អន្តរជាតិ
ព្រះមហាក្សត្រ​ថៃ អញ្ជើញ​ក្រុម​អ្នក​ជួយសង្គ្រោះ​កុមារ​ពី​រូងភ្នំ ជប់លៀង​ដើម្បី​អរគុណ​
20, Jul 2018 , 8:59 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែកក្កដា ថា​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn នឹង​រៀបចំ​ពិធីជប់លៀង និង​មានការ​សម្តែង​លើ​ឆាក​ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​ក្រុម​កីឡាករ​បាល់ទាត់​យុវជន​ទាំង​១២​នាក់ រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់ ឲ្យ​ចេញ​ផុតពី​ក្រុង​រូងភ្នំ Tham Luang ក្នុងស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។



​បើតាម​ការផ្សាយ​របស់​កាសែត The Nation លោក ប្រា​យុទ្ធ បន្តថា​ពិធី​សំខាន់ៗ​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​បាងកក​រួម​ជាមួយនឹង​ព្រឹត្តិការណ៍​តូចៗ​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ សម្រាប់​អ្នកចូលរួម​ដែល​មិនអាច​ធ្វើដំណើរ​ទៅ​រដ្ឋធានី​បាន​។ 
 
​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​បញ្ជាក់ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅឯ​សាល Impact Muangthong Thani ដែរ​ថា​កីឡា​ករទាំង ១៣​នាក់ នឹង​ផ្តល់​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី Thailand Moves Forward នៅ​ថ្ងៃទី​១៨ ខែកក្កដា​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ក្រុម​អ្នករុករក​បាន​ចំណាយពេល​១៨​ថ្ងៃ​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ សមាជិក​ក្រុមកីឡា​បាល់ទាត់ Wild Boars ចំនួន​១២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ រួមទាំង​គ្រូបង្វឹក​ម្នាក់​វ័យ​២៥​ឆ្នាំ បាន​ចាក​ចេញពី​ក្នុង​រូងភ្នំ Tham Luang ដោយ​សុវត្ថិភាព​ទាំងអស់គ្នា ក្រោយ​ជាប់​នៅក្នុង​នោះ​កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ មក​៕

Tag:
 ​ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Laung
© រក្សាសិទ្ធិដោយ thmeythmey.com