ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក សាម អ៊ី​ន​៖ «​ខ្ញុំ​ចង់​ប្រើ​ជីវិតចុងក្រោយ ដើម្បី​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់​»
18, Jul 2018 , 4:34 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សាម អ៊ីន
រូបពីហ្វេសប៊ុកលោក សាម អ៊ីន
​ភ្នំពេញ​៖ រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក សាម អ៊ី​ន បាន​ប្រឡូក​ចូលក្នុង​សកម្មភាព​នយោបាយ​។ វា​ជា​រឿង​លំបាក​មួយ​សម្រាប់​លោក សាម អ៊ី​ន ដែល​ត្រូវយក​សមត្ថភាព​ក្មេងខ្ចី​ខ្លួន ទៅ​ប្រកួត​ជាមួយ​អ្នកនយោបាយ​គណបក្ស​ដ​ទៃ​។ ការ​ចាញ់​- ឈ្នះ គឺជា​រឿង​មួយ​ចំពោះមុខ ប៉ុន្តែ​ម​ហិ​ច្ឆតា​ចង់​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់ ទើប​ជា​គោលដៅ​ធំ​របស់​អតីត​នាយក​ប្រតិបត្តិ​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​។​



«​សតិសម្បជញ្ញៈ​របស់ខ្ញុំ បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​អាចធ្វើ​អ្វី​ឲ្យ​បាន​ខ្លាំង​ជាង​(​ការងារ​អង្គការ​)​នេះ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មាតុភូមិ​កំណើត​របស់​យើង​»​។ នេះ​ជាការ​សម្រេចចិត្ត​របស់​លោក សាម អ៊ី​ន ដែល​ឈាន​ជើង​ចូលក្នុង​វិស័យ​នយោបាយ បន្ទាប់ពី​លោក​បាន​ស្គាល់​លោក យ៉ង សាំង​កុមារ លោក យ៉េ​ង វី​រៈ និង​លោក កែម ឡី (​ស្លាប់​) នៅ​ឆ្នាំ​២០១៣ ដែលជា​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​។



​តាម​ហាង​កាហ្វេ​តូច ធំ បន្ទប់​សិក្ខាសាលា និង​ទីកន្លែង​សមរម្យ​ផ្សេងៗ គឺជា​ទីតាំង​ដែល​លោក សាម អ៊ី​ន និង​ក្រុម​បណ្ឌិត​មួយចំនួន ដែល​ភាគច្រើន​ជា​ប្រធាន​អង្គការ​ដូចគ្នា តែងតែ​អង្គុយ​ជុំគ្នា ដើម្បី​ពិភាក្សា និង​វាយតម្លៃ លើ​ទិដ្ឋភាព​នយោបាយ​កម្ពុជា​។ ស្ថានភាព​នយោបាយ​ក្តៅ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (​អំឡុង​២០១៣-២០១៥) ហើយ​ដំណោះស្រាយ​មាន​តិចតួច ស្រប​ពេលដែល​មតិយោបល់​ដោះស្រាយ​បញ្ហា​ជាតិ​របស់​ក្រុម​ខ្លួន ត្រូវបាន​អ្នកនយោបាយ​ទាត់ចោល​ជា​ញឹក​ញយផង​នោះ ទើប​ធ្វើ​ឲ្យ​ក្រុម​បញ្ញវន្ត ដែល​កាន់​សញ្ញាបត្រ​បណ្ឌិត​ពី​បរទេស​ទាំងនេះ មិន​ពេញចិត្ត ហើយ​សម្រេច​បង្កើត​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ខែសីហា​ឆ្នាំ​២០១៥​​។​

​ការបង្កើត​គណបក្ស​ចូលរួម​ប្រកួតប្រជែង​សំឡេងឆ្នោត ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​ល្អ គឺជា​រឿង​សំខាន់​មួយ ប៉ុន្តែ​គោលបំណង​ចង់​បង្រៀន​ឲ្យ​អ្នកនយោបាយ​ចាស់វស្សា​ទាំងឡាយ ចេះ​ប្រើ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ និង​ស្រលាញ់​ជាតិ​ជាធំ ជាង​ប្រយោជន៍​ខ្លួន ក៏​ជា​គោលដៅ​ដ៏​ធំ​មួយ​ដែរ សម្រាប់​លោក សាម អ៊ី​ន ។​

​ខ្ញុំ​ចង់​ប្រើ​ជីវិតចុងក្រោយ ដើម្បី​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់​

