ជាតិ
នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ប្រាប់​វិធី​បង្ការ​គ្រោះ​ថា្នក់ ដោយសារ​ទឹកជំនន់​
19, Jul 2018 , 6:59 am        
រូបភាព
រូបភាពពី នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC
រូបភាពពី នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC
ដោយ:
​ភ្នំពេញ​៖ ភ្លៀង​ធា្ល​ក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​គ្របដណ្តប់​ដោយ​ទឹកជំនន់​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បានប្រកាស​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់ និង​បង្ការ​ជំងឺឆ្លង​ផ្សេងៗ ពី​ទឹកជំនន់​។



​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួន​ពេល​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង ហើយ​បណ្តាល​ឲ្យ​មាន​លិច​ទឹក​នៅតាម​មូលដ្ឋាន​នានា ដើម្បី​ចៀស​ផុតពី​ជំងឺ​រាតត្បាត​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែកក្កដា​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ណែនាំ​ពី​ការប្រុងប្រយ័ត្ន​ក្នុងអំឡុង​មាន​ទឹកជំនន់​។ វិធី​ទាំងនោះ​រួមមាន​៖ ពលរដ្ឋ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​, ត្រៀម​រក​ទួល​សុវត្ថិភាព​, កុំ​បើកបរ​លើទឹក​ជំនន់​, កុំ​ហែល​លេង​ទឹកជំនន់​(​ជៀសវាង​ការ​លង់ទឹក​), កុំ​ប្រើ​ដៃ​ផ្ទាល់​ទៅ​កាយ​កន្លែង​ទួល ឬ​ពុំនូក​នានា (​ជៀសវាង​ពស់​ចឹក​), ផ្តាច់​ចរន្តអគ្គិសនី និង​ដឹង​ពី​របៀប​ការពារ​កុំ​ឲ្យ​ឆក់​, ជាតិពុល​នានា ដាក់​ឲ្យ​ខ្ពស់​ពី​ទឹក​លិច ដើម្បី​ជៀសវាង​ពុល​ដល់​មនុស្ស និង​សត្វ​, ប្រើប្រាស់​ទឹកស្អាត និង​ផឹកទឹក​ឆ្អិន​ជានិច្ច​, ហើយ​ចំណីអាហារ​ត្រូវ​គ្រប​ឲ្យ​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ពី​ជំងឺរាគ​មួល​។



​ក្រៅពីនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង  ណែនាំ​បន្ថែមថា ពលរដ្ឋ​ត្រូវ​បង្ការ​ជំងឺឆ្លង​ផ្សេងៗ ដូចជា ជំងឺ​គ្រុនពោះវៀន​, អាសន្នរោគ​, ជំងឺ​ពុល​ចំណីអាហារ​, ជំងឺ​រលាក​ថ្លើម​ប្រភេទ​A, ជំងឺ​បណ្តាលមកពី​ព្រូន​, ជំងឺ​លិ​ប​តូ​, ជំងឺគ្រុនចាញ់​, ជំងឺ​ផ្តាសាយធំ​, ជំងឺ​រមាស់​ស្បែក និង​ជំងឺភ្នែកក្រហម​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង  បានប្រកាស​ទូរ​សព្ទ​លេខ ១១៥ ដើម្បី​ឲ្យ​ពលរដ្ឋ​ទាក់ទង​បន្ថែមទៀត​ជុំវិញ​បញ្ហា​ផ្សេងៗ ដែល​បាន​កើតឡើង​៕


Tag:
 CDC
  ជំងឺឆ្លង​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com