ជាតិ
បោះឆ្នោត
គ​.​ជ​.​ប. នឹង​លើក​ថ្ងៃ​បោះឆ្នោត​នៅ​មណ្ឌល​ណា ដែលមាន​ទឹក​ជន់​លិច​ខ្លាំង​
19, Jul 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៩ កក្កដា​នេះ តំបន់​មួយចំនួន កំពុង​ជួប​ជំនន់​ទឹកភ្លៀង ស្របពេល​ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) កំពុង​តាមដាន​បញ្ហា​ទឹកជំនន់​នេះ ដើម្បី​ត្រៀម​សម្រួល​ស្ថានការណ៍ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​។​

 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា បាន​និយាយថា ក្នុងករណី​ដែលមាន​ជំនន់​ទឹកភ្លៀង​លិចលង់​នៅ​ការិយាល័យ​ណាមួយ​នោះ គ​.​ជ​.​ប នឹង​ប្ដូរ​ទីតាំង​ការិយាល័យ​នោះ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដើម្បី​ដំណើរការ​បោះឆ្នោត​ជាធម្មតា​។ ប៉ុន្តែ​បើ​នៅក្នុង​ឃុំ​/​សង្កាត់ ឬ​មណ្ឌល​ណាមួយ ត្រូវ​លិចលង់​ទាំងស្រុង គ​.​ជ​.​ប. នឹង​សម្រេច​ពន្យារ​ថ្ងៃ​បោះឆ្នោត​របស់​ការិយាល័យ​ទាំងនោះ ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។​
 
​បើទោះជា​ស្ថានភាព​ទឹកជំនន់​មានការ​កើនឡើង​ក្ដី តែ​នៅ​មិនទាន់មាន​ការិយាល័យ ឬ​មណ្ឌល​ណាមួយ​ត្រូវបាន​លិចលង់​ទាំងស្រុង​នោះទេ​។ ដូច្នេះហើយ គ​.​ជ​.​ប. ជឿជាក់ថា ទឹក​អាច​ស្រក​ចុះ​វិញ​នៅមុន​ថ្ងៃ​បោះឆ្នោត ។ 
 
​ចំពោះ​សន្លឹកឆ្នោត ក៏ដូចជា​សម្ភារ​ផ្សេងៗ​ដែល​ប្រើប្រាស់​ឲ្យ​ការបោះឆ្នោត នឹងត្រូវ​ធានា​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់បំផុត​។ លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​៖ «​សុវត្ថិភាព​ធានាបាន សូម្បីតែ​ហិប​ឆ្នោត សន្លឹកឆ្នោត គឺ​យើង​មាន​បណ្ដាក់​នៅ​គ្រប់កន្លែង​ទាំងអស់​។ នេះហើយ​ដែល​គេ​បោះ​សន្លឹកឆ្នោតច្រើន និង​ទឹកខ្មៅ​លើស​គឺ​វា​បង្ការ​បែប​នេះឯង​»​។​
 
​ម្យ៉ាងវិញទៀត នៅតាម​ការិយាល័យ​ទាំងអស់ ក៏មាន​តំណាង​គណបក្ស​នីមួយៗ​ចូលរួម​អង្កេត​ការ ។​តំណាង​គណបក្ស​ទាំងនោះ ក៏មាន​សិទ្ធិ​ស្នើសុំ​មក គ​.​ជ​.​ប. ដើម្បី​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្ដែង ដែល​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅ​បានល្អ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហង្ស ពុទ្ធា ។​
 
​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹងត្រូវ​ធ្វើឡើង​តាម​ការកំណត់​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ការបោះឆ្នោត​នេះ មាន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ចំនួន​៨,៣៨០,២១៧​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២២,៩៦៧​ការិយាល័យ​៕

Tag:
 បោះឆ្នោត​
 ​ គ​.​ជ​.​ប​
 ​ ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com