​ការឈាន​ជើង​ចូល​ទីលាន​នយោបាយ ដែល​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ខ្លួន សុទ្ធតែជា​រឿង​ដែល​លោក សាម អ៊ី​ន ធ្លាប់​បានឃើញ បានដឹង និង​បានឮ​។ ប៉ុន្តែ​វា​ក៏​គ្មាន​ជម្រើស​អ្វី​ផ្សេង សម្រាប់​លោក សាម អ៊ី​ន ដែល​ឈឺឆ្អាល​រឿង​នយោបាយ​នេះ​ពេញចិត្ត ក្រៅពី​បោះជំហាន​ចូលប្រឡូក​ខ្លួនឯង​ឡើយ​។

​សមរភូមិ​នយោបាយ​ក្តៅ តែ​ការប្រើ​នយោបាយ​ទន់ភ្លន់ និង​ត្រជាក់ គឺជា​គោលការណ៍​មួយ​ដែល​លោក សាម អ៊ី​ន និង​ក្រុម​បណ្ឌិត​ផ្សេងទៀត បានកំណត់​រួមគ្នា មុននឹង​សម្រេចចិត្ត​កាន់​ដៃ​គ្នា​ចូល​ឆាកនយោបាយ​។ ការប្រើប្រាស់​វប្បធម៌​នយោបាយ​ទន់ភ្លន់​នេះ មិនមែន​មកពី​លោក សាម អ៊ី​ន នឹង​សមាជិក​បក្ស​ខ្លួន ខ្លាចរអា គណបក្សនយោបាយ​ដទៃ​ទេ ប៉ុន្តែ​ដោយសារ​ចង់​ឲ្យ​អ្នកនយោបាយ​ចេះ​សាមគ្គី​គ្នា ដើម្បី​កាត់បន្ថយ​ជម្លោះ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​។​



​បុរស​សម្បុរ​ស រាងស្ដើង​ខ្ពស់ វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ ក្រុមការងារ​យើង​ចេះតែ​ជួប​ជជែក​គ្នា ព្រោះ​យើង​បារម្ភ​ពី​ការវិវត្ត​នយោបាយ​ស្រុក​ខ្មែរ ឃើញ​មាន​ហានិភ័យ​ខ្ពស់​នៃ​ភាពចលាចល វឹកវរ​របស់​អ្នកនយោបាយ​ចាស់គំរិល ចូលចិត្ត​វាយប្រហារ លាប​ពណ៌​គ្នា ប៉ែង​ជើង​គ្នា មើលងាយ​គ្នា​ជាដើម​។ ដូច្នេះ​យើង​ក៏​គិតថា​គួរ​ធ្វើ​អ្វីមួយ ដើម្បី​កុំ​ឲ្យ​រឿង​អាក្រក់​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​យើង​…​។ ក្រោយមក​យើង​ក៏​គិតថា យើង​គួរ​បង្កើត​គណបក្ស​មួយ ដែលមាន​គោលការណ៍​នយោបាយ​ផ្ទៃក្នុង​ពិតប្រាកដ ហើយ​យើង​ត្រូវ​បណ្ដុះ​វប្បធម៌​នយោបាយ​ថ្មី វប្បធម៌​នយោបាយ​ល្អ ចេះ​នាំគ្នា​ជជែក​ផ្ដល់​ជា​ដំណោះស្រាយ​ដើម្បី​ប្រទេស ជាជាង​ខឹង​គ្នា ជេរ​គ្នា ដូច​អ្នកនយោបាយ​ចាស់គំរិល​ធ្លាប់ធ្វើ​»​។​

​បើតាម​លោក សាម អ៊ី​ន គណបក្ស​លោក​នឹង​ធ្វើជា​គំរូ សម្រាប់​អ្នកនយោបាយ​ដទៃ តាមរយៈ​ការប្រើប្រាស់​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ,​កសាង​ជាតិ ,​ការពារជាតិ និង​សហ​ប្រតិ​ប្រតិបត្តិការ​អន្តរជាតិ​។ សម្រាប់​លោក សាម អ៊ី​ន គោលនយោបាយ​ទាំងនេះ នឹង​ជួយ​ឲ្យ​អ្នកនយោបាយ​ទាំងអស់ ឈប់​ស្អប់​គ្នា ឈប់​វាយប្រហារ​គ្នា ឈប់​ភ័យខ្លាច និង​មិន​ទុកចិត្ត​គ្នា ហើយ​ប្រកួត​គ្នា​ដោយ​ភាពយុត្តិធម៌ ដើម្បី​ផលប្រយោជន៍​ជាតិ​តែមួយ​។​



