ក្រុមព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ(ទ័ព), ភ្នំពេញក្រោន, បឹងកេត, អង្គរថាយហ្គឺរ និងអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ បន្ទាប់ពីពួកគេយកឈ្នះគូប្រកួតរៀងៗខ្លួន នាជំនួបទាំងពីរជើង។ ចំណែកជំនួបរវាងណាហ្គាវើលជាមួយកំពត ដែលបានលើកពេលប្រកួតដោយសារភ្លៀង ណាហ្គាវើលបានទម្លាក់កំពត ឡើងទៅវគ្គ១/៤ជាមួយលទ្ធផល ៦-២។
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុមចំណូលថ្មីវិសាខា រងការខកចិត្ត បន្ទាប់ពីពួកគេបានទម្លាក់ក្រុមនេះត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ជ័យជម្នះសរុបទាំងពីរជើង ២-១ បានជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះកៅអីវគ្គ១/៤នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨។ នាជំនួបជើងទី១នៅកីឡដ្ឋានខេត្តស្វាយរៀង ម្ចាស់ផ្ទះស្វាយរៀងយកឈ្នះវិសាខា ១-០ ហើយពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា នៅកីឡដ្ឋានស្តាតចាស់។
ក្រុមក្រសួងការពារជាតិបានទម្លាក់ក្រុមអាស៊ីអឺរ៉ុបក្នុងវគ្គ១/៨ ដើម្បីឡើងទៅវគ្គ១/៤ជាមួយជ័យជម្នះសរុបទាំងពីរជើង ១០-២។ ក្នុងនោះ ទ័ពបានយកឈ្នះអាស៊ីអឺរ៉ុប ៣-១ លើទឹកដីខ្លួនឯងក្នុងជើងទី១ ហើយបានបន្តយកឈ្នះ ៧-១ នាជំនួបជើងទី២នៅលើទឹកដីអាស៊ីអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយយកឈ្នះវេស្ទើនភ្នំពេញ ៥-១ នាជំនួបជើងទី១ ហើយបន្តយកឈ្នះ ១-០ នាជំនួបជើងទី២នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជួយបឹងកេតឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៦-១។ ក្រោយយកឈ្នះសូលទីឡូអង្គរ ១-០ នាជំនួបជើងទី២ កាលពីថ្ងៃទី១៨ ខែកក្កដា ដោយបន្ថែមលើការបញ្ចប់លទ្ធផលស្មើ ២-២ ក្នុងជើងទី១ បានជួយឲ្យអង្គរថាយហ្គឺរឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៣-១។
ក្រុមអគ្គស្នងការនគរបាលជាតិបានឡើងវគ្គ១/៤ ក្រោយយកឈ្នះក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១។ ការឈ្នះកៅអីរបស់អគ្គស្នងការនគរបាលជាតិ បន្ទាប់ពីពួកគេយកឈ្នះគីរីវង់សុខសែនជ័យ ១-០ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា នៅកីឡដ្ឋានខេត្តតាកែវ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្នុងជើងទី១។
ជាមួយគ្នានេះ ក្រុមភ្នំពេញក្រោនបានទម្លាក់ក្រុមលេខ៣ឆ្នាំចាស់អគ្គិសនីកម្ពុជាត្រឹមវគ្គ១/៨ ដើម្បីឡើងទៅវគ្គ១/៤ ជាមួយជ័យជម្នះសរុបទាំងពីរជើង ៦-១។ នាជំនួបជើងទី១នៅកីឡដ្ឋានអគ្គិនសី ភ្នំពេញក្រោនបានយកឈ្នះម្ចាស់ផ្ទះ ២-១ ហើយបានបន្តយកឈ្នះ ៤-០ នាជំនួបជើងទី២កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើដីរបស់ខ្លួន។
សម្រាប់ជំនួបជើងទី២រវាងក្រុមណាហ្គាវើលជាមួយក្រុមកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ នាទីលាននៃវិទ្យាល័យព្រះរាជសម្ភារ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ តាមរយៈលទ្ធផលថ្ងៃនេះ ហើយបន្ថែមលើជ័យជម្នះ ៥-១ ក្នុងជើងទី១ បានជួយឲ្យណាហ្គាវើលឡើងទៅវគ្គ១/៤ ជាមួយលទ្ធផលសរុបទាំងពីរជើង ៦-២។ តាមពិតជំនួបរវាងក្រុមទាំងពីរគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា នាកីឡដ្ឋានខេត្តកំពត តែដោយសារភ្លៀងខ្លាំងពេកធ្វើឲ្យទីលានមិនអាចប្រកួតបាន ក៏ត្រូវបានលើកពេលមកប្រកួតនៅថ្ងៃនេះតែម្តង។
ដោយឡែក សម្រាប់ជំនួបរវាងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ជាមួយក្រុមកោះកុង នឹងប្រកួតជើងទី១ នៅថ្ងៃទី២២ ខែកក្កដា និងជើងទី២ធ្វើនៅថ្ងៃទី២៨ ខែកក្កដា៕