វា​មិន​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​។​

​អ្វី​គួរកត់សម្គាល់​នោះ លោក ត្រាំ មិន​ខ្ចី​ខ្វល់​នឹង​អំពាវនាវ​របស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះឡើយ ហើយ​រឹតតែ​មិន​អើពើ​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ទៅទៀត​។ ក្នុងនាម​ជា​ស្ថាប័ន​ត្រួតពិនិត្យ​ថាមពល​អា​តូ​មិ​ក IAEA បញ្ជាក់ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ខ្ជាប់ខ្ជួន​ដូចជា ការកាត់បន្ថយ​ចំនួន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សំណាក់​លោកខាងលិច​។​

​ក្រោយ​ការដកខ្លួន​របស់​អាមេរិក អ៊ីរ៉ង់​នឹង​នៅ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​សិន និង​ពិភាក្សា​ជាមួយ​ប្រទេស​មហាអំណាច​នៅ​សេសសល់​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ថា​តើ​ត្រូវ​បន្ត​អនុវត្ត​របៀប​ម៉េច​ដោយ​គ្មាន​អាមេរិក មុននឹង​សម្រេចចិត្ត​ជំហាន​បន្ត​។ ក្រុង​តេ​ហេ​រ៉ង់​ក៏បាន​ព្រមាន​ដែរ​ថា បើ​ការចរចា​ជាមួយ​មហាអំណាច​ផ្សេងទៀត​មិន​ទៅមុខ ឬ​ផលប្រយោជន៍​អ៊ីរ៉ង់​មិនត្រូវ​បាន​ធានា​ទេនោះ អ៊ីរ៉ង់​នឹង​វិល​ទៅរក​ផ្លូវ​ផលិត​អាវុធ​នុយក្លេអ៊ែរ​វិញ​ដូចគ្នា​៕


Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  មហា​ម៉ា​ដ ចា​វាត ហ្សា​រី​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com