​បណ្ដុះ​គ្រាប់ពូជ​យុវជន​ល្អ និង​លើកកម្ពស់​ជីវភាព​កសិក​រ …

​យុវជន​គឺជា​ទំ​ពាំ​ស្នង​ឫស្សី សម្រាប់​ទ្រទ្រង់​ប្រទេសជាតិ​! នេះ​ជា​ពាក្យស្លោក​មួយ ដែល​លោក សាម អ៊ី​ន ចង់​ឲ្យ​អ្នកនយោបាយ​គ្រប់រូប ផ្ដល់​គំរូ​ភាពជា​មេដឹកនាំ​ល្អ សម្រាប់​យុវជន​ជំនាន់​ក្រោយ​។ គំរូ​ភាព ដែល​លោក សាម អ៊ី​ន ចង់ឃើញ​នោះ គឺ​ការប្រកួត​តាមបែប​វប្បធម៌​អធ្យាស្រ័យ និង​យោគយល់​គ្នា ហើយ​កុំ​ទាញ​យុវជន​ឲ្យ​ធ្លាក់​ទៅជា​កូនអុក​ផ្គាប់​មុខ ក្នុង​ល្បែង​នយោបាយ​របស់ខ្លួន ដែល​នាំ​ឲ្យ​ហា​និភ័យ​ដល់​ប្រទេសជាតិ​។ សម្រាប់​លោក សាម អ៊ី​ន ការផ្តល់​លទ្ធភាព​ឲ្យ​យុវជន​អភិវឌ្ឍន៍​ខ្លួន ក្នុង​វិស័យ​នយោបាយ ហើយ​បង្រៀន​ឲ្យ​ពួកគេ​ក្លាយជា​មេដឹកនាំ​ល្អ គឺជា​សកម្មភាព​ដែល​លោក​កំពុង​អនុវត្ត ។​

​និយាយ​ដោយ​កាយវិការ​មួយៗ ប្រកបដោយ​ភាព​ហ្មត់ចត់ អគ្គលេខាធិការ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​ផ្ដល់​វប្បធម៌​ថ្មី បែប​ផ្ដល់​ក្តីសង្ឃឹម​ដល់​យុវជន កុំ​ឲ្យ​យុវជន​ភ័យខ្លាច​នៅក្នុង​ការចូលរួម ក្នុង​ឆាកនយោបាយ ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​អ្នកដឹកនាំ​ល្អ ដើម្បី​ត្រៀមខ្លួន​ដឹកនាំ​ភូមិ ដឹកនាំ​ឃុំ ដឹកនាំ​ស្រុក ខេត្ត រាជធានី​ជាដើម​។ ឲ្យ​ពួកគេ​ក្លាយជា​បុគ្គល​ដឹកនាំ​ល្អ ជាជាង​គ្រាន់តែ​ដើរ​តាម​អ្នកនយោបាយ ហើយ​ធ្វើ​អ្វី​តាមតែ​អ្នកនយោបាយ​បញ្ជា​ពីលើ​មកលើ​រូបគេ​។ ដូច្នេះ​យើង​ចង់​ឲ្យ​មាន​អ្នកដឹកនាំ​ល្អជា​ច្រើន​»​។​

​ការដាក់​ទិសដៅ​បណ្ដុះ​គ្រាប់ពូជ​យុវជន​ល្អ គឺជា​រឿង​មួយ ប៉ុន្តែ​ការជួយ​ដោះស្រាយ​បញ្ហា​កសិករ ក៏​ជា​គោលបំណង​ដ៏​ធំ​របស់លោក សាម អ៊ី​ន ផងដែរ​។ ដ្បិត​ដំណើរ​ផ្លូវ​នៃ​ជ័យជម្នះ​ក្នុង​ឆាកនយោបាយ ហាក់​មាន​ភាពស្រពិចស្រពិល​ក្តី តែ​បណ្ឌិត​ពី​អាល្លឺម៉ង់​រូបនេះ បានកំណត់​ក្នុង​ចិត្ត​ថា ជីវភាព​កសិករ នឹងត្រូវ​ប្រសើរ​ឡើងជា​ង​នេះ នៅក្នុង​អាណត្តិ​ដែល​គណបក្ស​លោក អាចមាន​លទ្ធភាព​ដឹកនាំ ឬ​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​។ បើតាម​លោក សាម អ៊ី​ន បច្ចុប្បន្ននេះ​គណបក្ស​លោក បាន​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ជា​បណ្ដើរៗ​ច្រើន​ហើយ តាមរយៈ​ការចុះ​ជួយ​បង្រៀន​បច្ចេកទេស​ធ្វើ​ដំណាំ និង​ស្វែងរក​ទីផ្សារ​ឲ្យ​ពួកគេ​ជាដើម​។​

