ជាតិ
ខេត្ត​ចំនួន​៧ រងគ្រោះ​ជំនន់​ទឹកភ្លៀង​ខ្លាំង​
20, Jul 2018 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ភ្លៀង​ខ្លាំង ជិត​មួយ​សប្ដាហ៍​នេះ បានធ្វើ​ឲ្យ​ខេត្ត​ចំនួន​៧ ទទួលរង​គ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)។



ទីភ្នាក់ងារសារព័ត៌មានជាតិ បានឲ្យដឹងថា ​ខេត្ត​ទាំង​៧ ដែល​កំពុង​រងគ្រោះ​នោះ រួមមាន ខេត្តកោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និង​ខេត្តកំពង់ស្ពឺ​។ ក្នុងនោះ​ខេត្តកំពង់ស្ពឺ​រង​ប៉ះពាល់​ខ្លាំងជាងគេ ពិសេស​នៅ​ស្រុក​ភ្នំស្រួច មាន​ឃុំ​៨ រង​ផលប៉ះពាល់ ដែលមាន​ប្រជាជន​២៣០​គ្រួសារ​រងគ្រោះ ស្រូវ​១.១៥៧​ហិកតា និង​ចំការ​ស្វាយ​២៣២​ហិកតា​រង​ការលិចលង់​។​

​ចំពោះ​ខេត្ត​ព្រះសីហនុ រងគ្រោះ​ខ្លាំង​នៅត្រង់​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា​។ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ទឹក​លិច​ថ្នល់ជាតិ​លេខ​៤ ប្រវែង​ប្រមាណ ៩០០​ម៉ែត្រ មាន​កម្ពស់​ទឹក​១,៧០​ម៉ែត្រ​។ ខេត្តកំពត មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅតាម​ផ្លូវជាតិ​លេខ​៣ និង​លេខ​៤១ ទឹក​ជន់​លិច​ពេញ​តាម​ដងផ្លូវ​។ គិត​ត្រឹម​ម៉ោង ៧​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា រដ្ឋបាល​ខេត្តកំពត បានប្រកាស​អាសន្ន​នូវ​គ្រោះទឹកជំនន់​ក្នុងភូមិ​អណ្តូង​ជី ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ទឹក​ឡើងដល់​កម្ពស់ ៨,២​ម៉ែត្រ​។ នេះបើតាម ​AKPដដែល។


 
AKP បានបន្តថា ​ខេត្តបាត់ដំបង មានស្រុក​មួយចំនួនរ​ង​គ្រោះ ដូចជា​ស្រុក​សំឡូត លិច​ភូមិ​ចំនួន​៤ និង​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ព្រែក​នរិន្ទ ឃុំ​ព្រែក​ខ្ពប និង​ឃុំ​ព្រែក​ហ្លួង​។ ជំនន់​ទឹក​នេះ បានធ្វើ​ឲ្យ​ស្រូវ​កំពុង​ហាល​ផ្កា​៥០​ហិកតា ខូចខាត​ទាំងស្រុង និង​ប្រឈម​ខូចខាត​ជាង​១,០០០​ហិកតា និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ ១០៩​ខ្នង នៅ​ស្រុក​ឯក​ភ្នំ​។ កម្ពស់​ទឹក​នៅ​ទំនប់​សេក​សក និង​ទឹក​ទំនប់​គ​ង្ហ​ត កំពុងមាន​ការព្រួយបារម្ភ ។ ចំណែក​ស្ពាន​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង​មាន​ប្រេះ​ដី​នៅ​គល់ស្ពាន និង​មាន​ការបាក់​ច្រាំង​ស្ទឹង​សង្កែ​ប្រមាណ​១០០​ម៉ែត្រ​។​

​ដោយឡែក​ខេត្តកោះកុង មាន​ឃុំ​៥ ក្នុងស្រុក​ចំនួន​៤ រង​ការ​លិច​លង មាន​ប្រជាជន​ប្រមាណ ៥៥១​គ្រួសារ​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ខេត្ត​ប៉ៃលិន មាន​ភ្លៀង​ធ្លាក់​ច្រើន ស្ទឹង អូរ ព្រែក មានទឹក​ពេញ​ទាំងអស់ ដោយសារ​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ (​ខេត្ត​ត្រាត​)​។ ចំណែក​ខេត្ត​កែប ស្ថានការណ៍​ទឹកភ្លៀង​អាច​គ្រប់គ្រង​បាន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)៕


Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com