ជាតិ
បោះឆ្នោត
ក្នុងសម័យ​បោះឆ្នោត​២០១៨ បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​តួអង្គ​ដ៏​ចម្រូងចម្រាស
18, Jul 2018 , 11:36 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​។ គណបក្សនយោបាយ​នីមួយៗ កំពុង​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​ខ្លួន ដើម្បី​ទាញ​បេះដូង​អ្នកបោះឆ្នោត​។ គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​ដែល​សម្បូរ​ធនធាន​បានបង្ហាញ​សាច់ដុំ​មាំទាំ​តាមរយៈ​សកម្មភាព​ដង្ហែ​ក្បួន និង​ការជួប​សមាជិក​តាម​មូលដ្ឋាន​រាល់ថ្ងៃ​។ គណបក្ស​នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​ទទួលបាន​សំឡេង​ច្រើន បើសិនជា​គណបក្ស​នេះ​គ្រាន់តែ​អាច​រក្សា​ចំនួន​សមាជិក​របស់ខ្លួន​ដែល​ធ្លាប់​ត្រូវបាន​ផ្សព្វផ្សាយ​ថា​មាន​ប្រមាណ​៥​លាន​នាក់​នោះ​។



​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ចំណាស់​ជាងគេ ហើយ​ដែល​ទើបតែ​ប្រារព្ធ​ខួបកំណើត​ទី​៦៧ (២៨​មិថុនា​ឆ្នាំ​១៩៥១) នៅ​ចំ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះ តែង​បាន​ធ្វើជា​រដ្ឋាភិបាលចាំផ្ទះ​នៅ​រៀងរាល់​ក្នុង​រយៈពេល​នៃ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពី​នីតិកាល​មួយ​ទៅ​នីតិកាល​មួយ​។ ជា​អ្នកឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល (​លើកលែងតែ​ក្នុង​នីតិកាល​ទីមួយ​) គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការពា​ខ្សែក្រវ៉ាត់ ដោយ​ត្រូវ​ទប់ទល់​ផង និង​ប្រកួត​យកឈ្នះ​ផង​។ ជា​អ្នកដឹកនាំ​រដ្ឋាភិបាល ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តងៗ គណបក្ស​នេះ​តែង​ត្រូវបាន​វាយប្រហារ រិះគន់ ដោយ​គូប្រកួត​ទៅលើ​រាល់​ចំណុចខ្សោយ ទាំង​នៅក្នុង​ការងារ​កសាង​លទ្ធិប្រជាធិបតេយ្យ​និយាយ​ជារួម និង​ការងារ​ដឹកនាំ​ប្រទេស​និយាយ​ដោយឡែក​។​

​ពី​យុទ្ធនា​ការបោះឆ្នោត​មួយ ទៅ​យុទ្ធនា​ការបោះឆ្នោត​មួយ គណបក្សកាន់អំណាច​រាល់​អាណត្តិ​មួយ​នេះ តែង​ត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់​ដែល​កើតចេញពី​ចំណាត់ការ​របស់ខ្លួន​នៅ​ចុង​អាណត្តិ​។ ពិសេស​ចំណាត់ការ​លើ​គណបក្សប្រឆាំង​។ បើសិនជា​គេ​នៅចាំ​ា​បាន ក្រោយ​ពេលចេញ​លទ្ធផល​បោះឆ្នោត កម្ពុជា​ត្រូវ​ដោះស្រាយ​ជម្លោះ​នយោបាយ​។​

​មកដល់​ពាក់កណ្តាល​នៃ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ វា​ពុំមាន​វត្ត​មាននៃ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល ដោយសារតែ​គណបក្សនយោបាយ​មួយ​នេះ​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល​មែន ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​រឹតតែ​មិនអាច​នៅ​សំងំសុខ​បាន​។ ក្រៅពី​តាមដាន និង​ទប់​ទល់នឹង​សម្ពាធ​បរទេស​មួយចំនួន រួមទាំង​ចលនា​នៃ​ក្រុម​នយោបាយ​ប្រឆាំង​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​ការឃោសនា​មហាជន​ប្រឆាំងនឹង​រដ្ឋាភិបាលចាំផ្ទះ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បារម្ភ​អំពី​ចំនួន​នៃ​អ្នកចូលរួម​បោះឆ្នោត​។ បាត់​គណបក្សនយោបាយ​ដ៏​ធំ​មួយ​ដែលមាន​អ្នកគាំទ្រ​របស់គេ​នោះ តើ​វា​នឹង​បាត់បង់​ចំនួន​អ្នកបោះឆ្នោត​នោះ​ទាំង​ដុល​ដែរឬទេ​? ចំនួន​នៃ​ការចូលរួម​បោះឆ្នោត មិនមែន​ថា​មិន​សំខាន់​នោះឡើយ​។ វា​ជា​ធាតុ​មួយ​ក្នុង​ចង្កោម​មូលហេតុ​នៃ​ជោគជ័យ​នៃ​ការបោះឆ្នោត​មួយ​។ ឬក៏​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្វាយខ្វល់​?