​ពី​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល មកជា​អ្នកនយោបាយ​

​កើត​នៅ​ឆ្នាំ ១៩៧២ កុមារ សាម អ៊ី​ន គឺជា​កូន​ទី​៦ ដែលមាន​ឪពុក​ជា​អ្នកជំនួញ និង​ម្ដាយ​ជា​កសិករ ក្នុង​ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ដោយសារ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចូល​ក្នុង​របប​ខ្មៅ​ងងឹត ប៉ុល ពត នៅ​ឆ្នាំ​១៩៧៥ គ្រួសារ​កុមារ សាម អ៊ី​ន ក៏​រងគ្រោះ​និង​រស់នៅក្នុង​ទុក្ខវេទនា ដូច​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែរ​។ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ គ្រួសារ​កុមារ សាម អ៊ី​ន បានមក​រស់នៅ​ភ្នំពេញ​។ ហើយ​កុមារ សាម អ៊ី​ន បាន​ចូល​សិក្សា​នៅ​សាលា​សន្ធរម៉ុក (១៩៨០ ដល់ ១៩៨៦) និង​ក្រោយមក​ផ្លាស់​ទៅ​រៀន​នៅ​សាលា​បាក់​ទូក (១៩៨៧ ដល់ ១៩៨៩) ដោយបាន​ជាប់​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ប្រចាំ​រដ្ឋធានី​ភ្នំពេញ​។​



​ដោយសារ​ជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​នេះ យុវជន សាម អ៊ី​ន បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយជ្រើសរើសផ្នែក​រុក្ខកម្ម ដែលជា​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ព្រៃឈើ នៅ​ឆ្នាំ ១៩៩០ ហើយក៏​បាន​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ដ្រេ​ស​ដិ​ន [University of Technology Dresden] នៅ​ឆ្នាំ​១៩៩៧ ។ ក្រោយ​បញ្ចប់​ការសិក្សា លោក​បាន​ត្រលប់មក​ស្រុក​ខ្មែរ និង​ធ្វើការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​អាល្លឺម៉ង់ GTZ បាន​រយៈពេល ១៨​ខែ ហើយក៏​ត្រលប់​ទៅ​បន្ត​ការសិក្សា​ចប់​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​ព្រៃឈើ​នៅ​អាល្លឺម៉ង់​វិញ​រហូតដល់​ឆ្នាំ ២០០២ មុននឹង​លោក យកចំណេះ​វិជ្ជា​ខ្លួន​មក​បម្រើ​ការងារ នៅ​អង្គការ​លូ​ថេ​រ៉ា​នប​ម្រើ​ពិភពលោក (Lutheran World Federation, LWF) ប្រចាំ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៣​។ ការងារ​មនុស្សធម៌ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ ព្រមទាំង​លើ​កម្ពស់​ការយល់ដឹង​អំពី​សិទ្ធិមនុស្ស គឺ​សុទ្ធតែជា​ភារកិច្ច ដែល​លោក សាម អ៊ី​ន បាន​អនុវត្ត​យ៉ាង​ល្អ រហូត​ថ្នាក់ដឹកនាំ បានផ្ដល់​តួនាទី​ឲ្យ​លោក សាម អ៊ី​ន ធ្វើជា​អនុប្រធាន​អង្គការ​ប្រចាំ​ប្រទេស​រហូតដល់​ឆ្នាំ ២០១០​។​

​នៅ​ឆ្នាំ​២០១១ អង្គការ​លូ​ថេ​រ៉ា​ន (Lutheran World Federation) បានប្ដូរទៅជា​អង្គការ​ក្នុងស្រុក​មានឈ្មោះ​ថា ជីវិត​ថ្លៃថ្នូរ (Life With Dignity, LWD) ប៉ុន្តែ​លោក សាម អ៊ី​ន នៅតែ​ត្រូវបាន​គេ​ជ្រើសរើស​ជា​នាយក​ប្រតិបត្តិ​អង្គការ​នេះ ដែល​ត្រូវ​បន្ត​បេសកកម្ម​ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅក្នុង​ខេត្ត​ចំនួន​បួន គឺ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និង​ពោធិ៍សាត់ ដែលមាន​ថវិកា​ចំណាយ​ប្រចាំឆ្នាំ ៥ លាន​ដុល្លារ​អាមេរិក​។ តាមរយៈ​ស្នាដៃ​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ​នេះ លោក សាម អ៊ី​ន បានទទួល​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​អាស៊ាន​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​ផ្តល់ជូន​ដោយ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ខែកក្កដា ឆ្នាំ​២០១៣ មុនពេល​ដែល​លោក ងាក​មក​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នៅ​ឆ្នាំ​២០១៤​។​

