កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona រកចំណូលបានជាង១ពាន់លានដុល្លារកាលពីរដូវកាលមុន
× ក្លិប Barcelona បានបង្ហាញពីការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំជាកំណត់ត្រារបស់ពួកគេរហូតដល់ ៩១៤លានអឺរ៉ូ (១០៧២,៤៥លានដុល្លារអាមេរិក) កាលពីរដូវកាល ២០១៧-២០១៨ កន្លងមក។
BBC បានផ្សាយទៀតថា ម្ចាស់ជើងឯក La Liga រដូវកាលមុន ជឿជាក់ថាខ្លួននឹងទទួលបានប្រាក់ចំណូលបន្ថែមទៀតចំនួន ១ពាន់លានអឺរ៉ូ (១១៧៣លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២១។
ប្រាក់ចំណូលដែលក្លិបយក្យអេស្ប៉ាញមួយនេះរកបានមួយចំនួន គឺមកពីការលក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅឲ្យ Paris St Germain ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២០០,៦ លានផោន (២៦៦លានដុល្លារ) កាលពីឆ្នាំ ២០១៧។
ក្រោយមក ក្លិបរហស្សនាមអ្នកមានបុណ្យ បានទិញកីឡាករពីរូបក្នុងតម្លៃកំណត់ត្រាក្លិបវិញផងដែរ ក្នុងនោះរួមមាន Philippe Coutinho ក្នុងតម្លៃ ១៤០លានដុល្លារពី Liverpool និង Ousmane Dembele តម្លៃ ១២៨លានដុល្លារពី Borussia Dortmund។
ប្រាក់ចំណូលជាងមួយពាន់លានដុល្លារខាងលើ Barca ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៣២ លានអឺរ៉ូ (៣៧,៥៤លានដុល្លារ) ខណៈប្រាក់ចំណេញសុទ្ធមានចំនួន ១៣ លានអឺរ៉ូ (១៥,២៥លានុដល្លារ)។
ក្លិបមានមូលដ្ឋានក្នុងតំបន់ស្វយ័ត Catalonia នេះបាននិយាយថា៖ «ក្រុមប្រឹក្សាភិបាលបានវាយតម្លៃសមតុល្យចុងក្រោយនៅឆ្នាំនេះជាវិជ្ជមាន ហើយវានឹងស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្លិបដើម្បីឈានទៅដល់ការទទួលប្រាក់ចំណូល១ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២១»។
Barcelona បានដណ្តើមពានលីគកំពូលអេស្ប៉ាញ ពីគូប្រជែង Real Madrid នៅរដូវកាលចាស់ ២០១៧-១៨ រួមទាំងពាន Copa del Rey ៤រដូវកាលជាប់គ្នាផងដែរ។ ប៉ុន្តែយ៉ាងណា ក្នុងរដូវកាលដដែលពួកគេបានធ្លាក់ចេញពីក្របខណ្ឌកំពូលអឺរ៉ុប Champions League ត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយការវាយបកយកឈ្នះរបស់ក្រុមពីអ៊ីតាលី AS Roma៕
Tag:
បាល់ទាត់
Barcelona
ប្រាក់ចំណូលប្រចាំឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com