អន្តរជាតិ
អស់ពីទឹកជំនន់ ជប៉ុនបន្តរងគ្រោះដោយសារអាកាសធាតុក្ដៅខ្លាំងវិញម្ដង
× មួយរយៈពេលចុងក្រោយនេះ ជប៉ុនបានរងគ្រោះដោយសារធម្មជាតិផ្ទួនៗ។ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់ និងបំណាក់ដីដែលសម្លាប់មនុស្សច្រើនជាងពីររយនាក់មកនោះ ជប៉ុនក៏បែរទៅជាជួបរលកកម្ដៅខ្លាំងទៅវិញ។ អាកាសធាតុក្ដៅខ្លាំងបានវាយប្រហារតំបន់ជាច្រើនរបស់ជប៉ុន ដែលបានសម្លាប់ជីវិតមនុស្សជាច្រើន។
ទើបជួបទុក្ខសោកសៅដោយសារភ្លៀងធ្លាក់ឥតត្រាប្រណីរហូតបង្កជាទឹកជំនន់ដ៏មហន្តរាយ ជប៉ុនក៏ជួបបញ្ហាមួយទៀត គឺអាកាសធាតុក្ដៅខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ថា រលកកម្ដៅមានសីតុណ្ហភាពខ្ពស់ បានសម្លាប់មនុស្សយ៉ាងតិចណាស់១៤នាក់នៅចុងសប្ដាហ៍កន្លងទៅ ហើយវាក៏បានបង្កបញ្ហាដល់ការស្រោចស្រង់ឡើងវិញនៃតំបន់ដែលទើបរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីទៅទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា សីតុណ្ហភាពនៅថ្ងៃទី១៦ ខែកក្កដា បានឡើងខ្ពស់ជាង៣៩អង្សាសេនៅតាមតំបន់មួយចំនួន និងលាយឡំដោយកម្រិតសំណើមខ្ពស់។ ស្ថានភាពបែបនេះបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្ស។ ក្រៅពីអ្នកស្លាប់ចំនួន១៤នាក់ ប្រជាជនជប៉ុនរាប់ពាន់នាក់ បានចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺដែលបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង។
ស្ថានភាពក្ដៅខ្លាំងជាងគេបានកើតឡើងនៅតំបន់ Gifu ដោយទីក្រុង Ibigawa មានសីតុណ្ហភាពដល់ទៅ៣៩.៣អង្សាសេនៅថ្ងៃទី១៦ ខែកក្កដា ខណៈនៅទីក្រុងតូក្យូ សីតុណ្ហភាពមានកម្រិត៣៤អង្សាសេ។ នៅតំបន់ភាគលិចដែលរងគ្រោះដោយទឹកជំនន់ សីតុណ្ហភាពមានដល់ទៅ៣៤.៣អង្សាសេឯណោះ ដែលនេះបង្កើតជាលក្ខខណ្ឌគ្រោះថ្នាក់សម្រាប់ក្រុមជួយសង្គ្រោះ ដែលកំពុងបោសសម្អាតដីភក់ និងកម្ទេចកម្ទីនានា។
សីតុណ្ហភាព៣៥អង្សាសេ ឬខ្ពស់ជាងនេះ ដែលត្រូវបានចាត់ទុកជាពេលពេលក្ដៅបំផុត បានកើតឡើងនៅតំបន់ជាងពីររយជុំវិញប្រទេសជប៉ុននៅចុងសប្ដាហ៍នេះ។ អាកាសធាតុក្ដៅនៅខែកក្កដា ជារឿងកម្រមួយសម្រាប់ជប៉ុន។ កាលពីឆ្នាំមុន មនុស្សយ៉ាងហោចណាស់៤៨នាក់បានបាត់បង់ជីវិតដោយសាររលកកម្ដៅបែបនេះក្នុងចន្លោះខែឧសភា និងកញ្ញា ហើយគ្រាន់តែខែកក្កដា មនុស្ស៣១បានស្លាប់ទៅហើយ។
អង្គភាពឧតុនិយមជប៉ុនបានព្យាករថា អាកាសធាតុក្ដៅបែបនេះ បង្កដោយប្រព័ន្ធសម្ពាធខ្ពស់ចំនួនពីរ ដែលស្ថិតនៅពីលើជប៉ុន ហើយវានឹងបន្តពេញមួយសប្ដាហ៍នេះទៀត។ នេះមានន័យថា រលកកម្ដៅនឹងបន្តវាយប្រហារជប៉ុនរយៈពេលវែងទៀតដែរ៕
Tag:
ជប៉ុន
ទឹកជំនន់
រលកកម្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com