​ដើមឡើយ​លោក សាម អ៊ី​ន គ្រាន់តែ​ជា​អ្នកតាមដាន​បញ្ហានយោបាយ​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេល​លោក បាន​ផ្ដើម​ទំនាក់ទំនង​ជាមួយ​លោក យ៉េ​ង វីរៈ ដែល​កាលណោះ​ជានា​យក​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែលជា​ប្រធាន​អង្គការ​សេ​ដាក និង​លោក​បណ្ឌិត កែម ឡី​(​ស្លាប់​) នៅក្នុង​កិច្ចប្រជុំ​អង្គ​ការដែល​ធ្វើការ​លើ​រឿង​បោះឆ្នោត និង​ឃ្លាំមើល​សិទ្ធិមនុស្ស​នោះ លោក សាម អ៊ី​ន ក៏​កាន់តែ​ជាប់ចិត្ត​ខ្លាំង​ទៅលើ​កិច្ចការ​នយោបាយ​។ ពេលវេលា​សម្រេចចិត្ត​បោះបង់ចោល​ការងារ​ជា​នាយក​ប្រតិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ ដែលមាន​ប្រាក់ខែ​ជាង​៣​ពាន់​ដុល្លារ​បានមក​ដល់ សម្រាប់​លោក សាម អ៊ី​ន ដែល​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ និង​បន្ត​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយមាន​ការចូលរួម​ពី​ក្រុម​បណ្ឌិត​ពី​ក្រៅប្រទេស​ដូចគ្នា​។​



« ខ្ញុំ​ដឹងថា នៅពេលដែល​ខ្ញុំ​បំពេញការងារ​នៅ​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​អាចជួយ​មនុស្ស​បានតែ​កម្រិត​តូច​មួយ ។ ជាពិសេស​គឺ​តំបន់​ណា​ដែល​អង្គ​ការឈរជើង​នៅ​ទីនោះ គឺ​ប្រជាពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍​ត្រឹមតែ​កម្រិត​ហ្នឹង ហើយ​វា​មិន​ជួយ​ដល់​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​នយោបាយ អភិបាលកិច្ច​ល្អ​បានទេ​។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​គិតថា ដល់ពេល​វេលា​មួយ ដែល​យើង​ចង់​ប្រើប្រាស់​ជីវិតចុងក្រោយរ​បស់​ខ្ញុំ​នេះ ឲ្យ​មាន​ប្រយោជន៍​ជាង​ហ្នឹង ដោយ​ខ្ញុំ​គិតថា ផលប្រយោជន៍​ធំ​សម្រាប់​ជាតិ គឺ​ទីលាន​នយោបាយ​នេះឯង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាម អ៊ី​ន ដែលមាន​ក្តី​រំពឹងថា លោក នឹង​អាចបង្កើត​ឥទ្ធិពល​នយោបាយ​វិជ្ជមាន​នៅ​កម្ពុជា ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បែប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​បើទោះជា​ជីវិតចុងក្រោយ​នៅក្នុង​ឆាកនយោបាយ ជោគជ័យ ឬ​បរាជ័យ​ក្តី ក៏​លោក សាម អ៊ី​ន មិន​បោះបង់ចោល​ក្តីសង្ឃឹម ដែល​ចង់​សាបព្រោះ​វប្បធម៌​នយោបាយ​ទន់ភ្លន់​ឡើយ ដោយ​លោក​នឹង​ចំណាយពេល​ចងក្រង​គំនិត​ទាក់ទង​នឹង​ភាពជា​មេដឹកនាំ​ល្អ ដើម្បី​បង្រៀន​យុវជន និង​កម្មករ​ឲ្យ​ចេះ​អភិវឌ្ឍ​ខ្លួន ក្លាយទៅជា​អ្នកដឹកនាំ​ល្អ​នៅ​សង្គម ៕


Tag:
 សាម អ៊ី​ន​
  នយោបាយ​
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com