​មានលទ្ធភាព​ច្រើន​ដែលថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​អាសនៈ​ច្រើន​ក្នុង​រដ្ឋសភា ប៉ុន្តែ​អវត្តមាន​នៃ​គណបក្សនយោបាយ​មួយ​ដែលមាន​ការគាំទ្រ​ដ៏​សំខាន់​ដែរនោះ វា​នឹងមិន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មួយចំនួន​នៅ​ស្ងៀម​ឡើយ នៅក្រោយ​ការបោះឆ្នោត​។ សហភាព​អឺរ៉ុប កំពុងតែ​ជា​ប្រធានបទ​នៃ​ក្តីបារម្ភ​មួយ ដែល​ការសម្រេច​របស់​ពួកគេ​ទាក់ទង​នឹង​ការព្យួរ ឬ​លប់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ នឹង​ជះ​ផល​អវិជ្ជមាន​មកលើ​សេដ្ឋកិច្ចកម្ពុជា​។​

​និយាយ​អំពី​អាសនៈ​ក្នុង​រដ្ឋសភា​ដដែល តើ​លទ្ធផល​បោះឆ្នោត​ខាងមុខនេះ​នឹង​បង្ហាញ​យ៉ាងណា​? តើ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អាសនៈ​ប៉ុន្មាន​? តើ​វា​នឹង​អាចមាន​គណបក្សនយោបាយ​ផ្សេងៗ​លើសពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រដ្ឋសភា​ដែរឬទេ​?

​ទោះយ៉ាងណា​ក៏ដោយ តាំងពី​មានការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មក វា​ពុំ​ដែលមាន​គណបក្សនយោបាយ​ណាមួយ​ឈ្នះ​យក​អាសនៈ​រដ្ឋសភា​១០០​ភាគរយ​ឡើយ​។ គិត​ចាប់ពី​ឆ្នាំ​១៩៩៣ ដែល​កម្ពុ​ជាមាន​ការបោះ​ឆ្នោត​ជា​លើកដំបូង ដោយមាន​ការរៀបចំ​ពី​អាជ្ញាធរ​អន្តរកាល ហៅ​កាត់​ថា​អ៊ុនតាក់ មាន​គណបក្ស​ចំនួន​៤ ទទួលបាន​កៅអី​រដ្ឋសភា ដែល​ក្នុងនោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​៥៨​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា ៥១ អាសនៈ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា ១០​អាសនៈ និង​គណបក្ស​មូលី​ណា​កា​និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ១ អាសនៈ​។ លទ្ធផល​បោះឆ្នោត​នៅ ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋសភា ដោយ​ទទួលបាន​៦៤ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៤៣ អាសនៈ និង​គណបក្ស​សមរង្ស៊ី ១៥ អាសនៈ​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​នៅតែ​ឈ្នះ​ដដែល ដោយ​ចំនួន​អាសនៈ​រដ្ឋសភា​បាន​កើនឡើង​ដល់​៧៣ គណបក្ស​សមរង្ស៊ី កើន​ដល់​បាន​២៤ និង​អាសនៈ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បាន​ធ្លាក់​ចុះមក​នៅ​២៦​។​

​ក្នុង​នីតិកាល​ទី​៤​នៃ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី ដោយ​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ៩០ (​លើស​២​ភាគ​៣) គណបក្ស​សមរង្ស៊ី​ទទួលបាន​២៦ គណបក្ស​សិទ្ធិមនុស្ស​ទទួលបាន​៣ គណបក្ស​នរោត្តម រណឫទ្ធិ​ទទួលបាន​២ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​២​។ ប៉ុន្តែ​អាសនៈ​រដ្ឋសភា​ដ៏​ច្រើន​លើសលប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​មក​នៅ​៦៨​វិញ នៅក្នុង​ការបោះឆ្នោត​២០១៣ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្កើត​ដោយ​គណបក្ស​ពីរ​រួមបញ្ចូល​គ្នា រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ទទួលបាន​អាសនៈ​រដ្ឋសភា​ចំនួន​៥៥ ។ មានតែ​គណបក្ស​ពីរ​នេះ​ទេ ដែល​ទទួលបាន​អាសន​ក្នុង​រដ្ឋសភា នៅក្នុង​នីតិកាល​ទី​៥​នេះ​៕


អត្ថបទទាក់ទង




Tag:
 CPP
  រដ្ឋសភា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com